ទិសដៅការងារការបរទេសរបស់កម្ពុជា
កម្ពុជាប្រកាន់ខ្ជាប់នយោបាយការបរទេស ដែលបម្រើលើកស្ទួយ និងការពារផលប្រយោជន៍ជាតិ ដោយផ្តោតលើការងារទាំង៥ ដូចខាងក្រោម៖
១. ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់មត់នូវសន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម
កម្ពុជានឹងបន្តរក្សាយ៉ាងម៉ុតមាំនូវឯករាជ្យភាពក្នុងរាល់សេចក្តីសម្រេចរបស់ខ្លួន លើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយគោរពនូវគោលនយោបាយអព្យាក្រឹត្យភាពអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក និងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
កម្ពុជារក្សានិងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន ក្នុងការជ្រើសរើសវិធី និងមធ្យោបាយដែលសមស្របបំផុតដើម្បីការពារបូរណភាពទឹកដី និងការពារផលប្រយោជន៍ស្នូលរបស់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។
កម្ពុជានឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋខ្លួននៅបរទេស សហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋម្ចាស់ផ្ទះ ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ពលករ ព្រមទាំងផ្តល់សេវា និងជំនួយឧបត្ថម្ភដល់ពួកគាត់នៅពេលចាំបាច់។
២. បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ
កម្ពុជានឹងខិតខំបន្តពង្រឹងចំណងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងភាពជាដៃគូ ដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានាឱ្យបានកាន់តែល្អប្រសើរ ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើតនិងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។
កម្ពុជានឹងរួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងការកសាងសហគមន៍អាស៊ាន ដោយសំដៅបំរើប្រជាជន និងយកប្រជាជនជាស្នូល រក្សានិងពង្រឹងឯកភាពនិងមជ្ឈភាពរបស់អាស៊ាន ហើយតាមរយៈអាស៊ាន ជំរុញនិងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនិងសង្គម ផ្អែកលើគោលការណ៍គ្រឹះ២ គឺការប្រកាន់កុងសង់ស៊ុសក្នុងរាល់សេចក្តីសម្រេច និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
៣. ជំរុញការងារការទូតសេដ្ឋកិច្ច
ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ការផ្លាស់ប្តូររបៀបរបបការងារ ពីការធ្វើការទូតប្រពៃណី មកជាការទូតដែលផ្តោតសំខាន់ដល់ការលើកស្ទួយសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ នឹងរួមចំណែកដ៏សំខាន់មួយក្នុងការទាក់ទាញទុនវិនិយោគពីបរទេស ធ្វើពិពិធកម្មប្រភពវិនិយោគ ពង្រីកទីផ្សារនាំផលិតផលកម្ពុជាទៅក្រៅប្រទេស ទាក់ទាញទេសចរ និងលើកស្ទួយវប្បធម៌ជាតិលើឆាកអន្តរជាតិ។
កម្ពុជានឹងបន្តដំណើរលើផ្លូវនៃសេរីភាវូបនីយកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មបើកចំហ និងសកលភាវូប-នីយកម្ម ក៏ដូចជាជំរុញពាណិជ្ជកម្មពហុភាគីនិយមជាមួយអង្គការពាណិជ្ជកម្មពិភពលោក។
នៅក្នុងស្មារតីខាងលើនេះ កម្ពុជាក៏បានរួមចំណែកក្នុងកិច្ចប្រឹងប្រែងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) និងបន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាមិត្តនានា ដូចជាសាធារណរដ្ឋកូរ៉េ និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម។
៤. បន្តគាំទ្រ និងពង្រឹងពហុភាគីនិយម
នៅក្នុងការចាត់ចែងកិច្ចការពិភពលោក និងរួមចំណែកក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយ ដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មដល់បុព្វហេតុសន្តិភាពលើពិភពលោក ដោយបញ្ជូនកងកំលាំងខ្លួន ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បំពេញភារកិច្ចមនុស្សធម៌ប្រកបដោយវិជ្ជាជីវៈខ្ពស់ ការគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យ និងច្បាប់អន្តរជាតិ និងកសាងទំនាក់ទំនងល្អជាមួយអង្គភាព និងប្រជាជនមូលដ្ឋាន។
កម្ពុជាស្វាគមន៍និងគាំទ្រនូវរាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងផ្តោតលើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ការធ្វើឱ្យស៊ីសង្វាក់គ្នា និងការបំពេញឱ្យគ្នាទៅវិញទៅមក នូវគំនិតផ្តួចផ្តើមតំបន់នានា មាន «ខ្សែក្រវ៉ាត់និងផ្លូវ» «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» និងនយោបាយរបស់ប្រទេសធំៗ ក្នុងតំបន់ ដែលសម្លឹងមកតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌទន្លេមេគង្គ គឺសំខាន់ និងចាំបាច់។
៥. លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីការទូត
ការជម្រុញការដ្ឋានកំណែទម្រង់ផ្ទៃក្នុង ទាំងផ្នែកហេដ្ឋារចនាសម័្ពន្ធរូបវន្ត និងមិនមែនរូបវន្ត បានក្លាយជាកត្តាអាទិភាពមួយ ដើម្បីរៀបចំអង្គអ្នកការទូត ប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាព។
ការវិនិយោគទៅលើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការកសាងសមត្ថភាពជំនាញវិជ្ជាជីវៈ តាមរយៈការបង្កើត និងពង្រឹងតួនាទីរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ កាន់តែមានភាពចំាបាច់ និងសំខាន់ ដើម្បីសម្រេចបានដោយជោគជ័យនូវបេសកកម្មការពារ និងលើកស្ទួយផលប្រយោជន៍គោលរបស់កម្ពុជា។
ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍ប្រទេសជាមិត្តនានា ចំពោះការបន្តផ្តល់ជំនួយ និងកិច្ចសហ-ប្រតិបត្តិការល្អក្នុងការជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការចែករំលែកចំណេះដឹង និងទស្សនាទាននានា។