បន្ទាប់ពីមានការទទួលស្គាល់ម្តងហើយម្តងទៀត អំពីការរីកលូតលាស់យ៉ាងឆាប់រហ័សខាងវិស័យសេដ្ឋកិច្ច ទាំងក្នុងតំបន់អឺរ៉ុប និងជាពិសេសក្នុងតបន់អាស៊ី ក៏ដូចជាតម្រូវការដើម្បីបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ឱ្យកាន់តែរឹងមាំរវាងតំបន់ទាំងពីរនោះ ប្រទេសបារាំង និងសិង្ហបុរី ដែលជាស្ថាបនិកដំបូងនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (Asia-Europe Meeting-ASEM) បានពិភាក្សាគ្នានៅខែវិច្ឆិកា ឆ្នាំ១៩៩៤ និងបានស្នើឱ្យបង្កើតឡើងនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ពីរឆ្នាំក្រោយមក កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១ ត្រូវបានប្រារព្ធធ្វើទ្បើងនៅខែមីនា ឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្នុងនាមជាវេទិកាពិសេស និងក្រៅផ្លូវការតែមួយគត់សំរាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្តានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប កិច្ចប្រជុំអាស៊ី-អឺរ៉ុបមានគោលបំណងពង្រឹងភាពជាដៃគូ លើកកម្ពស់សន្តិភាព និងសន្តិសុខ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយចីរភាព ដោយផ្តោតសំខាន់លើសរសរស្តម្ភបី៖ នយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសង្គម វប្បធម៌ និងការអប់រំ។
បច្ចុប្បន្ន កិច្ចប្រជុំអាស៊ី-អឺរ៉ុប មានដៃគូសរុបចំនួន ៥៣ ដែលរួមមាន៖ ប្រទេសក្នុងតំបន់អាស៊ី ចំនួន២១(រួមទាំងសមាជិកអាស៊ានទាំង១០) ប្រទេសក្នុងតំបន់អឺរ៉ុបចំនួន៣០ ដែលក្នុងនោះមានប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបចំនួន២៧ និងប្រទេសដែលមិនមែនជាសមាជិកអឺរ៉ុបចំនួន៣ (អង់គ្លេស ន័រវែស និងស្វីស), លេខាធិការដ្ឋានអាស៊ាន, និងគណៈកម្មការសហភាពអឺរ៉ុប។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៥ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៤ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
ដៃគូរបស់ ASEM ជាតំណាងឱ្យ៖
កិច្ចប្រជុំអាស៊ី-អឺរ៉ុបមិនមានលេខាធិការដ្ឋានអចិន្ត្រៃយ៍នោះទេ។ រដ្ឋមន្រ្តីក្រសួងការបរទេស និងឧត្តមមន្រ្តី មានតួនាទីជាអ្នកទទួលខុសត្រូវសម្របសម្រួលកិច្ចការទូទៅសម្រាប់ដំណើរការនៃកិច្ចប្រជុំនេះ។ ទោះយ៉ាងណាក៏ដោយ ដំណើរការនេះក៏ត្រូវបានទទួលជំនួយពីក្រុមអ្នកសម្របសម្រួលក្រៅផ្លូវការចំនួនពីរ ដែលក្នុងនោះមាន៖ ក្រុមមកពីតំបន់អាស៊ី(មួយមកពីអាស៊ាន និងមួយទៀតមកពី ភាគឦសាន្ត និងអាស៊ីខាងត្បូង-ដែលគេស្គាល់ថា NESA) និងក្រុមមកពីតំបន់អឺរ៉ុប (ដែលក្នុងនោះមានមន្ទីរការបរទេសអឺរ៉ុប ដែលហៅកាត់ថា EEAS ជាអ្នកសម្របសម្រួលអចិន្រៃ្តយ៍ និងប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប)។
ដំណើរការនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប កំពុងវិវឌ្ឍទៅមុខតាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ដូចខាងក្រោម៖
កិច្ចប្រជុំកំពូល៖ មានការចូលរួមពី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប និង អាស៊ី ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំកំពូលនេះ ត្រូវបានប្រើប្រាស់ជាវេទិកាសម្រាប់ការធ្វើសេចក្ដីសម្រេចកម្រិតកំពូល ក្នុងដំណើរការនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលត្រូវបានរៀបចំទ្បើងរយៈពេលពីរឆ្នាំម្តង ដោយឆ្លាស់គ្នាម្តងម្នាក់រវាងតំបន់អាស៊ី និងអឺរ៉ុបដើម្បីធ្វើជាម្ចាស់ផ្ទះ។ មកដល់ពេលនេះ កិច្ចប្រជុំកំពូលត្រូវបានធ្វើឡើងចំនួន ១២ ដងរួចមក ហើយ ហើយកិច្ចប្រជុំកំពូលលើទី១៣ខាងមុខ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំកំពូលទាំងអស់កន្លងទៅត្រូវបានប្រារព្ធធ្វើឡើងដូចខាងក្រោម៖
១.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១ នៅទីក្រុងបាងកក ក្នុងប្រទេសថៃ នាថ្ងៃទី១-២ ខែមីនា ឆ្នាំ១៩៩៦;
២.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី២ នៅទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស នាថ្ងៃទី២-៤ មេសា ឆ្នាំ១៩៩៨;
៣.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៣ នៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២០-២១ តុលា ឆ្នាំ២០០០;
៤.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤ នៅទីក្រុងកូប៉ិនហាក នៃប្រទេសដាណឺម៉ាក នាថ្ងៃទី២៣-២៤ កញ្ញា ឆ្នាំ២០០២;
៥.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៥ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម នាថ្ងៃទី៨-៩ តុលា ឆ្នាំ២០០៤;
៦.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៦ នៅទីក្រុងហែលស៊ិនគី នៃប្រទេសហ្វាំងឡង់ នាថ្ងៃទី១០-១១ កញ្ញា ឆ្នាំ២០០៦;
៧.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៧ នៅទីក្រុងប៉េកាំង នៃប្រទេសចិន នាថ្ងៃទី២៤-២៥ តុលា ឆ្នាំ២០០៨;
៨.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៨ នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក នាថ្ងៃទី៤-៥ តុលា ឆ្នាំ២០១០;
៩.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៩ នៅទីក្រុងវៀងចន្ទ នៃប្រទេសឡាវ នាថ្ងៃទី៥-៦ វិច្ឆិកា ឆ្នាំ២០១២;
១០.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១០ នៅទីក្រុងមីឡង់ នៃប្រទេសអ៊ីតាលី នាថ្ងៃទី១៦-១៧ តុលា ឆ្នាំ២០១៤;
១១.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ នៃប្រទេសម៉ុងហ្គោលី នាថ្ងៃទី១៥-១៦ កក្កដា ឆ្នាំ២០១៦;
១២.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក នាថ្ងៃទី១៨-១៩ តុលា ឆ្នាំ២០១៨ និង
១៣.កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នាថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២១។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស៖ មានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ព្រមទាំងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៃសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។ បណ្តារដ្ឋមន្ត្រីនៃសមាជិកទាំងអស់មានតួនាទីក្នុងការសម្របសម្រួលកិច្ចការទូទៅក្នុងដំណើរការកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងជាកម្លាំងជំរុញសម្រាប់កិច្ចសន្ទនាផ្នែកនយោបាយរបស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ត្រូវបានធ្វើឡើង ក្នុងចន្លោះពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ រហូតមកដល់ពេលនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប បានប្រារព្ធធ្វើឡើងមានចំនួន ១៤ ដងរួចទៅមកហើយ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទាំងអស់ត្រូវបានប្រារព្ធធ្វើឡើងដូចខាងក្រោម៖
១.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី១ នៅទីក្រុងសិង្ហបុរី នៃប្រទេសសិង្ហបុរី នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៧
២.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី២ នៅទីក្រុងបែរឡាំង នៃប្រទេសអាល្លឺម៉ង់ នាថ្ងៃទី១៩ ខែមិនា ឆ្នាំ១៩៩៩
៣.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី៣ នៅទីក្រុងប៉េងកាំង នៃប្រទេសចិន នាថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០០១
៤.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី៤ នៅទីក្រុងម៉ាឌ្រីត នៃប្រទេសអេស្ប៉ាញ នាថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០០២
៥.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី៥ នៅទីក្រុងប៉ាលី នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០០៣
៦.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី៦ នៅទីក្រុងគីលដារ៉េ នៃប្រទេសអៀរឡង់ នាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០០៤
៧.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី៧ នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន នាថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០០៥
៨.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី៨ នៅទីក្រុងហាំហឹហ្គ នៃប្រទេសអាល្លឺម៉ង់ នាថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០០៧
៩.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី៩ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម នាថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០០៩
១០.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី១០ នៅទីក្រុងប៊ុយដាប៉ែស នៃប្រទេសហុងគ្រី នាថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០១១
១១.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី១១ នៅទីក្រុងញ៉ូវដេលី នៃប្រទេសឥណ្ឌា នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៣
១២.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងលុចសំបួ នៃប្រទេសលុចសំបួ នាថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៥
១៣.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី១៣ នៅទីក្រុងណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៧
១៤.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី១៤ នៅទីក្រុងម៉ាឌ្រីត នៃប្រទេសអេស្ប៉ាញ នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៩។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីផ្សេងៗ៖ រួមមានរដ្ឋមន្រ្តីសេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន វប្បធម៌ ដឹកជញ្ជូន ការងារ អប់រំ បានជួបប្រជុំយ៉ាងទៀងទាត់ ដើម្បីពិភាក្សាលើបញ្ហាពាក់ព័ន្ធរួមនានា។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផ្សេងៗនេះ មិនបានធ្វើឡើងយ៉ាងទៀងទាត់ឡើយ ដោយសារវាផ្តោតសំខាន់តែលើបញ្ហា និងវិស័យពិសេសៗនានា ដែលមិនមាននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ។
កិច្ចប្រជុំឧត្តមមន្ដ្រី៖ បានប្រមូលផ្តុំមន្ដ្រីជាន់ខ្ពស់ពីក្រសួងការបរទេសរបស់ប្រទេសជាដៃគូនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ ដើម្បីសម្របសម្រួលដំណើរការទូទៅនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ។ ជាងនេះទៅទៀត កិច្ចប្រជុំនេះក៏មានកិច្ចប្រជុំឧត្តមមន្ដ្រីតាមវិស័យ ដែលត្រូវបានធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ដ្រីនានាផងដែរ។
កិច្ចសន្ទនាជាប្រចាំ៖ មានដូចជា កិច្ចប្រជុំរបស់អគ្គនាយកដ្ឋានគយ សន្និសីទរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សិក្ខាសាលាក្រៅផ្លូវការស្ដីពីសិទ្ធិមនុស្ស សន្និសីទរបស់សាកលវិទ្យាធិការ កិច្ចប្រជុំរបស់អភិបាលខេត្តក្រុង និងសកម្មភាពកិច្ចសន្ទនាសំខាន់នានាផ្សេងទៀតរួមមាន៖ ការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាពនុយក្លេអ៊ែរ ការកាត់បន្ថយគ្រោះមហន្តរាយ ជីវចំរុះ យុវជន ការងារ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
សកម្មភាព និងគំនិតផ្ដួចផ្ដើមនានា៖ ត្រូវបានរៀបចំដោយដៃគូនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដើម្បីពិភាក្សាទៅលើបញ្ហានានា ដែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍រួម។
សម្រាប់ព័ត៌មានបន្ថែមស្តីពីកិច្ចប្រជុំអាស៊ីអឺរ៉ុបនេះ គេអាចស្វែងរកបាននៅលើគេហទំព័ររបស់ ASEM InfoBoard៖ (http://www.aseminfoboard.org/)
មកដល់ពេលនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុបបានបង្កើតវិស័យជាក់លាក់ចំនួន ២០ សម្រាប់កិច្ចសហប្រតិបត្តិការ ដូចខាងក្រោម៖
១- ការកាត់បន្ថយ និងការគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងសមត្ថភាពសង្គ្រោះ និងស្រោចស្រង់អាយុជីវិត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងបច្ចេកទេស និងឧបករណ៍សង្គ្រោះ
២-ការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព នវានុវត្តន៍ក្នុងការគ្រប់គ្រងទឹក និងកាកសំណល់
៣- កិច្ចសហប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យម
៤- ថាមពលកកើតឡើងវិញ៖ ការកាត់បន្ថយ ការបន្សុំា នវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ និង បច្ចេកវិទ្យា។
៥- បច្ចេកវិទ្យាអំពីប្រសិទ្ធភាពថាមពល
៦- ឧត្តមសិក្សា
៧- ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនានា
៨- បញ្ហាសុវត្ថិភាពចំណីអាហារ ដែលរួមមានការបណ្តុះបណ្តាលកសិករ
៩- ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស
១០-ការគ្រប់គ្រងកាកសំណល់៖ ការប្រើប្រាស់វត្ថុធាតុដើមឱ្យកាន់តែមានប្រសិទ្ធភាព តួនាទីសំខាន់នៃការគ្រប់គ្រងកាកសំណល់ក្នុងវិស័យសេដ្ឋកិច្ច គឺផ្តោតលើការប្រែក្លាយកាកសំណល់ឱ្យទៅជាថាមពល ការប្រើប្រាស់ឡើងវិញ និង គំរូនៃការកែច្នៃឡើងវិញប្រកបដោយប្រសិទ្ធភាព
១១- ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ/ការចូលរួមពីវិស័យឯកជន
១២- ការកាត់បន្ថយភាពក្រីក្រ
១៣- ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
១៤- ព័ត៌មានវិទ្យា/ការតភ្ជាប់ចំណេះដឹង
១៥- ភស្តុភារកម្ម និងការដឹកជញ្ជូន
១៦- បច្ចេកវិទ្យាសម្រាប់ការវិនិច្ឆ័យ
១៧- ការលើកកម្ពស់វិស័យទេសចរណ៍
១៨- ការផ្តល់សិទ្ធិអំណាចជូនស្រ្តី
១៩- សុវត្ថិភាពនុយក្លេអ៊ែរ
២០- កិច្ចសហប្រតិបត្តិការរបស់យុវជន។
មូលនិធិអាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងដោយកិច្ចប្រជុំអាស៊ី-អឹរ៉ុប ដើម្បីលើកកម្ពស់ការយល់ដឹង និងការផ្សាព្វផ្សាយឱ្យកាន់តែស៊ីជម្រៅជាសាធារណៈ។ មូលនិធិនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៧ នៅក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ី-អឺរ៉ុប លើកទី ១ (FMM1)។ លើសពីនេះ វាជាស្ថាប័នអចិន្រ្តៃយ៍តែមួយគត់របស់ ASEM។ ASEF បង្កើតឡើង ក្នុងគោលបំណងលើកម្ពស់ការយល់ដឹងលើវិស័យវប្បធម៌ ពង្រឹងទំនាក់ទំនង ក៏ដូចជា សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រជាជន ស្ថាប័ន និងអង្គការនានារវាងតំបន់អាស៊ី និងអឺរ៉ុប។ មូលនិធិអាស៊ី-អឺរ៉ុប ទទួលបានវិភាគទាន ហិរញ្ញវត្ថុពីសមាជិកទាំងអស់ជារៀងរាល់ឆ្នាំដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងមូលនិធិអាស៊ី-អឺរ៉ុប សូមចូលទៅកាន់គេហទំព័រ www.asef.org ។
ជាដំបូង កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ បានផ្តល់ជាវេទិកាយ៉ាងល្អសម្រាប់កម្ពុជាដើម្បីលើកកម្ពស់មុខមាត់ទៅលើឆាកអន្តរជាតិ។បន្ទាប់មក កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ ក៏បានផ្តល់ឱកាស ដើម្បីពង្រឹងកិច្ចប្រតិបត្តិការទ្វេភាគីជាមួយសមាជិកដទៃៗទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងការជំរុញវិស័យជាក់លាក់នានានៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលរួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។ លើសពីនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាទាំងវិស័យឯកជន និងសាធារណៈ។ ហើយ ការតភ្ជាប់របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាយន្តការប្រកបដោយភាពរស់រវើកមួយសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសរវាងតំបន់អាស៊ី និងអឺរ៉ុប ដែលមានការតភ្ជាប់គ្នាទៅវិញទៅមកកាន់តែច្រើនទ្បើងៗ។
ក្នុងនាមជាសមាជិកនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ កម្ពុជាបានផ្តល់វិភាគទានជារៀងរាល់ឆ្នាំចំនួន ១០.០០០ ដុល្លារសហរដ្ឋអាមេរិកដល់មូលនិធិអាស៊ី-អឺរ៉ុប តាំងពីឆ្នាំ២០០៥មក។ កម្ពុជាតែងតែចូលរួមក្នុងដំណើរការរបស់មូលនិធិអាស៊ី-អឺរ៉ុប ដោយបានចាត់តាំងប្រតិភូទៅចូលរួមរាល់គំរោងដែលទាក់ទងនឹងមូលនិធិអាស៊ី-អឺរ៉ុប។ ក្នុងនោះដែរ កិច្ចសហប្រតិបត្តិការជាមួយមូលនិធិអាស៊ី-អឺរ៉ុប កម្ពុជាបានប្រារព្ធធ្វើវគ្គបណ្តុះបណ្តាលការទូតសារធាណៈដោយផ្ទាល់(Face-to-Face) កាលពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងតំបន់អាស៊ី-អឺរ៉ុបមានភាពប្រសើរឡើងតាមរយៈការលើកកម្ពស់វិស័យការទូតក្នុងចំណោមសមាជិករបស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប។
នាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី ASEM កម្ពុជាក៏បានប្រារព្ធពិធីអបអរសាទរ ASEM DAY យ៉ាងអាធិកអាធមជាងមុន កាលពីថ្ងៃទី១០ ខែមីនាក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កម្មវិធីនេះមានការតាំងពិព័រណ៍ស្តង់នៃព្រឹត្តិការណ៍អមទាំងអស់ និងដៃគូពាក់ព័ន្ធរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ អមជាមួយការប្រគុំតន្ត្រីពិសេស ដែលមានមានអ្នកចូលរួម គ្រប់ជាន់ថ្នាក់ រួមមាន មន្រ្តីជាន់ខ្ពស់ អ្នកការទូតបរទេសនានានៅកម្ពុជា អ្នកសិល្បៈ និងសាធារណៈជនរាប់ពាន់នាក់។ ជាពិសេសកម្មវិធីនេះ ក៏ជាការបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ផងដែរ។
កម្ពុជាពិតជាមានមោទនៈភាពក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ី-អឹរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ “ការលើកកម្ពស់ពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អមចំនួន ៨ នឹងត្រូវដាក់រៀបចំឡើងមុនពេល និងភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ។ ក្នុងនោះដែរ ដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលនេះ គណៈកម្មាធិការជាតិមួយត្រូវបានបង្កើតឡើងដោយមានលេខាធិការដ្ឋាន និងអនុគណៈកម្មាធិការចំនួន ៦ ដើម្បីត្រួតពិនិត្យលំហូរការងាររៀងៗខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://asem13.mfaic.gov.kh/