ព័ត៌មាន

  • មេសា ២៥, ២០១៧

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបលោក Patrick Murphy

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧​ វេលាម៉ោង​១៥:០០ នៅទីស្តីការក្រសួង ឯកឧត្តម         ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានទទួលជួប​ពិភាក្សា​ការងារជាមួយលោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួល​បន្ទុក​កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសទស្សន​កិច្ច​​របស់លោក នៅព្រះរាជាណា​ចក្រកម្ពុជា។

ជាបឋម ឯកឧត្តមទេស​រដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៌យ៉ាងកក់ក្តៅចំពោះ​ដំណើរ ទស្សនកិច្ច​របស់​​លោក Patrick Murphy ហើយនិងមនោសញ្ចេតនារីករាយក្នុងការជួបពិភាក្សា​ការងារលើកដំបូងជាមួយឧត្តមមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក។

ឯកឧត្តមទេស​រដ្ឋមន្រ្តី បានជំរាបជូនលោកឧបការីរងអំពីការត្រៀមខ្លួនរួចជាស្រេចរបស់​ កម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលអាមេរិកថ្មី ដើម្បីពង្រឹងពង្រីកទំនាក់​ទំនង​​​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម ក៏បានចាត់ទុកទស្សនកិច្ចរបស់លោកឧបការីរង​ថាជាឱកាស​ដែល​រដ្ឋាភិបាល​ប្រទេសទាំងពីរពិភាក្សាផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តមទេស​រដ្ឋមន្រ្តី ​បាន​សម្តែង​អំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក​ចំពោះ​ការ​ផ្តល់​ជំនួយអភិវឌ្ឍដល់កម្ពុជា ក្នុង​រយៈ​កាល​​ពីរទស្សវត្សកន្លងមក និងបានជំរាបលោក Patrick Murphy ពីការត្រៀម​ខ្លួនរបស់ឯកឧត្តមដើម្បីទៅចូលកិច្ច​ប្រជុំពិសេស​រវាងរដ្ឋមន្ត្រី​កា​រ​បរ​ទេស​​អាស៊ាន និងរដ្ឋមន្ត្រីការ​បរ​ទេ​ស​អាមេរិក នៅទី​ក្រុ​ង​វ៉ាស៊ីងតោន នាពេលដ៏ខ្លីខាងមុខ។

ដោយនេះជាជំនួបលើកដំបូង លោក Patrick Murphy បានសំដែងនូ​វ​ការអប​អរ​សាទរ​ចំពោះ​ការតែងតាំង​ឯកឧត្តម ប្រាក់ សុខុន ជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។ លោកឧប​ការីរង ក៏បានជំរាបពីការត្រៀមស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និង​របស់រដ្ឋមន្ត្រីការ​បរ​ទេសអាស៊ាន​ផ្សេងទៀត ដើម្បីចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក នាពេល​ខាង​មុខ​។ លោកឧបការីរង ក៏បានសំដែងក្តីរីករាយដែលបានជួបពិភាក្សា​ផ្លាស់ប្តូរយោបល់ជាមួយ​    ឯកឧត្តម​​​ទេស​រដ្ឋមន្រ្តី ​អំពីទំនាក់ទំនង​ទ្វេភាគី​ បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនក្នុងឱកាសទស្សន​កិច្ច​នេះ។

ក្នុងការពិភាក្សាលើបញ្ហាឧបទ្វីបកូរ៉េ  ឯកឧត្តមទេស​រដ្ឋមន្រ្តី បានជំរាបពីជំហររបស់កម្ពុជា​ចាត់ទុកការ​បាញ់ម៉ីស៊ីល និងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ថាជាការរំលោភលើ​សេចក្តី​​​​សម្រេច​ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយក្នុងនាមជាប្រទេសហត្ថលេខីនៃ​សន្ធិ​សញ្ញា​​​ស្តីពី​តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ​ កម្ពុជាមានជំហរចង់ឲ្យមាន​ការលុបបំបាត់អាវុធ​នុយ​ក្លេ​អ៊ែ​​រ​នៅ​ក្នុង​​តំបន់ ពិសេសនៅឧបទ្វីបកូរ៉េដោយសន្តិវិធី។

ឯកឧត្តមទេស​រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ​គោរពតាម​រាល់​​សេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជា​ធិបតេយ្យ​ប្រជា​មា​និត្យ​​កូរ៉េ ហើយក្នុងស្មារតីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​បានជូនព័ត៌មាន​ទៅ​ដល់​​គ្រប់ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់អ​នុវត្តឲ្យបានពេញលេញទៅតាម​សេចក្តីសម្រេចចិត្ត​របស់​​ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។

លោក Patrick Murphy  បានវាយតម្លៃខ្ពស់ចំពោះជំហររបស់កម្ពុជាលើបញ្ហាឧបទ្វីបកូរ៉េ​ហើយនិងការតាំងចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការអនុវត្តទៅតាមសេចក្តីសម្រេចចិត្ត​ទាំងឡាយ​​របស់​ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជា​ធិបតេយ្យ​ប្រជា​មា​និត្យ​​កូរ៉េ។

ក្នុងការពិភាក្សានៅលើបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់​ពី​ជំហរជាគោល​ការណ៍របស់កម្ពុជា ដែលជាប្រទេសពុំមានការពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះទឹកដី ចង់ឲ្យ​មាន​ការជៀសវាងនូវសកម្មភាពដែលអាចបង្ករភាពតានតឹងបន្ថែមទៀតដល់សភាពការណ៍នៅ​សមុទ្រ​ចិនខាងត្បូង និងប៉ះពាល់ជាអវិជ្ជមានដល់​ទំនាក់ទំនង​រវាង​អាស៊ាន​-ចិន ហើយនិងការ​ខិតខំ​កន្លង​មក​របស់កម្ពុជាក្នុងការសម្របសម្រួលរវាងអាស៊ាន-ចិន។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានជំរាបជូនលោក Patrick Murphy អំពីការវិវត្តន៍ជាវិជ្ជមានមួយចំនួនដូចជាៈ  ការតាំងចិត្តរបស់​អាស៊ាន និងចិន ក្នុងការអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវ​សេចក្តីថ្លែងការណ៍ស្តីពី​ការប្រតិបត្តិ (DOC) ការបង្កើតទំនាក់ទំនង Hotline រវាងក្រសួងការបរទេសអាស៊ាន-ចិន ការសន្ទនាប្រកបដោយ​វិជ្ជមាន​រវាង​ប្រទេសចិន-ប្រទេសអាស៊ានដែលមានជម្លោះទឹកដីផ្ទាល់ ព្រម​ទាំង​ការ​ប្តេជ្ញា​​របស់ប្រទេស​អា​ស៊ាន និងចិន ក្នុងការសម្រេចឲ្យបាននូវក្រមខ័ណ្ឌនៃក្រមប្រតិបត្តិ (COC) នៅពាក់​កណ្តាលឆ្នាំ​២០១៧​នេះ ដែលជាឯកសារគោលសម្រាប់ឈានដល់ការតាក់តែងក្រមប្រតិបត្តិ(COC)។

ចំពោះទំនាក់ទំនងទ្វេភាគី លោក Patrick Murphy បានលើកសរសើរ​ចំពោះ​សមិទ្ធផល និង​ការអភិវឌ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាង២ទស្សវត្ស​កន្លង​មក​នេះ ហើយលោក​ក៏​បានសម្តែងពីភាពរីករាយចំពោះស្ថានភាពដ៏ល្អនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ។ លោក Patrick Murphy បាន​គូសបញ្ជាក់ពីបំណងរបស់រដ្ឋា​ភិបាលអាមេរិកចង់​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​នេះ ឲ្យកាន់​តែ​​ល្អ​ប្រសើរថែមទៀត។ លោកឧបការីរង ក៏បានបញ្ជាក់​ពី​ជំហ​​រ​របស់អាមេរិក​គោរពដោយពេញលេញ​ចំពោះ​អធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់​ចំពោះជំនួយអភិវឌ្ឍ ​និង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ពិសេសលើវិស័យអប់រំ សុខាភិបាល បរិស្ថាន ការដោះមីន ការទប់ស្កាត់​ការជួញ​ដូរមនុស្ស ការរត់ពន្ធ​គ្រឿងញៀន ការស្វែងរកអដ្ឋិធាតុទាហ៊ានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម​ (MIA) ការលើកកម្ពស់​សមត្ថ​​ភាព​របស់កងកំលាំងរក្សាសន្តិភាពកម្ពុជា​ ដើម្បី​​ចូលរួមក្នុង​បេសកកម្ម​រក្សា​សន្តិភាពក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ ការផ្លាស់​ប្ដូរពាណិជ្ជកម្ម​​រវាង​ប្រទេស​​​ទាំងពីរ និង​ការសម្រេចរបស់​សហ​រដ្ឋអាមេរិកផ្ដល់​​ដល់កម្ពុជា ក្នុងខែកក្កដា​កន្លង​មកនេះ នូវ​ការ​លើក​លែង​​ពន្ធ​​ (Duty Free) ចំពោះ​មុខ​ទំនិញសម្រាប់ធ្វើដំណើរ ​(travel goods) ចំនួន២៧ប្រភេទ ដែលផលិត​នៅ​​កម្ពុជា។

លោក Patrick Murphy​ បានសម្តែងសេចក្តីសោមនស្សរីករាយ​ចំពោះការលើកឡើង​របស់​ឯកឧត្តមទេសរដ្ឋមន្ត្រី ពិសេសគឺការបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ត​ពង្រឹងនិង​ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

លើបញ្ហាកិច្ចព្រមព្រៀងបញ្ជូនត្រឡប់មកកម្ពុជាវិញនូវពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ឯក​ឧត្តម​​ទេស​រដ្ឋ​មន្រ្តី បានលើកឡើងថា កន្លងមកមានការតិះទៀន​ពីសំណាក់​ពលរដ្ឋខ្មែរនៅក្នុង​ប្រទេស និងសហគមខ្មែរនៅ​សហរដ្ឋអាមេរិក ព្រមទាំងពីសាម៉ីខ្លួន​ដែល​ត្រូ​វ​បានបញ្ជូនមកកម្ពុជា​ផ្ទាល់​ ដែល​បាន​​លើកឡើងពី“ទណ្ឌកម្មទ្វេដង”ដែល​ពួកគេត្រូវទទួល ទីមួយគឺការ​ជាប់ទោសរួចទៅហើយ​នៅ​សហ​រដ្ឋអាមេរិក និងទីពីរគឺការដែលត្រូវបាន​បញ្ជូនមកកម្ពុជា ដែលពួកគេ​ត្រូវ​ឃ្លាតឆ្ងាយពីគ្រួសារ និង ត្រូវប្រឈមនឹងការលំបាកជាច្រើនក្នុងការធ្វើសមាហ​រណកម្ម​​ចូលទៅ​ក្នុងសង្គមថ្មីមួយសម្រាប់​ពួក​គេ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកយោបល់ឲ្យមានការគិតពិចារណាពីគោលការណ៍ស្ម័គ្រចិត្ត ការ​កំណត់ច្បាស់លាស់នូវលក្ខណៈវិនិច្ឆ័យសម្រាប់បុគ្គលដែលនឹងត្រូវបញ្ជូន ការផ្តល់សិទ្ធិឲ្យពួកគេ​ធ្វើ​ដំណើរទៅសួរសុខទុក្ខគ្រួសារនៅសហរដ្ឋអាមេរិក ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង​ខាងលើ ដើម្បីធានាបាននូវទិដ្ឋភាពពីរគឺ ទិដ្ឋភាពមនុស្សធម៌ និង​មេត្តាធម៌ និងបាន​ជំរាបលោក​ឧបកា​រីរងថា កម្ពុជាកំពុងបញ្ចប់នូវការតាក់តែងសេចក្តី​ព្រាងកម្រងវិសោធនកម្មនេះ ហើយ​នឹង​ប្រគល់​ជូនស្ថានទូតអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីចាប់ផ្តើមការជួបពិភាក្សា​រវាង​ភាគី​ទាំងពីរលើសេចក្តីព្រាងនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានអះអាងពីឆន្ទៈ​របស់រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​នៅតែបន្តទទួលយក និងសហការជាមួយសហរដ្ឋ​អាមេរិក ដោះស្រាយបញ្ហាការបញ្ជូន​ពលរដ្ឋ​ខ្មែរ​ពីសហរដ្ឋអាមេរិកមកកម្ពុជានេះ។ ថ្មីៗនេះពលរដ្ឋខ្មែរចំនួន០៨នាក់ បានមកដល់កម្ពុជាហើយ ហើយចំនួន២៦នាក់ទៀត នឹងត្រូវមកកម្ពុជាជាបន្តបន្ទាប់។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាល។

ភ្នំពេញ ថ្ងៃទី​ ២៦ ​ខែ មេសា ឆ្នាំ​២០១៧