mekong-river    

កិច្ចសហប្រតិបត្តិការមេគង្គ

  

១-ទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការមេគង្គ

កិច្ចសហប្រតិបត្តិការមេគង្គ គឺជាកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់ដែលមានការចូលរួមពីបណ្តា
ប្រទេសជាប់ដងទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។​ កិច្ចសហប្រតិបត្តិការនេះ
មានការចូលរួមសហការពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ ដូចជា ចិន ជប៉ុន កូរ៉េ ឥណ្ឌា អាមេរិក សហ- ភាពអឺរ៉ុប​
និងធនាគារអភិវឌ្ឍន៍អាស៊ី ។ល។ ក្នុងគោលបំណងធានានូវការអភិវឌ្ឍន៍ និងការប្រើប្រាស់
ធនធានទឹកប្រកបដោយចីរភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឲ្យប្រសើរឡើងនូវ
ជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ក្នុងចំណោមប្រទេសក្នុងតំបន់ គាំទ្រដល់ការ
កសាងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់មេគង្គ។

  

២-ក្របខ័ណ្ឌការងារកិច្ចសហប្រតិបត្តិការមេគង្គ

    ក្របខ័ណ្ឌការងារក្នុងកិច្ចការសហប្រតិបតិ្តការមេគង្គបច្ចុប្បន្នមាន៖

  • កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (ជាមួយឥណ្ឌា)​​
  • កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន
  • កិច្ចសហប្រតិបតិ្តការមេគង្គ-សាធារណរដ្ឋកូរ៉េ
  • គំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម (ជាមួយសហរដ្ឋអាមេរិក) និងមិត្តរបស់មេគង្គក្រោ
  • កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (ជាមួយសាធារណរដ្ឋប្រជាមានិតចិន)
  • មហាអនុតំបន់មេគង្គ និងគណៈកម្មការទន្លេមេគង្គ។​

   
rice-field  

៣-ព័ត៌មានសង្ខេបស្តីពីក្របខ័ណ្ឌការងារកិច្ចសហប្រតិបត្តិការមេគង្គ

  • កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ត្រូវបានបង្កើតឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០០ ដែលមាន ប្រទេសជាសមាជិកចំនួន៦គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ វៀតណាម និងឥណ្ឌា។ កិច្ចសហ- ប្រតិបត្តិការនេះ គ្របដណ្តប់លើវិស័យចំនួន៥ គឺ ៖ ទេសចរណ៍ វប្បធម៌ អប់រំ បច្ចេកវិទ្យាព័ត៌មានវិទ្យា ទូរគមនាគមន៍ និងដឹកជញ្ជូន។ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ សារមន្ទីរវាយនភណ្ឌប្រពៃណី អាស៊ី ដែលមានទីតាំងនៅខេត្តសៀមរាប ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើង និងបើកឲ្យ សាធារណជនចូលទស្សនា ចាប់តាំងពីឆ្នាំ២០១៤ ដើម្បីតាំងបង្ហាញនូវ វាយនភណ្ឌបែបប្រពៃណី និងការសម្តែងសិល្បៈនានារបស់បណ្តាប្រទេសមេគង្គ-គង្គា។ យន្តការដើម្បីពង្រឹង និងអនុវត្ត កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំឧត្តមមន្រ្តី។​
  •  

  • កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវបានបង្កើតឡើងនៅចាប់តាំងពីឆ្នាំ២០០៨ ​ដែលមាន ប្រទេសជាសមាជិកចំនួន៦គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ វៀតណាម និងជប៉ុន។ សសរស្តម្ភ ចំនួន៤ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន រួមមាន៖
    ១)-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅតំបន់​​​​មេ​គង្គនិងការពង្រឹង “ការតភ្ជាប់ផ្នែករឹង”
    ២)-ការអភិវឌ្ឍន៍​ធន​ធាន​​មនុស្សសម្រាប់វិស័យឧស្សាហកម្ម និងការពង្រឹង “ការតភ្ជាប់​ផ្នែកទន់” ៣)-ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព​សំរាប់​ការសំរេចបាន “តំបន់មេគង្គបៃតង” និង
    ៤)-ការសម្របសម្រួល​ជាមួយ​ភាគីពាក់ព័ន្ធនានា។ យន្តការដើម្បីពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការនេះ រួមមានកិច្ចប្រជុំកំពូល កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំក្រុមការងារថ្នាក់ខ្ពស់ស្តីពីការតភ្ជាប់។
  •  

  • កិច្ចសហប្រតិបតិ្តការមេគង្គ-កូរ៉េ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០ ដែលមានប្រទេស ជាសមាជិកចំនួន៦ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ វៀតណាម និងកូរ៉េ។ វិស័យអាទិភាពទាំង៦ នៃកិច្ចសហប្រតិបត្តិការនេះ រួមមាន៖  
    ១)-ហេដ្ឋារចនាសម្ព័ន្ធ  
    ២)-បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍  
    ៣)-ការរីកចម្រើនបៃតង  
    ៤)-ការអភិវឌ្ឍធនធានទឹក  
    ៥)-កសិកម្ម និងការអភិវឌ្ឍជនបទ និង  
    ៦)-ការអភិវឌ្ឍធនធានមនុស្ស។  
    យន្តការក្នុងការពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ រួមមានកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេស និងកិច្ចប្រជុំឧត្តមមន្រ្តី។
  •  

  • គំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម​ (សហរដ្ឋអាមេរិក)ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៩។ គំនិតផ្តួចផ្តើមនេះគឺជាដៃគូពហុភាគីក្នុងចំណោមប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ វៀតណាម និងសហរដ្ឋអាមេរិក ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសមាហរណកម្មអនុតំបន់ក្នុងចំណោមប្រទេស មេគង្គក្រោមទាំង៥។ គំនិតផ្តួចផ្តើមនេះក៏ជាវេទិកាដោះស្រាយបញ្ហាពិបាកៗ និងបញ្ហាប្រឈមនៃ ការអភិវឌ្ឍន៍ និងនយោបាយអន្តរប្រទេស នៅក្នុងអនុតំបន់មេគង្គក្រោម។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើសសរស្តម្ភចំនួន៦គឺ កសិកម្ម និងសន្តិសុខស្បៀង ការតភ្ជាប់ ការអប់រំ សន្តិសុខថាមពល បរិស្ថាន ទឹក និងសុខភាព។ យន្តការដើម្បីពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមមេគង្គ ក្រោម រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់។
  •  
    river-shore
      

  • មិត្តរបស់ទន្លេមេគង្គក្រោម ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១១ ក្នុងគោលបំណងបម្រើជា វេទិកាប្រជុំ និងយន្តការមួយដ៏សំខាន់ ដើម្បីធ្វើឲ្យការសម្របសម្រួលជាមួយប្រទេសដៃគូមេគង្គ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអង្គការពហុភាគី កាន់តែប្រសើរឡើង សម្រាប់កម្មវិធីជំនួយអភិវឌ្ឍន៍ នៅក្នុងអនុតំបន់មេគង្គ។ ប្រទេស/ស្ថាប័ន ជាសមាជិក រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ វៀតណាម អូស្រ្តាលី ជប៉ុន សាធារណរដ្ឋកូរ៉េ ញូវហ្សេលែន សហភាពអឺរ៉ុប ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក។ កិច្ចសហប្រតិបត្តិការនេះ មានទិសដៅសំខាន់ពីរ៖ (១) កិច្ចសន្ទនាក្នុងចំណោម បណ្តាប្រទេសជាដៃគូ បណ្តាទីភ្នាក់ងារអភិវឌ្ឍន៍ និងស្ថាប័នអភិវឌ្ឍន៍ពហុភាគី (២) កិច្ចសន្ទនា នយោបាយប្រចាំឆ្នាំរវាងក្រសួងការបរទេស។ យន្តការដើម្បីពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការ មិត្តរបស់មេគង្គក្រោម រួមមាន កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និងកិច្ចប្រជុំឧត្តមមន្រ្តី។
  •  

  • កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (ជាមួយសាធារណរដ្ឋប្រជាមានិតចិន) ត្រូវបានបង្កើត ឡើងចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅក្នុង ប្រទេសអនុតំបន់មេគង្គ កាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុង ជ្រោយរវាងអាស៊ាន និងចិន។ ​ប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ារ ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើ សរសរស្តម្ភចំនួនបី ៖ ១-កិច្ចសហប្រតិបត្តិការនយោបាយ​-សនិ្តសុខ ២-ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ៣-ការផ្លាស់ប្តូរទំនាក់ទំនងសង្គម​វប្បធម៌ប្រជាជន និងប្រជាជន និង វិស័យអាទិភាពចំនួន៥ គឺ៖ ការតភ្ជាប់ សមត្ថភាពផលិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ធនធានទឹក និងកសិកម្ម និង ការកាត់បន្ថយភាពក្រីក្រ។  
    មូលនិធិពិសេសមេគង្គ-ឡានឆាង ត្រូវបានបង្កើត និងដាក់ឲ្យដំណើរ ការដើម្បីគាំទ្រដល់ គម្រោងខ្នាតតូចនិងមធ្យមនៃបណ្តាប្រទេសមេគង្គ-ឡានឆាង។ នៅក្នុងឆ្នាំ ២០១៧ ប្រទេសសមាជិក បានបង្កើតនូវលេខាធិការដ្ឋានជាតិ/អង្គភាពសម្របសម្រួលចំណុះឲ្យក្រសួងការបរទេស រៀងៗខ្លួន។ យន្តការដើម្បីពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការនេះរួមមាន កិច្ចប្រជុំកំពូល កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំឧត្តមមន្រ្តី កិច្ចប្រជុំក្រុមការងារវិស័យការបរទេស និងកិច្ចប្រជុំក្រុមការងារ រួមតាមវិស័យអាទិភាពនីមួយៗ។
  •  

  • មហាអនុតំបន់មេគង្គ (Greater Mekong Sub-region-GMS) គឺជាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអនុតំបន់ដែលបានបង្កើតឡើងដើម្បី ពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនៅក្នុងចំណោម ប្រទេសទាំង៦ នៃមហាអនុតំបន់មេគង្គដែលរួមមានកម្ពុជា ចិន (ខេត្តយូណាន និងតំបន់ ស្វ័យតហ្គ័ងស៊ី) ឡាវ មីយ៉ាន់ម៉ារ ថៃ និងវៀតណាម។ កម្មវិធីនៃកិច្ចសហប្រតិបត្តិការនេះបាន ចាប់ផ្តើមនៅឆ្នាំ១៩៩២ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ វិស័យអាទិភាពនៃកម្មវិធី កិច្ចសហប្រតិបត្តិការមហាអនុ តំបន់មេគង្គ រួមមាន ដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគវិស័យឯកជន និងកសិកម្ម។ កម្ពុជាមានលេខាធិការដ្ឋានជាតិមហាអនុតំបន់មេគង្គ ជាអ្នកសម្របសម្រួល និងអនុវត្តកម្មវិធី ខាងលើនេះ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (សម្រាប់ពត៌មានលំអិតសូមចុចលើ www.adb.org/countries/gms/main).
  •  

  • គណៈកម្មការទន្លេមេគង្គ MRC ត្រូវបានបង្កើតឡើងជាផ្លូវការ​ចាប់តាំងពីឆ្នាំ១៩៩៥ គណកម្មការ នេះ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលធ្វើការដោយផ្ទាល់ជាមួយរដ្ឋាភិបាលនៃប្រទេស កម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីធ្វើការគ្រប់គ្រងរួមគ្នា លើការចែករំលែកធនធានទឹក និងការអភិ- វឌ្ឍន៍អាងទន្លេមេគង្គប្រកបដោយចីរភាព។ គណៈកម្មការទន្លេមេគង្គ មានលេខាធិការដ្ឋានរបស់ខ្លួន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ប្រទេសសមាជិកនីមួយៗ មានគណៈកម្មាធិការជាតិទន្លេមេគង្គ របស់ខ្លួន ដើម្បីសម្របសម្រួល និងអនុវត្តការងាររបស់ខ្លួន។ យន្តការសំខាន់ៗរបស់គណៈកម្មការ ទន្លេមេគង្គ រួមមាន កិច្ចប្រជុំកំពូល កិច្ចប្រជុំក្រុមប្រឹក្សាសមាជិកគណៈកម្មការទន្លេមេគង្គ កិច្ចប្រជុំ គណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេសមួយចំនួនទៀត។ គណៈកម្មការ ទន្លេមេគង្គមានដៃគូសន្ទនាចំនួនពីរគឺ ប្រទេសចិន និងមីយ៉ាន់ម៉ារ និងដៃគូរអភិវឌ្ឍន៍ និងអង្គការ ជាដៃគូរមួយចំនួនដូចជាអូស្រ្តាលី ប៊ែលហ្សិក ដាណឺម៉ាក សហគមន៍អឺរ៉ុប ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ជប៉ុន ឡុចហ្សំបួរ ធនាគារពិភពលោក ហូឡង់ ស្វីស និងសហរដ្ឋអាមេរិក ធនាគារ អភិវឌ្ឍន៍អាស៊ី អាស៊ាន អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និង UNESCAP ។ កម្មវិធី អភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គមានចំនួន១២ កម្មវិធី (សម្រាប់ពត៌មានលំអិតសូមចុចលើ www.cnmc.gov.kh or www.mrcmekong.org)

  

៤-ការពាក់ព័ន្ធរបស់កម្ពុជា និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការសម្រាប់កម្ពុជា

 

កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការខាងលើតាមរយៈការលើកគម្រោងនានា ការអនុវត្តគម្រោង ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធ។ កម្ពុជាទទួលបាននូវ អត្ថប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការខាងលើនេះ ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកវិស័យពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងការរីកចម្រើនលើវិស័យទេសចរណ៍ ។ល។​

 
family-fishing