វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់​ទំនង​អន្តរជាតិ


ទិដ្ឋភាពទូទៅ

 

នៅខែមេសា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ត្រូវបាន​តែងតាំងជារដ្ឋមន្រ្តីថ្មីនៃ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (កបទសអ) ។ បន្ទាប់ពីបានចូលកាន់តំណែង ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានធ្វើ​ការ​​កែទម្រង់ជាច្រើន​នៅក្នុង​ក្រសួង ក្នុង​នោះមានការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងឡើងវិញ ​ដើម្បីឲ្យ​ក្រសួង​អាចឆ្លើយតបទៅនឹងការត្រៀមលក្ខណៈសម្បត្តិថ្មីរបស់រាជរដ្ឋាភិបាល  កម្ពុជា​លើវិស័យការបរទេស​​ ដែលមានការប្រែប្រួលឥតឈប់ឈរនិងមិនអាច​ប្រមើលមើលជាមុនបានទាំងក្នុងតំបន់និងពិភពលោក។

ក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិង​ការ​ប្រព្រឹត្តទៅនៃកបទសអ។ តាមរយៈអនុក្រឹត្យនេះ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ(វកទអ) ត្រូវបាន​បង្កើតឡើង និង​ស្ថិត​​ក្រោម​កបទសអ។ វកទអ គឺជាវិទ្យាស្ថានបណ្តុះបណ្ដាល​មន្រ្តីការទូត​​ដំបូងគេនៅក្នុងប្រវត្តិវិស័យការទូត​កម្ពុជា។ រចនាសម្ព័ន្ធនិងបេសកកម្មរបស់វិទ្យាស្ថានត្រូវបានកែសម្រួលបន្ថែមទៀត​ ដោយអនុក្រឹត្យលេខ១០៥ ​អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ គោលបំណងសំខាន់របស់​វិទ្យាស្ថានគឺកសាងសមត្ថភាពវិជ្ជាជីវៈក្នុ​ងជួរ​មន្រ្តីការទូតកម្ពុជាឲ្យក្លាយជា​យុទ្ធជន​ដ៏មុតស្រួច​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការងារការទូតពិភពលោកដែល​មាន​លក្ខណៈកាន់តែ​ស្មុកស្មាញឡើង​​​ ជាពិសេសដើម្បីលើកកម្ពស់ភាពជាម្ចាស់ការនិងតួនាទីដ៏សំខាន់និង​សកម្មរបស់កម្ពុជាក្នុងកិច្ចការតំបន់និង​ពិភពលោកដើម្បីបម្រើផលប្រយោជន៍ជាតិ ​ប្រជាជន និងកិត្យានុភាពជាតិ ​ដើម្បីឲ្យបាន​ស្មើភាពនិង​ស្មើសិទ្ធិ​នៅលើវេទិកា​អន្តរជាតិ។

 

ចក្ខុវិស័យ

 

ចក្ខុវិស័យសម្រាប់រយៈពេលវែងរបស់វិទ្យាស្ថាន​ គឺប្រែក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព និងសាលាគោលរបស់​ប្រទេសកម្ពុជា​ក្នុងការបណ្តុះបណ្តាលមន្រ្តីការទូត និងជាមជ្ឈមណ្ឌល​ស្រាវជ្រាវឈានមុខគេ​លើ        វិស័យ​ការបរទេស។ វិទ្យាស្ថាននឹងជួយពង្រឹងនិងពង្រីកអត្តសញ្ញាណកម្ពុជា ដែលបេសកកម្មរបស់​ខ្លួន​ឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្ដែង​របស់ប្រទេស នៅក្នុងបរិបទនៃការប្រែប្រួលស្ថានការណ៍តំបន់និងសាកលលោក។ ក្នុងន័យនេះ វិទ្យាស្ថាននឹងចូលរួម​ចំណែកក្នុង​ការ​អនុវត្តគោលនយោបាយរបស់​កបទសអ និង​គោលនយោបាយការបរទេសកម្ពុជា ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល។

 

បេសកកម្ម

 

វិទ្យាស្ថាន​មានភារកិច្ចសំខាន់ៗដូចជា ការរៀបចំកម្មវិធីបណ្តុះបណ្តាលនិងកម្មវិធីស្រាវជ្រាវលើវិស័យការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចូលរួមចំណែកដល់ការរៀបចំគោលនយោបាយការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ វិទ្យាស្ថាននឹងសហការជាមួយស្ថាប័នជាតិនិងអន្តរជាតិនិងគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងដៃគូអភិវឌ្ឍន៍ ទាំង​រដ្ឋនិងផ្នែកឯកជនសម្រាប់ការអភិវឌ្ឍស្ថាប័នធនធានមនុស្សនិងក្នុងវិស័យការទូតនិងទំនាក់ទំនងអន្តរជាតិ។

វិទ្យាស្ថាននឹង​រៀបចំវគ្គបណ្តុះណ្តាលសម្រាប់សិក្ខាកាមនិងមន្រ្តីបរទេស​ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញបកប្រែភាសាបរទេសម្រាប់កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

 

 

រចនាសម្ព័ន្ធគ្រប់គ្រង

 

យោងតាមអនុក្រឹត្យទាំងពីរខាងលើ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ត្រូវបានដឹកនាំដោយ ប្រធាន ០១រូប អមដោយ​ អនុប្រធានមួយចំនួន និងមាននាយកដ្ឋានចំនួន ៥ ក្រោមដូចឱវាទ​ ដូចខាងក្រោម៖ ​

១.នាយកដ្ឋានកិច្ចការទូទៅ ទទួលបន្ទុកការងាររដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក ព័ត៌មានវិទ្យា និងធនធានឯកសាររបស់វិទ្យាស្ថាន

២.នាយកដ្ឋានបណ្តុះបណ្តាល ទទួលបន្ទុកផ្តល់ការបណ្តុះបណ្តាលផ្នែកការទូតនិងទំនាក់ទំនងអន្តរជាតិ

៣.នាយកដ្ឋានស្រាវជ្រាវនិងវិភាគយុទ្ធសាស្ត្រ សម្របសម្រួលនិងរៀបចំផែនការសម្រាប់ការស្រាវជ្រាវនិងវិភាគយុទ្ធសាស្រ្តផ្នែកការទូតសម្រាប់ការងារបណ្តុះបណ្ដាល ស្រាវជ្រាវស្តីពីកម្មវិធីបណ្តុះណ្តាលទំនាក់ទំនងការទូត និងទំនាក់ទំនងអន្តរជាតិ

៤.នាយកដ្ឋានទំនាក់ទំនងសាធារណៈ គ្រប់គ្រង​ការងារទំនាក់ទំនង​ជាមួយស្ថាប័នជាតិនិងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងគុណភាពការ​បណ្តុះបណ្តាលនិងស្រាវជ្រាវវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

៥.នាយកដ្ឋានភាសាបរទេស រៀបចំវគ្គបណ្តុះបណ្តាលភាសាបរទេស ជំនាញបកប្រែ និងការបកប្រែឯកសារ ព្រមទាំងសេវាបកប្រែនិងបកប្រែឯកសារ។

 

កម្មវិធីបណ្តុះបណ្តាល

 

វិទ្យាស្ថាននឹងរៀបចំកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាប់ពី មន្រ្តីជ្រើសរើសថ្មី មន្រ្តីគ្រប់គ្រងកម្រិតមធ្យម មន្រ្តីគ្រប់គ្រងកម្រិតខ្ពស់ និងមន្រ្តីការទូតដែលទទួលបានការតែងតាំងឲ្យបំពេញការងារនៅស្ថាន​តំណាងកម្ពុជានៅបរទេស ព្រមទាំងមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យការទូតនិងទំនាក់ទំនងអន្តរជាតិ ដើម្បីអាចឆ្លើយតបទៅនឹងការបំពេញការងារកំណត់ដោយ​រាជរដ្ឋាភិបាល។ វិទ្យាស្ថាននឹងរៀបចំកម្មវិធីសិក្សាអំពីអាស៊ីនិងអន្តរជាតិ ដែល​នឹង​ផ្តោតលើ៖ (១) គោលនយោបាយការបរទេស (២) នយោបាយនិងសន្តិសុខ និង (៣)​ បណ្តុះបណ្តាលជំនាញភាសាបរទេសនិង​សិក្សា​វប្បធម៌ ដើម្បីបង្កើនការយល់ដឹងលើកិច្ចការ​តំបន់និង​អន្តរជាតិក្នុងជួរមន្រ្តីការទូតកម្ពុជានិងមន្រ្តីរាជការជាទូទៅ។

 

 

ការបណ្តុះបណ្តាលភាសាបរទេសនិងជំនាញអ្នកបកប្រែភាសា

 

វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនឹង​រៀបចំការ​បណ្តុះបណ្តាលពង្រឹងសមត្ថភាព​មន្រ្តីការទូតផ្នែកភាសាបរទេស ដូចជា ភាសាប្រទេសជិតខាង រួមមាន ភាសាថៃ វៀតណាម និង ឡាវ ព្រមទាំងភាសាអង់គ្លេស បារាំង ចិន កូរ៉េ និងជប៉ុន​ ជាដើម។  វិទ្យាស្ថាន​នឹង​រៀបចំវគ្គ​បណ្តុះបណ្ដាលជំនាញអ្នកបកប្រែភាសាសម្រាប់មន្រ្តីការទូតកម្ពុជា និងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធនានាផងដែរ។

 

ការស្រាវជ្រាវនិងវិភាគយុទ្ធសាស្រ្ត

 

វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ​នឹងរៀបចំបង្កើត​ក្រុមអ្នកស្រាវជ្រាវកម្ពុជា​សម្រាប់កិច្ចការបរទេស ដែលអាចចូលរួមចំណែកដល់ការរៀបចំគោលនយោបាយការការបរទេសកម្ពុជា។ វិទ្យាស្ថាននឹងពង្រីកកិច្ចសហ​ប្រតិបត្តិការជាមួយនឹងស្ថាប័នស្រាវជ្រាវកិច្ច​ការអន្តរជាតិ​​ក្នុង​តំបន់និងអន្តរជាតិ ដើម្បីរៀបចំកម្មវិធីសិក្សា​ស្រាវជ្រាវរួមគ្នា ក្នុង​គោលបំណង​កសាងនិង​ពង្រឹង​សមត្ថភាពអ្នក​ស្រាវជ្រាវកម្ពុជា​សម្រាប់វិទ្យាស្ថាននិងក្រសួងផងដែរ។

 

កិច្ចសហប្រតិបត្តិការអន្តរជាតិ

 

ជា​​​ស្ថាប័នដែល​ទើបនឹង​បង្កើតឡើងថ្មី និង​ជាគ្រឹះស្ថាន​បណ្តុះបណ្តាល​ការទូត​ដំបូង​គេស្ថិតក្រោមកបទសអ នា​​បច្ចុប្បន្ននេះ វិទ្យាស្ថាន​​កំពុង​ស្ថិត​ក្នុង​ជំហាន​ដំបូង​នៃ​ការ​រៀបចំផែនការ​បណ្តុះបណ្ដាល​ ​កម្មវិធីសិក្សា​និង​​ការ​អភិវឌ្ឍ​ធនធានមនុស្សវិទ្យាស្ថាន។​ វិទ្យាស្ថាន​បាន​ចាត់ទុក​កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយស្ថាប័នបណ្តុះបណ្ដាល​បរទេស​និង​ដៃគូអភិវឌ្ឍន៍​ ជា​សកម្មភាពអាទិភាព​ដើម្បី​ស្វែង​រក​កិច្ច​សហការ​ផ្នែក​បច្ចេកទេស និង​ឲ្យ​ថ្នាក់ដឹកនាំវិទ្យាស្ថាន​ស្វែងយល់​ពី​ឧត្តមានុវត្តន៍អន្តរជាតិក្នុង​ការគ្រប់គ្រង​និង​ដំណើរការស្ថាប័នថ្មីមួយនេះ។ ដូច្នេះ ដើម្បីឲ្យ​ដំណើរការ​រប​ស់​វិទ្យាស្ថាន​មាន​និរន្តរភាពរយៈពេលវែង​ក្នុង​យុគសម័យ​សាកលភាវូបនីយកម្មនេះ វិទ្យាស្ថានចាំបាច់​ត្រូវ៖

កសាង​សមត្ថភាពស្ថាប័ននិង​មនុស្ស

បណ្តុះបណ្ដាល​ពង្រឹងសមត្ថភាព​មន្រ្តីការទូត​កម្ពុជា​និង​មន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ

កសាង​និង​ពង្រឹង​សមត្ថភាព​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន

ពង្រឹងសមត្ថភាព​មន្រ្តីការទូត​កម្ពុជា​និង​មន្រ្តីក្រសួងពាក់ព័ន្ធផ្នែកភាសាបរទេស​និង​ជំនាញ​អ្នក​បក​ប្រែភាសា

 

 

ភាពខុសគ្នា​រវាង​​វិទ្យាស្ថាន​និង​សាលាភូមិន្ទរដ្ឋបាល​

 

  • សាលាភូមិន្ទរដ្ឋបាល​ (សភរ)

 

សាលាភូមិន្ទរដ្ឋបាល​ត្រូវ​បង្កើតឡើងនៅឆ្នាំ១៩៥៦ បន្ទាប់ពីប្រទេសកម្ពុជាបាន​​ទទួលឯករាជ្យ​។ ចាប់ពីពេល​នោះមក មន្រ្តីការទូតកម្ពុជា​​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅសាលាភូមិន្ទរដ្ឋបាល​ ដែល​ជាសាលា​​បណ្តុះបណ្តាល​ផ្នែក​ការទូត​តែមួយគត់នៅប្រទេសកម្ពុជា​រហូត​មក​ដល់​មាន​ការ​បង្កើត​វកទអនេះឡើង​។ សាលាភូមិន្ទរដ្ឋបាល​បណ្តុះបណ្តាល​លើ​​បីផ្នែកធំៗ ដូចជា រដ្ឋបាល​ទូទៅ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ការទូត សម្រាប់​បម្រើដល់រដ្ឋបាល​សាធារណៈ​ទាំងមូលរបស់​ប្រទេសកម្ពុជា។ សភរ​រៀបចំវគ្គបណ្តុះបណ្តាល​សិស្សមន្រ្តីជាន់ខ្ពស់​ផ្នែក​ការទូត​ដែល​សិក្សារយៈពេល​ពីរឆ្នាំ ​ជ្រើសរើស​រៀងរាល់ពីរឆ្នាំម្តង និង​ចំនួន​សិស្សផ្នែកការទូត​នៅមានចំនួន​តិចតួចនៅឡើយ​ ដែល​មិន​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​កបទសអ និង​វិស័យការទូត​កម្ពុជា​ដែល​មាន​តួនាទីក្នុង​តំបន់​កាន់​តែ​សកម្មឡើងបន្ទាប់ពីកម្ពុជាបាន​​ក្លាយជា​សមាជិកអាស៊ាន​នៅឆ្នាំ១៩៩៩។ សភរមិន​បាន​​រៀបចំវគ្គបណ្តុះបណ្ដាល​រយៈពេលខ្លី​​សម្រាប់​មន្រ្តី​កបទសអ និង​​មន្រ្តីការទូតកម្ពុជាដែលត្រូវ​បាន​តែងតាំង​ទៅ​បំពេញការងារ​នៅស្ថាន​តំណាងកម្ពុជា​នៅបរទេស​​ រហូតមកដល់បច្ចុប្បន្ននេះទេ។

 

  • វិទ្យាស្ថានជាតិការទូត​និង​ទំនាក់ទំនងអន្តរជាតិ​ (វកទអ)

 

វិទ្យាស្ថាន​ជាតិ​ការទូត​និ​ងទំនាក់ទំនងអន្តរជាតិ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បីឆ្លើយតបទៅនឹង​តម្រូវ​ការ​ជាក់​ស្ដែង​របស់​វិស័យការទូត​កម្ពុជានិង​កបទសអ និង​ឲ្យ​ស្រប​ទៅនឹង​និន្នាការ​តំបន់និង​សកលលោកដែល​ក្រសួង​ការបរទេស​ក្នុង​តំបន់អាស៊ាននិងបណ្តា​ប្រទេស​មហាអំណាច​ធំៗតែង​តែ​មាន​សាលាបណ្តុះបណ្តាលមន្រ្តីការទូត​របស់​ខ្លួន​ ហើយ​វិទ្យាស្ថាន​ការទូត​ក្នុង​បណ្តាប្រទេស​អាស៊ាន​បូកបី​តែ​ងតែ​រៀបចំកិច្ចប្រជុំ​ព្រឹទ្ធបុរស​និង​នាយកស្ថាប័នបណ្តុះបណ្តាលការទូតអាស៊ានបូកបីជា​រៀងរាល់ឆ្នាំ​ផងដែរ។ វិទ្យាស្ថាន​នេះ​បង្កើតឡើង​ដើម្បី​បំពេញ​បន្ថែម​ទៅលើ​ការបណ្តុះបណ្តាល​ផ្នែកការទូត​នៅសាលាភូមិន្ទរដ្ឋបាល​ ដែល​មានភារកិច្ច​បណ្តុះបណ្តាល​មន្រ្តីរាជការស៊ីវិល​ទាំងអស់នៅទូទាំងប្រទេស។

វកទអនឹង​រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់​មន្រ្តីកបទសអ ចាប់ពី​កម្រិតមន្រ្តីជ្រើសរើសថ្មី មន្រ្តីគ្រប់គ្រងមធ្យមនិង​ជាន់ខ្ពស់ មន្រី្តការទូត​ដែល​ត្រូវបាន​តែងតាំងទៅបំពេញការងារ​នៅស្ថានតំណាងកម្ពុជា​នៅបរទេស។ វកទអក៏នឹង​រៀបចំវគ្គបណ្តុះបណ្តាល​ផ្នែក​ការទូតនិង​ទំនាក់ទំនង​អន្តរជាតិ​សម្រាប់​មន្រ្តីក្រសួងស្ថាប័ន​ពាក់ព័ន្ធផងដែរ។ វិទ្យាស្ថាន​នឹង​រៀបចំការ​បណ្តុះបណ្តាលពង្រឹងសមត្ថភាព​មន្រ្តីការទូត​ផ្នែក​ភាសាបរទេស​ រួមមាន​ ភាសាប្រទេស​ជិតខាង ថៃ ឡាវ វៀតណាម និង​ភាសាអន្តរជាតិធំៗ ដូចជា អង់គ្លេស បារាំង ចិន កូរ៉េ និង​ជប៉ុន ជាដើម ព្រមទាំងវគ្គបណ្តុះបណ្តាល​ជំនាញអ្នកបកប្រែភាសា​ផងដែរ។

វកទអ​នឹង​រៀបចំ​កម្មវិធីសិក្សា​ស្រាវជ្រាវ​លើ​កិច្ចការតំបន់និង​អន្តរជាតិដើម្បីបម្រើដល់​សកម្មភាព​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​ និង​ចូលរួម​ចំណែកក្នុង​ការ​រៀបចំគោលនយោបាយ​ការបរទេស​របស់​កម្ពុជា។ ជាពិសេស វិទ្យាស្ថាន​មាន​គ្រូឧទ្ទេស​ដែល​ជាអ្នក​អនុវត្តការងារផ្ទាល់ និង​មន្រ្តីការទូត​ជាន់ខ្ពស់ដែលមាន​បទពិសោធន៍ការងារ​ជាក់ស្តែង​​ជាច្រើនឆ្នាំក្នុង​វិស័យ​ការទូត​និង​កិច្ចការអន្តរជាតិ។

 

អាសយដ្ឋានទំនាក់ទំនង

 

វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

លេខ៣ វិថី សម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ឌលេខ: (855) 23 223 583

អ៊ីម៉ែល: nidir@mfaic.gov.kh