ដំណឹង

  • ខែ​វិច្ឆិកា 21, 2016

កិច្ច​​ប្រជុំ​​លើក​​ទី២​ របស់​​គណៈ​​កម្មាធិកា​រ​អចិន្ត្រៃយ៍​​មជ្ឈមណ្ឌល​​តំបន់​​អាស៊ាន​​សម្រាប់​​សកម្ម​ភាព​​មីន​

កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន នាថ្ងៃទី ២១ វិច្ឆិកា ២០១៦។

2

1

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្នាក់ការ ARMAC ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ប្រាស៊ីត សាយ៉ាស៊ីត (Prasith Sayasith) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាធិប្បតេយ្យប្រជាមានិតទ្បាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ARMAC និងមានការចូលរួមពីតំណាងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំបានធ្វើការពិភាក្សាអំពីការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល ARMAC និងបានឯកភាពតាមសំណើរបស់កម្ពុជាឱ្យមាននាយកប្រតិបត្តិបណ្តោះអាសន្ន (Interim Executive Director) របស់មជ្ឈមណ្ឌល ARMAC ដើម្បីគ្រប់គ្រងការងារប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលនេះ និងជួយគាំទ្រដល់ការងាររបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ រហូតដល់ពេលដែលនាយកប្រតិបត្តិត្រូវបានជ្រើសរើសជាស្ថាពរ។ កិច្ចប្រជុំក៏បានអនុម័តគោលការណ៍ណែនាំស្តីពីការជ្រើសរើសនាយកប្រតិបត្តិដែលនឹងត្រូវប្រើប្រាស់ជាឯកសារយោងសម្រាប់ដំណើរការជ្រើសរើសនាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC នាពេលខាងមុខនេះ។

កិច្ចប្រជុំក៏បានពិភាក្សា និងកែសម្រួលសេចក្តីព្រាងថវិកាប្រចាំឆ្នាំសម្រាប់ដំណើរការ ARMAC និងផែនការការងារពីរឆ្នាំ (២០១៧-២០១៨) របស់មជ្ឈមណ្ឌលផងដែរ។នៅពេលចាប់ផ្តើមប្រតិបត្តិការពេញលេញ មជ្ឈមណ្ឌល ARMAC នឹងដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ជួយប្រទេសសមាជិកអាស៊ាន ដែលមានចំណាប់អារម្មណ៍ ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម និងលើកទឹកចិត្តឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ។