សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 28, 2016

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ​​​នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៦

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់ឯកឧត្តម នីកូឡៃ នីគីហ្វូរ៉ូវ (Nikolay NIKIFOROV) រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងព័ត៌មាននៃសហព័ន្ធរុស្ស៊ី និងជាសហប្រធានកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស។

ក្នុងអំឡុងពេលស្នាក់នៅសហព័ន្ធរុស្ស៊ី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ស៊ែរហៃ្គ ឡាវរ៉ូវ (Sergey LAVROV) រដ្ឋមន្ត្រីការបរទេស សហព័ន្ធរុស្ស៊ី ដែលក្នុងឱកាសនោះ ភាគីទាំងពីរគ្រោងនឹងផ្លាស់ប្ដូរទស្សនៈគ្នា ស្ដីពីកិច្ចសហប្រតិ- បត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំសហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ច សហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម នីកូឡៃ នីគីហ្វូរ៉ូវ នឹងពិភាក្សាលើការអនុវត្តន៍សេចក្ដីសម្រេចនានា របស់សម័យប្រជុំលើកទី៩ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ព្រមទាំងការត្រៀមរៀបចំសំរាប់សម័យប្រជុំលើកទី១០ នៃគណៈកម្មការនេះ។

 

ភ្នំពេញ, ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៦