សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 27, 2016

មាតុភូមិនិវត្តន៍ពលការិនីខ្មែរ ចំនួន ០៤ នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន៤នាក់ ដែលមានឈ្មោះដូចខាងក្រោម អាចត្រឡប់មកកម្ពុជាវិញ៖

– ពលការិនី .ព អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានទៅដល់ម៉ាឡេស៊ី ក្នុងខែមីនា ឆ្នាំ២០១៦ និងធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានរត់ចេញពីផ្ទះថៅកែ នៅចុងខែសីហា ឆ្នាំ២០១៦ ហើយត្រូវបានអង្គការ Tenaganita នៅម៉ាឡេស៊ី ឲ្យស្នាក់នៅក្នុងអង្គការបណ្តោះអាសន្ន។ អង្គការ Tenaganita បានស្នើសុំអង្គការចាប់ដៃ ឲ្យជួយផ្តល់សំបុត្រយន្តហោះ និងចេញថ្លៃបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍។ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ អង្គការ Tenaganita និងអង្គការចាប់ដៃបាននាំពលការិនីម.ព មកប្រគល់ជូនស្ថានទូត។ ស្ថានទូតបានផ្តល់ការស្នាក់នៅ អាហារបរិភោគ និងនាំនាងទៅបង់ពិន័យនៅការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងជូននាងទៅព្រលានយន្តហោះ។

ពលការិនីខាងលើ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះលេខ AK 534

– ពលការិនី .ស.អ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានទៅធ្វើការងារ ជាអ្នកបោសំអាត តាមរយៈក្រុមហ៊ុន Century ក្នុងខែធ្នូ ឆ្នាំ២០១៤។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ និងជួយឲ្យបានត្រឡប់ទៅកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នាងទទួលបានលិខិតឆ្លងដែនវិញ និងប្រាក់ខែដែលនៅសល់ចំនួន ៨៤២៦ រីងហ្គីត។ ដោយនាងឈប់ពីការងារមុនកិច្ចសន្យាបញ្ចប់ ហេតុនេះ ពលការិនី ក.ស.អ ត្រូវទិញសំបុត្រយន្តហោះខ្លួនឯង។

ពលការិនី .ស.អ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536

– ពលការិនី .ឡ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានទៅដល់ម៉ាឡេស៊ី ក្នុង ខែមីនា ឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុន Semi-power ហើយធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ។ នាងបានទិញសំបុត្រយន្តហោះដោយខ្លួនឯង។

៤- ពលការិនី ជ.ហ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានទៅដល់ម៉ាឡេស៊ីក្នុង ខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុននៅកម្ពុជា (មិនចាំឈ្មោះ) និងក្រុមហ៊ុន Semewaji Services នៅម៉ាឡេស៊ី ហើយធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ដោយពុំអាចរង់ចាំថៅកែមកដោះស្រាយបាន នាងបានទិញសំបុត្រយន្តហោះដោយខ្លួនឯង។

ពលការិនីទាំងពីរ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះលេខ AK 543

              ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦