ទីតាំងភូមិសាស្ត្រ

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រជាជាតិមួយនៅក្នុងភូមិភាគអាស៊ីអគ្នេយ៍ ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសថៃ ឡាវ វៀតណាម និងមួយផ្នែកទៀតឈូងសមុទ្រថៃ។ រាជធានីដ៏ធំរបស់ប្រទេសគឺ រាជធានីភ្នំពេញ។

ទីតាំងប្រទេសកម្ពុជាស្ថិតនៅក្នុងភាគនិរតី នៃឧបទ្វីបឥណ្ឌូចិន ដែលមានផៃ្ទដីសរុប ១៨១ ០៣៥ គីឡូម៉ែតការ៉េ ហើយមានព្រំប្រទល់ភាគខាងលិច និងទិសពាយព្យជាប់ប្រទេសថៃ ទិសឥ្ឍសានជាប់ នឹងប្រទេសឡាវ ខាងកើតជាប់នឹងប្រទេសវៀតណាម និងទិសនិរតីជាប់នឹងឈូងសមុទ្រថៃ។

ប្រទេសកម្ពុជាស្ថិតក្នុងចន្លោះខ្សែស្របទី១៣០០N និង ១០៥០០E។

ផ្ទៃដីប្រទេសកម្ពុជា គឺជាដីវាលទំនាប និងមានភ្នំនៅភាគខាងជើង និងនិរតី ព្រមទាំងមានទន្លេមេគង្គ ហូរឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូងនៃប្រទេស និងមានបឹងទន្លេសាបដ៏ធំមួយ។

បន្ថែមពីលើនេះ ប្រទេសកម្ពុជាមានធនធានសម្បត្តិធម្មជាតិជាច្រើនដូចជាៈ ប្រេង ឧស្ម័ន ព្រៃឈើ ត្បូង រ៉ែដែក ម៉ង់ហ្គាណែស ហ្វូស្វាត និងមានសក្តានុពលវារីអគ្គីសនីយ៉ាងអស្ចារ្យ
ថែមទៀត។

សាសនា

ថេរវាទ ព្រះពុទ្ធសាសនា គឺជាសាសនាផ្លូវការរបស់ប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ៩០ភាគរយ កាន់សាសនាព្រះពុទ្ធ និងសល់មួយចំនួនទៀតកាន់អ៊ីស្លាម ហិណ្ឌូ និងគ្រិស្តសាសនា ។

ដូច្នេះហើយ ទើបប្រជាជនតែងតែគោរពបូជាដល់ព្រះពុទ្ធបដិមា និងព្រះពុទ្ធរូប ហើយភ្ញៀវ ទេសចរណ៍ក៏ត្រូវបាន គេសំណូមពរឲ្យធ្វើដូច្នេះដែរ ដែលមានន័យថា មិនប្រមាថដល់ប្រជាជន កម្ពុជា។

នៅក្នុងប្រទេសកម្ពុជា គេមិនសូវរវីរវល់ពីបញ្ហាសាសនាប៉ុន្មានទេ ហើយគឺជារដ្ឋមួយដែលប្រជាជន រស់នៅដោយភាពសុខដុម នឹងគ្នា។

ថ្ងៃឈប់សម្រាក

ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយពិធីបុណ្យវប្បធម៌ និងប្រពៃណីកំណត់ទៅតាមប្រតិទិនចន្ទគតិរបស់ខ្មែរ។ ពិធីបុណ្យទាំងអស់នេះត្រូវបានជះឥទ្ធិពលដោយព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងព្រះមហាក្សត្រផងដែរ។ ទាំងនេះ ភាគច្រើនជាថ្ងៃដែលផ្តល់នូវភាពសប្បាយរីករាយដល់ប្រជាជនទាំងនៅទីក្រុង និងជនបទ ប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ។

  • > ទិវាចូលឆ្នាំសកល

    នៅមុនថ្ងៃចូលឆ្នាំសកលមួយថ្ងៃ ក្រសួងទេសចរណ៍នឹងបង្កើតនូវកម្មវិធីឆ្លងឆ្នាំនៅខាងមុខសណ្ឋាគារណាហ្គាវើលក្នុងទីក្រុងភ្នំពេញ។ ពិធីនេះនឹងត្រូវបានចូលរួមដោយមន្ត្រីរាជការមកពីស្ថាប័នរដ្ឋ និងឯកជនជាច្រើនដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកលនេះ។
    ថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០១៦

  • > ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍

    ជាថ្ងៃជោគជ័យដែលរំឭកដល់ការបញ្ចប់នៃរបរប្រល័យពូជសាសន៍ប៉ុលពត។ ពិធីដ៏សំខាន់នេះត្រូវបានបង្ហាញដោយក្បួនព្យុហយាត្រា ឡានដង្ហែ និងជាសមិទ្ធិផលជាតិដ៏ធំផងដែរ។ ទូទាំងទីក្រុង ទង់ជាតិ និងក្រណាត់ តំណាងឲ្យមោទនភាពជាតិត្រូវបានគេដាក់តុបតែងនៅខាងមុខហាង និងផ្ទះ គ្រប់ដងវិថី។
    ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០១៦

  • > ពិធីបុណ្យមាឃបូជា

    ពិធីបុណ្យមាឃបូជាត្រូវបានធ្វើឡើងក្នុងថ្ងៃពេញបូណ៌មីនៃខែមាឃដើម្បីរំឭកដល់ ចតុរង្គសន្និបាតរបស់ព្រះភិក្ខុសង្ឃមកជួបជុំស្តាប់នូវធម៌ទេសនារបស់ព្រះពុទ្ធ។
    ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦

  • > ទិវានារីអន្តរជាតិ

    ទិវានារីអន្តរជាតិ គឺជាថ្ងៃសកលមួយ អបអរដល់ស្នាដៃរបស់នារីនៅក្នុងសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយដើម្បីបង្ហាញនូវការគោរព ការទទួលស្គាល់ និងស្រលាញ់ដល់នារី។
    ថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦

  • > ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

    ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិត្រូវបានគេប្រារព្វធ្វើឡើងនៅថ្ងៃទី១៣ ឬទី១៤ ខែមេសាជារៀងរាល់ឆ្នាំ។ ថ្ងៃឈប់សម្រាកឆ្នាំថ្មីនេះមានបីថ្ងៃ។ ពិធីបុណ្យនេះបង្ហាញពីការបញ្ចប់នៃរដូវច្រូតកាត់នៅពេលដែលប្រជាជនខ្មែរសប្បាយរីករាយនឹងទិន្នផលដែលទទួលបានពីការប្រឹងប្រែងកន្លងមក និងជាពេលសម្រាកកម្សាន្តមុនពេលរដូវវស្សាចាប់ផ្តើមសាជាថ្មី។
    ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០១៦
    ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០១៦
    ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦

  • > ទិវាពលកម្មអន្តរជាតិ

    ទិវាពលកម្មអន្តរជាតិគឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដើម្បីអបអរនូវជោគជ័យរបស់ពលករនៅក្នុងសង្គម និងសេដ្ឋកិច្ច។ ទិវាពលកម្មអន្តរជាតិមានដើមកំណើតមកពីចលនាសហជីពដែលផ្តោតទៅលើចលនាប្រាំបីម៉ោងក្នុងមួយថ្ងៃដែលគាំទ្រឲ្យបែងចែកប្រាំបីម៉ោងសម្រាប់ធ្វើការប្រាំបីម៉ោងសម្រាប់កម្សាន្ត និងប្រាំបីម៉ោងទៀតសម្រាប់សម្រាក។
    ថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦

  • > ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

    ព្រះរាជពិធីនេះគឺត្រូវបានប្រារព្វធ្វើឡើងនៅក្នុងព្រះបរមរាជវាំង ហើយកាំជ្រួចត្រូវបានគេបាញ់បង្ហាញនៅលើទន្លេសាប ពីថ្ងៃទី១៣ ដល់១៥ ខែមេសា ដើម្បីគោរពដល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាបុត្ររបស់ព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ ទ្រង់បានប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ។
    ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦
    ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៦
    ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦

  • > ពិធីបុណ្យវិសាខបូជា

    ពិធីបុណ្យពិសាខបូជា ជាថ្ងៃរំឭកដល់ថ្ងៃប្រសូត និងត្រាស់ដឹងរបស់ព្រះពុទ្ធ។
    ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦

  • > ព្រះរាជពិធីច្រតព្រះនង្គ័ល

    ពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានប្រារព្វធ្វើឡើងនៅដើមរដូវសាបព្រោះ និងដាំដុះ។ ជារៀងរាល់ឆ្នាំក្នុងខែឧសភា ពិធីបុណ្យមួយនេះត្រូវបានប្រារព្វធ្វើឡើងនៅវាលមេរុនៅខាងមុខសារមន្ទីរជាតិ (ជាប់ព្រះបរមរាជវាំង )។
    ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦

  • > ទិវាកុមារអន្តជាតិ និង កុមារកម្ពុជា

    ទិវាកុមារអន្តរជាតិ ជាសញ្ញានៃការរំដោះកុមារចេញពីការគាបសង្កត់ និងការគំរាមកំហែងប្រើអំពើហិង្សាទាំងឡាយ។
    ថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦

  • > ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

    ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦

  • > ទិវាប្រកាសរដ្ឋធម្មនុញ្ញ

    ទិវាប្រកាសរដ្ឋធម្មនុញ្ញ រំឮកដល់ការប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
    ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦

  • > ពិធីបុណ្យភ្ជុំបិណ្ឌ

    នៅថ្ងៃទី៣០ខែកញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យមួយដ៏សំខាន់ប្រចាំឆ្នាំ នៅក្នុងផ្នែកសាសនា និងវប្បធម៌ ដែលត្រូវបានគេធ្វើឡើងដើម្បី ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ រួមមានសាច់ញាតិ និងជីដូនជីតាជាដើម។
    ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦
    ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០១៦
    ថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០១៦

  • > ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

    ពិធីនេះ ប្រារព្វធ្វើឡើងយ៉ាងអធិកអធម នៅក្នុងព្រះបរមរាជវាំង និងនៅស្ថាប័នរដ្ឋទាំងអស់ នៅថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីគោរពបូជាដល់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ឬព្រះបរមរតនកោដិ នៃព្រះមហាវីរក្សត្រនៃប្រទេសកម្ពុជា។ ព្រះអង្គប្រសូតនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី៣១ខែតុលា ឆ្នាំ១៩២២ហើយព្រះអង្គសោយទិវង្គតនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
    ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦

  • > ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    ទិវារំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ជាសញ្ញានៃកិច្ចព្រមព្រៀងលើដំណោះស្រាយជម្លោះផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលចុះហត្ថលេខាដោយប្រទេសកម្ពុជានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
    ថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦

  • > ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

    ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦

  • > ពិធីបុណ្យឯករាជ្យជាតិ

    បុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្វធ្វើឡើងនៅវិមានឯករាជ្យ ជាទីប្រសព្វនៃមហាវិថី ព្រះនរោត្តម និងមហាវិថីព្រះសីហនុ ដើម្បីរំឭកដល់ថ្ងៃដែលប្រទេសកម្ពុជា ទទួលបាន ឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ពិធីដ៏សំខាន់នេះ គឺត្រូវបានប្រារព្វឡើង ដោយមានក្បួនព្យុហយាត្រា ឡានដង្ហែ និងជាសមិទ្ធិផលជាតិដ៏សំខាន់ផងដែរ។ ទូទាំងទីក្រុង ទង់ជាតិ និងក្រណាត់ តំណាងឲ្យមោទនភាពជាតិ ត្រូវបានគេដាក់តុបតែងនៅខាងមុខហាង និងផ្ទះ គ្រប់ដងវិថី។
    ថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦

  • > ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក

    ព្រះរាជពិធីនេះ ត្រូវបានប្រារព្វធ្វើឡើងនៅមុខព្រះបរមរាជវាំង ជាសញ្ញានៃការផ្លាស់ប្តូរលំហូរ ទឹកមកពីទន្លេសាប រដូវនេសាទ និងរដូវទឹកស្រក ហើយដើម្បីជាការអរគុណដល់ទន្លេមេគង្គ ដែលបានផ្តល់នូវដីល្បាប់មានជីជាតិ និងត្រីដ៏ច្រើនក្រៃលែងផងដែរ។ លើសពីនេះទៅទៀត ក៏មានការប្រណាំងទូក ដែលបង្ហាញពីភាពអង់អាចក្លាហាននៃកងទ័ពជើងទឹកខ្មែរ ក្នុងសម័យអណាចក្រខ្មែរផងដែរ។ ប្រជាជនរស់នៅតាមបណ្តាខេត្តនានា តែងតែនាំគ្នាមកភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យមួយនេះ។
    ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦
    ថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦
    ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦

  • > ទិវាសិទ្ធិមនុស្សអន្តរជាតិ

    ទិវាសិទ្ធិមនុស្សអន្តរជាតិ រំឮកដល់សន្ធិសញ្ញាជាសកលនៃសិទ្ធិមនុស្ស បង្កើតឡើងដោយ អង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ទីក្រុងប៉ារីស ប្រទេសបារាំង។
    ថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦

ទង់ជាតិ

ទង់ជាតិនៃប្រទេសកម្ពុជា បានបញ្ជាក់ឲ្យឃើញនូវបាវចនាជាតិៈ ជាតិ សាសនា ព្រះមហាក្សត្រ។ ពណ៌ខៀវឆ្នូតធំសងខាងទាំងពីតំណាងអោយរាជានិយម ហើយពណ៌ក្រហមឆ្នូតចំកណ្តាល តំណាងឲ ជាតិ ចំណែកពណ៌សលើផ្ទៃបា្រសាទតំណាងឲ្យសាសនារបស់ជាតិ។

ប្រវត្តិសាស្រ្តខ្មែរ

ក្នុងនាមជាពូជអ្នកកសាងអង្គរ ដែលបានរីកចម្រើនចេញពីអំបូរខ្មែរ-មន នៅក្នុងភូមិភាគឥណ្ឌូចិន ភាគខាងត្បូង នាអំឡុង សតវត្សទី៦ ដំបូង នៃគ្រឹស្តសករាជ ដោយទទួលឥទ្ធិពលពីឥណ្ឌា អរិយធម៌ នៃមជ្ឈមណ្ឌលសំខាន់ពីរបានរីកច្រើនឡើង ហើយរដ្ឋដែលចំណាស់ជាងគេនោះ ភូមិភាគខាងត្បូង នៃឧបទ្វិប ដែលហៅថា “ហ្វូណន” (គឺជាឈ្មោះដែលជនជាតិចិន បានហៅសំដៅទៅលើ អាណាចក្រខ្មែរពីសម័យបុរាណ ដែលបានកសាងរាជធានីនៅលើភ្នំ)។ ហ្វូណនគឺជាចក្រភពខែ្មរមួយ ដែលមានអំណាចដ៏ខ្លាំងក្លាលាតសន្ធឹងគ្របដណ្តប់ជាច្រើនផ្នែកនៃឈូងសមុទ្រសៀម។ នៅពាក់ កណ្តាលសតវត្សទី៦ ប្រជា ជនកម្ពុជា ដែលរស់នៅពាក់កណ្តាលទន្លេមេគង្គ (ភាគខាងជើងនៃ ប្រទេសកម្ពុជាបច្ចុប្បន្នបានធ្វើការបំបែករដ្ឋពីនគរហ្វូណន)។ នៅក្នុងរយៈពេលដ៏ខ្លី រដ្ឋថ្មីមួយបានកើត ឡើងដែលត្រូវបានគេស្គាល់ថា ចេនឡា ដែលបន្តពីមហាណាចក្រនគរភ្នំ។ នៅដើម សតវត្សទី៧ នគរចេនឡាបានបែកបាក់ជាពីរ គឺចេនឡាដីគោក(នៅភាគខាងជើង) និងចេនឡាលិចទឹក (នៅភាគខាងត្បូងតាម បណ្តោយឈូងសមុទ្រថៃ) ហើយដែលេឈ្មោះនេះហៅតាមភាសាចិន។ ចេនឡាដីគោករស់នៅដោយភាពសុខសាន្ត ក្នុងអំឡុង សតវត្សទី៧ ខណៈពេលដែលចេនឡាលិច ទឹកបានទទួលការវាយប្រហារពីរាជវង្សផ្សេងទៀត ហើយក្នុងកំឡុងពេលនោះ ជនជាតិជ្វាក៏បានធ្វើ ការឈ្លានពាននឹងគ្រប់គ្រងមួយផែ្នកនៃប្រទេសផងដែរ។

ព្រះបាទហ័សវរ្មន័ទី១ (៩០០-៩២៣) ដែលជាព្រះរាជបុត្ររបស់ព្រះបាទយសោវរ្មន័ ដែលបានកសាង ប្រាសាទបក្សីចាំក្រុង និងបានកសាងប្រាសាទក្រវ៉ាន់ ក្នុងឆ្នាំ ៩២១ ។ ព្រះបាទជ័យវ័រន្មទី៤ (៩២៨-៩៤១) ដែលជាព្រះបិតុលារបស់ព្រះបាទហ័ស វរ្មន័ទី១ បានសោយរាជ្យ នៅរាជធានីកោះកេរ្តិ៍ ហើយ ព្រះអង្គបានកសាងបូជនីយដ្ឋានជាច្រើនកន្លែងផងដែរ។ ចំណែក ព្រះបាទរាជន្រ្ទវរ្មន័ (៩៤៤-៩៦៨) បានប្តូររាជធានីមកអង្គរវិញនៅក្នុងឆ្នាំ ៩៥២ និងបានកសាងប្រាសាទមេបុណ្យ ខាងកើត ព្រមទាំង ប្រាសាទប្រែរូបក្នុងឆ្នាំ ៩៦១។ ក្នុងឆ្នាំ ៩៦៧ អ្នកមានបណ្តាសក្តិខ្ពស់ក្នុងព្រហ្មញ្ញសាសនា យជនាវារហៈ ដែលមានឈាម ជ័ររាជវង្ស បានកសាងប្រាសាទបន្ទាយស្រី ដែលមានចំងាយ ប្រហែល ២០គីឡូម៉ែត ភាគខាងជើង នៃរាជធានី។ ព្រះបាទជ័យវរ្មន័ទី៥ (៩៦៨-១០០១) បានកសាងរាជធានីថ្មីមួយទៀតនៅជិតប្រាសាទតាកែវ។

នៅក្នុងសតវត្សទី១១ ព្រះបាទសូរ្យវរ្មន័ទី១ (១០០២-១០៥០)បានគ្រប់គ្រងអង្គរ និងបានបង្កើត រាជវង្សប្រកបដោយកិត្តិយស ដ៏ល្បីល្បាញ ។នៅក្នុងខណៈពេលនោះហើយ ដែលគោបុរៈនៃ ប្រាសាទអង្គរធំ ត្រូវបានកសាង ដោយមានប្រាសាទ ភិមានអាកាសនៅចំកណ្តាល។ ព្រះអង្គក៏បាន កសាងប្រាសាទនៅភ្នំជីសូរ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ និងប្រាសាទព្រះខ័ន ក្នុងស្រុកកំពង់ ស្វាយ។

ព្រះបាទឧទ័យាទិត្តវរ្មន័ទី២ (១០៥០-១០៦៦) ដែលជាព្រះរាជបុត្រព្រះបាទសូរ្យវរ្មន័ទី១ បានកសាង ប្រាសាទភ្នំបាពួន និងបារាយខាងលិច។ ចំណែកឯបងប្រុសរបស់ព្រះបាទឧទ័យាទិត្យ វ័រន្ម គឺព្រះបាទហ័សវ័រន្មទី៣ បានឡើងសោយរាជ្យពីឆ្នាំ១០៦៦-១០៨០ នៅពេលដែលអំពើហឹង្សា បានផ្ទុះឡើងក្នុងការផ្តួលរាជវង្ស។ ពេលនោះព្រះមហា ក្សត្រព្រះបាទជ័យវរ្មន័ទី៦ (១០៨០-១១១៣) បានបន្តកសាងប្រាសាទព្រះវិហារ និងទីសក្ការៈវត្តភូ និងប្រាសាទភិមៃ។

ព្រះបាទសូរ្យវរ្មន័ទី២(១១១៣-១១៥០)បានពង្រីកអំណាចរបស់ព្រះអង្គពីច្រាំងសមុទ្រចិន ទៅកាន់ សមុទ្រឥណ្ឌា ហើយបាន កសាងប្រាសាទអង្គរវត្ត ប្រាសាទធម្មនន្ត ចៅសាយទេវតា ព្រះបាលិល័យ ពិទូរ និងប្រាសាទបន្ទាយស្រី ។ បន្ទាប់ពីការ កសាងប្រាសាទជាច្រើនមក ពេលនោះអរិយធម៌ខែ្មរក៏ បានស្រុតចុះក្នុងភាពអន់ថយ ហើយក៏ទទួលការវាយប្រហារឈ្លានពាន ពីសំណាក់កងទ័ពចាម ផងដែរ។

ព្រះបាទជ័យវរ្មន័ទី៧ (១១៨១-១២២០)គឺជាព្រះមហាក្សត្រដែលមានកិត្យានុភាពជាខ្លាំង នៅ ក្នុង ប្រវត្តិសាស្រ្តខ្មែរ ព្រះអង្គចាប់ផ្តើមបង្កើតចលនាតស៊ូហើយដេញពួកឈ្លានពានចេញពីទឹកដី និង បានគ្រប់គ្រងប្រទេសប្រកបដោយភាពអស្ចារ្យ។ ព្រះអង្គបានកសាងប្រាសាទតាព្រហ្ម(១១៨៦) និងប្រាសាទព្រះខ័ន(១១៩១)ដើម្បីឧទ្ទិសចំពោះមាតា និងបិតារបស់ព្រះអង្គ។

នៅពេលនោះព្រះអង្គ បានកសាងប្រាសាទ បន្ទាយក្តី តានៃ ស្រះស្រង់ លានសេ្តចគម្លង់ ទីលានជល់ដំរី នាគព័ន្ធ តាសោម និងបូនីយដ្ឋានបីបួនកន្លែង នៅកនែ្លងផ្សេងទៀតនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន កសាងរាជធានីដ៏ធំមួយ គឺអង្គរធំ ហើយបានកសាង ប្រាសាទបាយ័ននៅចំកណ្តាល។

អាចយល់បានថា បន្ទាប់ពីសមិទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានកសាងរួចមក យុគស ម័យ អង្គរក៏ចាប់ផ្តើមធ្លាក់ចុះ ចាប់តាំងពីការសោយទីវង្គតរបស់ព្រះបាទជ័យវរ្មន័ទី៧ នៅដើមសតវត្សទី ១៣ ហើយខណៈពេល នោះដែរ ប្រទេសជាតិក៏ទទួលការឈ្លានពានពីពួកសៀម ព្រមទាំងប្រព័ន្ធ ធារាសាស្រ្តមានភាពរាំងស្ងួត គឺពេលនោះហើយ ដែលចក្រភពអង្គរបានចុះខ្សោយអំណាចជា បន្តបន្ទាប់ រហូតបង្ខំឲ្យព្រះមហាក្សត្រសម្រេចព្រះទ័យប្តូររាជធានីមកទីក្រុងភ្នំពេញ ក្នុងឆ្នាំ ១៤៣១ និងដើម្បីគេចចេញពីការឈ្លានពាន

វាយប្រហាររបស់ពួកសៀម និងចាម។ ក្រោយមកនៅ ឆ្នាំ ១៨៦៣ ប្រទេស បានស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង។

បន្ទាប់ពីប្រទេសទទួលបានឯករាជ្យពីអាណានិគមបារាំងក្នុងឆ្នាំ ១៩៥៣ ។ ប្រទេសកម្ពុជាបានផ្លាស់ ប្តូររបបជាច្រើនដូចជាៈ

  1. ព្រះរាជាណាចក្រកម្ពុជា( របបរាជានិយម ពីឆ្នាំ ១៩៥៣-១៩៧០)
  2. របបសាធារណរដ្ឋខ្មែរ (ក្រោមរបបលន់ ណល់ ពីឆ្នាំ ១៩៧០-១៩៧៥)
  3. របបកម្ពុជាប្រជាធិបតេយ្យ(របបប្រល័យពូជសាសន៍ប៉ុលពត ពីឆ្នាំ ១៩៧៥-១៩៧៩)
  4. របបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
  5. របបរដ្ឋកម្ពុជា (១៩៨៩-១៩៩៣)
  6. ព្រះរាជាណាចក្រកម្ពុជាទី២(របបរាជានិយមពីឆ្នាំ ១៩៩៣រហូតបច្ចុប្បន្ន)។

មុខម្ហូបរបស់កម្ពុជា

មុខម្ហូបកម្ពុជាមានជាច្រើនដូចជា នំបញ្ចុក សម្ល ម្ហូបអាហារដែលទាក់ទងនឹងអាំង ចៀន កកូរ ការី សាឡាត់ បង្អែម បន្លែជាច្រើនមុខ ផ្លែឈើ និងអង្ករ ជាអាហារដែលផ្តល់នូវជីវជាតិចាំបាច់ ដើម្បីចិញ្ចឹមរាងកាយឲ្យមាំមួន។ចំពោះវិជ្ជាធ្វើម្ហូបខែ្មរវិញ គឺមានលក្ខណៈអាថ៌កំបាំង ជ្រាលជ្រៅ ពិបាកសរសេរចូលនៅទីនេះឲអស់សេចក្តីណាស់។ ហើយវិជ្ជាធ្វើម្ហូបនេះ គេតែងតែបង្រៀនតគ្នា ពីម្តាយទៅកូនស្រី ដែលប្រពៃណីនេះគឺមានតាំងពីសម័យដូនតាមកម្លេះ ហើយវិជ្ជាធ្វើម្ហូបទាំងឡាយ គឺជារតនភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជនកម្ពុជា។ រសជាតិបែ្លកៗ និងពណ៌ចម្រុះ ជាច្រើនតែងបានផ្សំឡើងពីគ្រឿងផ្សំធម្មជាតិ។

ប្រជាជនកម្ពុជាពិតជាមានការឈ្លាសវៃ ក្នុងការជ្រើសរើសគ្រឿងទេស យកមកផ្សំជាគ្រឿងផ្សំ ជាច្រើនមុខ ដូចជា ផ្កាក្លាំពូ ឈើឧបឈើយ ក្លឹមចន្ទន៍ក្រឹស្នា ក្រវាញ ខ្ញី និង រមៀត។ ពួកគេយក មករួម ផ្សំជាមួយគ្រឿងផ្សំខ្មែរមួយចំនួនទៀត ដូចជា ខ្ទឹមស ខ្ទឹមក្រហម ស្លឹកគ្រៃ ជីវ៉ាន់ស៊ុយ ស្លឹកក្រូចសើច យកមកផ្សំបុកជាមួយគ្នា ដែលខ្មែរហៅថា ” គ្រឿង”។

ទោះបីជាយ៉ាងណាក៏ដោយ ក៏នំបញ្ចុកទទួលនូវការពេញនិយមជាខ្លាំង ហើយភាគច្រើនគេតែងតែ ទទួលទានអាហារជាមួយបាយ។ បន្ថែមពីលើនោះ សម្លការី សម្លផ្សេងៗ រួមទាំងកកូរ ឆា ចៀន ជាញឹកញាប់ត្រូវបានគេចំអិនដើម្បីទទួលទានជាមួយបាយ។ យ៉ាងណាមិញ ភ្ញៀវទេសចរណ៍ ក៏អាចនឹងរីករាយក្នុងការស្រស់ស្រូបបាយខែ្មរ ដែលមានជាច្រើនប្រភេទ មានក្លិនក្រអូបប្រហើរ ហើយបន្ទាប់ពីពួកគេទទួលទានបាយរួចហើយ គេនឹងបានរីករាយជាមួយនឹងបង្អែម ព្រមទាំងផ្លែឈើ ជាច្រើនទៀត។

មានគ្រឿងផ្សំពីប្រភេទខុសគ្នា ដែលពិសេសនៅក្នុងម្ហូបខ្មែរ ដើម្បីបង្កើនរសជាតិឲកាន់តែឈ្ងុយ ឆ្ងាញ់។ ទីមួយនោះ គឺប្រហុក ដែលបានមកពីការយកត្រីទៅប្រឡាក់នឹងអំបិល ហើយយកទៅផ្អាប់ ទុកនៅក្នុងក្រឡ ឬពាង ហើយគ្រឿងផ្សំទី២នោះគឺ កាពិ ដែលធ្វើពីកំពិស រួមជាមួយគ្រឿងផ្សំមួយចំនួនទៀត។ គ្រឿងផ្សំទាំងពីរនេះផ្តល់ឱជារសយ៉ាងឆ្ងាញ់ពិសារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ដោយ ក្នុងនោះមានអ្នកខ្លះចូលចិត្តប្រហុក ឯអ្នកខ្លះទៀតចូលចិត្តកាពិ យកទៅស្លនៅក្នុងសម្លផ្សេងៗ។ ជាសរុបមក គ្រឿងផ្សំទាំងនេះ ពិតជាផ្តល់នូវឱជារស ព្រមទាំងក្លិនឈ្ងុយឆ្ងាញ់ ដែលត្រូវបានគេ ផ្សំនៅក្នុងមុខម្ហូបកម្ពុជា។

យ៉ាងណាមិញ ម្ហូបអាហារទាំងនេះ គេតែងតែទទួលទានជាមួយបាយ ហើយម្ហូបមួយចានក៏ត្រូវ ទទួលទានបាយអស់បីចានដែរ ដែលម្ហូបនោះភាគច្រើនជាសម្ល។ រាល់ម្ហូបទាំងនេះ ខ្លះផ្អែម ខ្លះជូរ ខ្លះប្រៃ ឬចត់ ដែលអាហារទាំងនេះពិតជាផ្តល់នូវសុខភាព និងភាពសុខដុមរម្យនាក្នុងគ្រួសារ។ ពេលខ្លះម្ហូបតែមួយមុខក៏បានផ្តល់ឱជារសជាទីគាប់ចិត្តផងដែរ។ ចំណែកឯម្ទេសវិញ គេច្រើនទទួលទានផ្សំជាមួយសម្ល។ ដូច្នេះភ្ញៀវទេសចរពិតជានឹង ទទួលបាននូវរសជាតិប្លែកៗគ្នាជាច្រើននៃម្ហូបអាហាររបស់ខ្មែរយើង៕

ប្រហុកខ្ទិះ

ប្រហុកខ្ទិះ គឺជាមុខម្ហូបខ្មែរមួយដែលមានឱជារសឆ្ងាញ់ពិសារ។ ប្រហុកគឺជាប្រភេទត្រីប្រឡាក់ អំបិលហើយរក្សាទុកជាយូរខែ នៅក្នុងក្រឡ ឬពាង ហើយគឺជាគ្រឿងផ្សំមួយដ៏ចាំបាច់ ដែលបាន ផ្តល់នូវរសជាតិប្លែកៗគ្នា អាស្រ័យទៅនឹងមុខម្ហូបដែលចំអិន។ ចំណែកឯមុខម្ហូបប្រហុកខ្ទិះវិញត្រូវ បានផ្សំឡើងដោយគេយកប្រហុកទៅចិញ្ច្រាំជាមួយសាច់ជ្រូកបីជាន់ រួមទាំងមានគ្រឿងផ្សំជាច្រើន ទៀត ហើយយកទៅឆាច្របល់ជាមួយគ្នា ក៏បង្កើតបានជាម្ហូបមួយមុខ ដែលរួមមានបន្លែជាច្រើនមុខ ដើម្បីយកមកជ្រលក់បន្ថែមទៀត រឹតតែធ្វើឲ្យមុខម្ហូបនេះដែលមានឱជារសឆ្ងាញ់ ពិសារ។

សម្លម្ជូរគ្រឿង

សម្លម្ជូគ្រឿង គឺជាមុខម្ហូបមួយដែលផ្តល់រសជាតិជូរ ផែ្អម ឈ្ងុយឆ្ងាញ់ពិសារ ហើយដោយមានគ្រឿង ផ្សំជាច្រើនដូចជា សណ្តែកដីលីង ស្លឹកគ្រៃ រមៀត ម្ទេស ស្លឹកក្រូចសើច យកមកបុកច្របល់ឲ្យម៉ដ្ឋ។ចំណែកសាច់វិញ គេអាចស្លសម្លម្ជូរគ្រឿងជាមួយសាច់ត្រី សាច់គោ សាច់មាន់ និងសាច់ជ្រូក ឆ្អឹងជំនីជ្រូក តាមតែពេញចិត្ត ព្រមទាំងមានប្រហុកថែមទៀត ហើយបន្លែគេអាចស្លជាមួយត្រកូន ឬត្រប់។ ការផ្សំគ្រឿងសម្លម្ជូរ គ្រឿងមានច្រើនមុខ ដូចជាសម្លការីដែលបរទេសភាគច្រើនបានស្គាល់ យ៉ាងដូច្នេះ គ្រាន់តែវាមាន រសជាតិផ្សេងគ្នា។

សម្លកកូរ

សម្លកកូរ គឺជាមុខម្ហូបជាប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណមក ហើយពិតជាមានឱជារសឈ្ងុយ ឆ្ងាញ់ពិសារ។ សម្លកកូរត្រូវបានផ្សំឡើងដោយគ្រឿងផ្សំជាច្រើនដូចជា អង្ករលីង ប្រហុក គល់ស្លឹកគ្រៃ រមៀត រំដេង ម្ទេស (តាមចំណង់ចំណូលចិត្ត) យកទៅបុកច្របល់គ្នាម៉ដ្ឋល្អ។ ចំណែកឯបន្លែវិញមាន ល្ពៅ ចេកខ្ចី ល្ហុង សណ្តែកគួ ស្លឹកបាស់ ស្លឹកអង្គារដី ផ្កាស្នោ ហើយ គេអាចយកទៅស្លជាមួយសាច់បានច្រើនមុខ ដូចជាសាច់ជ្រូក សាច់មាន់ សាច់ត្រី និងសាច់ គោផងដែរ។ ក្រោយពីចំអិនហើយសម្លកកូរ ពិតជាផ្តល់ឱជារសដ៏ឆ្ងាញ់ពិសារ ហើយគឺជាមុខម្ហូបដែលប្រជាជន ខ្មែរយើងនិយមចូលចិត្ត។

មើលច្រើនទៀត …

ការប្រឹក្សាយោបល់សម្រាប់អ្នកដំណើរ

ប្រការត្រូវអនុវត្ត និងត្រូវជៀសវាង នៅក្នុងប្រទេសកម្ពុជា

ប្រជាជនកម្ពុជា ត្រូវបានស្គាល់ដោយសារការស្នាក់អាស្រ័យ ដ៏កក់ក្តៅរបស់ពួកគេ។ អ្នកទេសចរមកកាន់ព្រះរាជា

ណាចក្រកម្ពុជាគួរធ្វើការសង្កេតមើលជំនឿ និងទំនៀមទម្លាប់ របស់ប្រជាជននៅក្នុងស្រុក ជៀសវាងនូវបញ្ហាខ្វះការគោរព។ វាជាការល្អ ពេលលោក អ្នកអាចទម្លាប់ខ្លួនឯងជាមួយនឹងចំណុច ដែលអ្នកត្រូវធ្វើ និងមិនត្រូវធ្វើខាងក្រោមនេះ មុនពេលធ្វើ ដំណើរមកកាន់ប្រទេសកម្ពុជា។

ប្រការត្រូវអនុវត្តនៅក្នុងប្រទេសកម្ពុជា

> សុំការអនុញ្ញាត មុនពេលថតរូបជនជាតិកម្ពុជា ឬព្រះសង្ឃ។

> វាជាទំនៀមទម្លាប់ ក្នុងការដោះស្បែកជើង នៅពេលចូលក្នុងកន្លែងសក្ការៈបូជា ដូចជា វត្ត ឬប្រាសាទជាដើម។ លើសពីនេះទៅទៀត អ្នកទេសចរ គួរស្លៀកពាក់ឲ្យបាន សមរម្យ ពេលនៅក្នុងកន្លែងសាសនា (សម្លៀកបំពាក់បិទបាំងដៃជើងឲ្យជិត និងដោះ មួក)។

> វាជាការគួរសម ក្នុងការដោះស្បែកជើងនៅពេលយើងចូលទៅក្នុងផ្ទះនរណាម្នាក់។

> វាជាការគួរសម ក្នុងការដោះស្បែកជើងនៅពេលយើងចូលទៅក្នុងផ្ទះនរណាម្នាក់។

> បើសិនអ្នកត្រូវបានអញ្ជើញទៅញុំាអាហារនៅក្នុងផ្ទះរបស់ជនជាតិកម្ពុជា វាជាការគួរ សមក្នុងការទិញនូវកាដូបន្តិចបន្តួច សម្រាប់ម្ចាស់ផ្ទះដូចជាផ្លែឈើ បង្អែម ឬផ្កា ជាដើម។

> បើសិនអ្នកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍ វាជាទំនៀមទម្លាប់ក្នុង ការផ្តល់ជាលុយកាក់ ដើម្បីជាកាដូក្នុងថ្ងៃរៀបការ។

> នៅពេលចាក់ធ្មេញនៅតុអាហារ ត្រូវប្រើដៃម្ខាងបិទបាំងមាត់។

> ត្រៀមកាតអាជីវកម្ម និងជូនទៅកាន់អ្នកដទៃដោយដៃទាំងពីរ។ ទទួលកាតអាជីវកម្មពី គេដោយដៃទាំងពីរដែរ។

ប្រការត្រូវជៀសវាងនៅក្នុងប្រទេសកម្ពុជា

> កុំប្រើជើងចង្អុលអ្នកដទៃ

> កុំប៉ះក្បាលជនជាតិកម្ពុជា

> បើសិនអ្នកជាភ្ញៀវក្នុងពេលញុាំអាហារ កុំចាប់ផ្តើមញុំាមុនម្ចាស់ផ្ទះឲ្យសោះ។

> ស្ត្រីមិនត្រូវប៉ះពាល់ព្រះសង្ឃ ឬហុចអ្វីមួយដោយផ្ទាល់ទៅកាន់ព្រះសង្ឃនោះទេ។

> បង្ហាញឥរិយាបថការស្រលាញ់ នៅទីសាធារណៈឲ្យបានតិចបំផុត។

ការអនុវត្តន៍សុភវិនិច្ឆ័យ

គ្មានសំរាម, រក្សាសហគមន៍របស់យើងស្អាតនិងសុវត្ថិភាព

ថង់ប្លាស្ទិចអាចបង្កគ្រោះថ្នាក់បាន សូមទុកដាក់វាអោយបានត្រឹមត្រូវ