ក្រោយសោកនាដកម្ម នៃសង្រ្គាមលោកលើកទី១ និងទី២ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៥ ក្នុងគោលបំណងស្តារឡើងវិញ និងរក្សានូវសន្តិភាព និងសន្តិសុខអន្តរជាតិ។ គោលបំណង និងគោលការណ៍របស់អង្គការសហប្រជាតិ ត្រូវបានចែងនៅក្នុងមាត្រាទី១ និងទី២ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិគឺជា អង្គការអន្តរជាតិមួយដែលបច្ចុប្បន្នមានប្រទេសសមាជិកចំនួន ១៩៣។ កម្ពុជា បានចូលជាសមាជិកនៃអង្គការនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។
អស់រយៈកាល ៧០ឆ្នាំមកហើយ ដែលអង្គការសហប្រជាជាតិបានដើរជួរមុខ ជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក ដោយឈរលើសរសរស្តម្ភ៣គឺ បញ្ហាសិទ្ធិមនុស្ស សន្តិភាព និងសន្តិសុខ និងការអភិវឌ្ឃ។ កម្ពុជាផ្តល់សារៈសំខាន់ទៅលើសរសរស្តម្ភទាំងបីនេះ។
អង្គភាពសំខាន់ៗនៃអង្គការសហប្រជាជាតិមានដូចជា មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ក្រុមប្រឹក្សាភិបាល តុលាការយុត្តិធម៌អន្តរជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
មហាសន្និបាត នៃអង្គការសហប្រជាជាតិមានគណៈកម្មាធិការចម្បង ដូចតទៅ៖
■ គណៈកម្មាធិការទី១៖ (ពិភាក្សាលើបញ្ហាការកាត់បន្ថយអាវុធ និងសន្តិសុខអន្តរជាតិ)
■ គណៈកម្មាធិការទី២៖ (ពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
■ គណៈកម្មាធិការទី៣៖ (ពិភាក្សាលើបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌)
■ គណៈកម្មាធិការទី៤៖ (ពិភាក្សាលើបញ្ហានយោបាយពិសេស និងការទាមទារឯករាជ្យ)
■ គណៈកម្មាធិការទី៥៖ (ពិភាក្សាលើបញ្ហាការងាររដ្ឋបាល និងថវិកា)
■ គណៈកម្មាធិការទី៦៖ (ពិភាក្សាលើបញ្ហាគតិយុត្ត)
ក្រៅពីលើកកម្ពស់របៀបវារៈអភិវឌ្ឍន៍ អង្គការសហប្រជាជាតិគឺជាកំលាំងសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលយើងជួបប្រទះ ដើម្បីជាប្រយោជន៍រួមរបស់មនុស្សលោក ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ។
លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ជាអគ្គលេខាធិការទី៩ នៃអង្គការសហប្រជាជាតិ ដែលកំពុងកាន់តំណែងរយៈពេល៥ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។
កម្ពុជាផ្តល់សារៈសំខាន់លើទំនាក់ទំនងពហុភាគីតាមរយៈក្របខ័ណ្ឌនៃអង្គការតំបន់ និងអង្គការអន្តរជាតិដែលប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង។
កម្ពុជាផ្តល់សារៈសំខាន់ចំពោះ ការអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព នៃគោលដៅអភិវឌ្ឍដោយចីរភាពដែលអនុម័តដោយអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយនឹងគោដៅ បញ្ឈប់ភាពក្រីក្រ ការពារភពផែនដី និងធានាវិបុលភាពសម្រាប់ទាំងអស់គ្នា ដែលជាផ្នែកថ្មីមួយនៃរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាព។ កម្ពុជាចាត់ទុករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាពេលវេលាប្រវត្ដិសាស្ដ្រមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនទាំងមូលព្រោះថា ប្រធានបទនេះបានបញ្ជាក់យ៉ាងច្បាស់ថាមិនទុកនរណាម្នាក់ចោលនោះឡើយ។
កម្ពុជាទទួលស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) រឺហៅខ្លីថាគោលដៅពិភពលោក គឺ កសាងភាពជោគជ័យបន្តពីគោលដៅការអភិវឌ្ឍសហស្សវត្សរ៍ (MDGs) និងមានគោលបំណងដើម្បីបញ្ឈប់ភាពក្រីក្រគ្រប់បែបយ៉ាង។ កម្ពុជាមានកិត្តិយសសូមប្រកាសដោយមោទនៈភាពអំពីការសម្រេចបាននូវ គោលដៅការអភិវឌ្ឍសហស្សវត្សរ៍ (MDGs) នាពេលកន្លងមក។
សំខាន់ជាងនេះទៅទៀត ដោយកម្ពុជាធ្លាប់បានទទួលកងកម្លាំងថែរក្សាសន្តិភាព ក្នុងអំឡុងពេលអាជ្ញាធរអន្តរកាលនៃប្រទេសកម្ពុជា (UNTAC) នៅឆ្នាំ១៩៩៣ បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាតិ ទៅបម្រើនៅក្នុងបណ្តាប្រទេសមានជំលោះមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីប៊ី ស៊ីប ម៉ាលី និងប្រទេសផ្សេងៗទៀត។ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួន៤៩៨៥នាក់ ទៅបណ្តាប្រទេសទាំងនោះ។
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២៧៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយមាននាយកដ្ឋានចំនួន៥ ជាសេនាធិការ។ នាយកដ្ឋានអង្គការសហប្រជាជាតិ គឺជានាយកដ្ឋានមួយ មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹង អង្គការសហប្រជាជាតិ។
នាយកដ្ឋាន ធ្វើការសម្របសម្រួលជាមួយក្រសួង និងស្ថានប័នពាក់ព័ន្ធកម្ពុជាទៅលើបញ្ហាពាក់ព័ន្ធផ្សេងៗ និងជាមួយស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេស ជាពិសេសស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងញូវយ៉ក និងទីក្រុងហ្សឺណែវ។ នាយកដ្ឋាននេះ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ២៥ដែលកំពុងដំណើរការនៅកម្ពុជា ស្របតាមអនុសារណៈយោគយល់គ្នា។
ដើម្បីលើកមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិ។
■ កម្ពុជាត្រៀមខ្លួនធ្វើជាអនុប្រធានមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៃសម័យប្រជុំលើកទី៧៣ សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩។
■ កម្ពុជាគឺជា បេក្ខភាពក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអ.ស.ប សម្រាប់ឆ្នាំ២០១៩។
■ កម្ពុជាកំពុងបំពេញការងារជាសមាជិកនៃគណៈក្រុមប្រឹក្សាប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍អ.ស.បមូលនិធិអ.ស.បសម្រាប់ប្រជាជន និងការិយាល័យអ.ស.បសម្រាប់សេវាកម្មគម្រោង ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២០។
■ កម្ពុជាត្រូវបានជ្រើសរើសជាសមាជិក នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងគ្រាមានជម្លោះប្រដាប់អាវុធជាលើកទី២ ចាប់ពីឆ្នាំ២០១៧ ដល់ ២០២១ នៅទីក្រុងប៉ារីស។