ដំណឹង

  • ខែ​ឧសភា 2, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបឯកឧត្តម Nobuo KISHI

នៅរសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧​ វេលាម៉ោង​០៣:០០ នៅទីស្តីការក្រសួង ឯកឧត្តម         ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សា​ការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដែលដឹកនាំដោយឯកឧត្តម Nobuo KISHI អនុ​​រដ្ឋ​មន្រ្តីការបរទេសរជប៉ុន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាដំបូង ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ បានសម្តែងនូវការស្វាគមន៌យ៉ាងកក់ក្តៅចំពោះដំណើរ​ទស្សនកិច្ច​របស់ឯកឧត្តមអនុ​​រដ្ឋ​មន្រ្តីការបរទេសជប៉ុន និងបាន​លើក​ឡើង​អំពីការវាយតម្លៃខ្ពស់ និងការ​ពេញ​ចិត្ត​​របស់​រាជរដ្ឋាភិបាលកម្ពុជា ​ចំពោះការរីកចម្រើនក្នុង​ទំនាក់​ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជានិងជប៉ុន។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី  ក៏បាន​សម្តែងនូវអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា ចំពោះការចូលរួមដ៏សកម្ម និងការជួយឧបត្ថម្ភរបស់ជប៉ុន ក្នុងដំណើរការសន្តិភាព ក៏ដូចជា​ដំណើរការ​ស្តារ និងអភិវឌ្ឍកម្ពុជាឡើងវិញ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បាន​សម្តែងនូវក្តីជឿជាក់ថា ​ដំណើរ​ទស្សន​កិច្ច​​របស់ឯកឧត្តម​អនុ​​រដ្ឋ​មន្រ្តីការបរទេស​ជប៉ុននៅពេលនេះ ​នឹងរួមចំណែកក្នុងការពង្រឹងបន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការរ​វាងប្រទេស​ទាំងពីរ​ ។

ឯកឧត្តម Nobuo KISHI បានជម្រាបបជូនឯកឧត្តម​ទេស​រដ្ឋមន្រ្តី  ថានេះគឺជាដំណើរ​ទស្សន​កិច្ច​លើកទីមួយរបស់ឯកឧត្តមមកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឋានៈជាអនុរដ្ឋ​មន្រ្តីការបរ​ទេស​ជប៉ុន ហើយ​ក៏បានសម្តែងនូវក្តីរីករាយចំពោះជំនួបលើកដំបូង រវាងឯកឧត្តមជាមួយនិង​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ។ ឯកឧត្តម​ ក៏បានសម្តែងនូវការរីករាយ​ចំពោះការរីកចម្រើនក្នុងទំនាក់​ទំនងកិច្ច​សហ​ប្រតិ​បត្តិ​ការ រវាងប្រទេសទាំងពីរ ហើយ​បានគូសបញ្ជាក់ថា ឯកឧត្តមនឹងខិតខំដើម្បីពង្រឹងនិងពង្រីក​បន្ថែម​ទៀត​​នូវកិច្ចសហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ​​។

​ ឯកឧត្តមអនុ​​រដ្ឋ​មន្រ្តីការបរទេសរជប៉ុន​ បានជម្រាបជូនឯកឧត្តម​ទេស​រដ្ឋមន្រ្តីថា​ ​ដើម្បីពង្រឹងនិង​ពង្រីក​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋាភិបាលជប៉ុនមានគម្រោង​អញ្ជើញសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន​ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន  បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់​​នៅកម្ពុជា ក្នុងពេលខាងមុខនេះ។

ឯកឧត្តម អនុ​​រដ្ឋ​មន្រ្តីការបរទេសរជប៉ុន បានជំរាបជូនឯកឧត្តម​ទេស​រដ្ឋមន្រ្តីថា ការបង្កើត​ឡើង​​នូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦​ បានចូលរួមចំណែក​ដ៏​សំខាន់ ក្នុងការបង្កើនឡើងនូវភ្ញៀវទេសចរ​ជប៉ុន​ ក៏ដូចជាការសំរួលការធ្វើដំណើររបស់ធុរៈកិច្ចជន​ជប៉ុ​ន​មក​កាន់​​ព្រះ-​រា​ជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះការកើនឡើងនូវទេសចរជប៉ុន ភាគីជប៉ុន​នឹងបើកនូវការិយាល័យកុងស៊ុលរបស់ជប៉ុន នៅខេត្តសៀមរាប នៅក្នុងរវាងខែមករា ​ឆ្នាំ​២០១៨ ខាងមុខ​នេះ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានសំដែងនូវការរីករាយចំពោះការអញ្ជើញរបស់រដ្ឋាភិបាល​ជប៉ុនចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន​ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ​បន្ទាប់​ពីការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា ហើយឯកឧត្តមបានគូសបញ្ជាក់ថា នឹងជំរាបជូនសម្តេចតេជោនាយក​រដ្ឋ​​មន្ត្រី អំពីការអញ្ជើញនេះ។ ឯក​ឧត្តម​​ទេស​រដ្ឋមន្រ្តី  ក៏បានសម្តែងនូវការស្វាគមន៌ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាលជប៉ុន ក្នុងការបង្កើត​នូវ​ការិយាល័យកុងស៊ុលរបស់ជប៉ុនប្រចាំនៅខេត្តសៀមរាប  ហើយឯកឧត្តម​ចាត់ទុក​ថាការបើកនូវ​ការិយា​ល័យ​នេះ​ នឹងរួមចំណែកបន្ថែមទៀតក្នុងការបង្កើនឡើង​នូវភ្ញៀវ​ទេសចរ​ជប៉ុន​មក​កាន់កម្ពុជា ក៏ដូចជាការ​បង្កើន​ឡើងនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន​រវាងប្រទេស​ទាំង​ពីរ​។

ឯកឧត្តម អនុ​​រដ្ឋ​មន្រ្តីការបរទេសរជប៉ុន ក៏បានជម្រាបជូនឯកឧត្តម​ទេស​រដ្ឋមន្រ្តី  អំពីគម្រោងរបស់​រដ្ឋាភិបាលជប៉ុនក្នុងការរៀបចំទិវាភាពយន្តរបស់ជប៉ុននៅកម្ពុជា ក្នុងពេលខាងមុខនេះ ហើយបានស្នើសុំ ការជួយសម្រួលនិងការគាំទ្ររបស់អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាចំពោះការរៀបចំ​​នេះ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី  បានសម្តែងនូការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន​ ក្នុង​ការ​រៀបចំទិវាភាពយន្តរបស់ជប៉ុននៅកម្ពុជា ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការបង្កើន​ថែមទៀតនូវ​ទំនាក់​ទំនងរវាង​ប្រជាជន និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី  ក៏បានជម្រាបជូនឯកឧត្តមអនុ​​រដ្ឋ​មន្រ្តីការបរទេសរជប៉ុន អំពីការរីក​រាយ​ពេញចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការកើនឡើងយ៉ាងឆាប់រហ័សនូវទំនាក់ទំនង​ផ្នែកសេដ្ឋ​កិច្ច​រវាង​ប្រទេសទាំងពីរ ពិសេសគឺការកើន​ឡើង​នូវវិនិយោគទុនរបស់ជប៉ុននៅ​កម្ពុជាពីចំនួន ៥៩លានដុល្លារ ក្នុងឆ្នាំ២០១៥ មកដល់ចំនួន ៨០០​លាន​ដុល្លារ ក្នុងឆ្នាំ២០១៦ ហើយនិងការកើនឡើងនូវការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​រវាងប្រទេសទាំងពីរ ពីចំនួន​ប្រមាណ​​៩៩៤លានដុល្លាក្នុងឆ្នាំ​២០១៥ មកដល់ចំនួន​ប្រមាណ ១.៣៥៥ លានដុល្លារ ក្នុងឆ្នាំ ២០១៦​កន្លង​មក​នេះ ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី  និងឯកឧត្តមអនុ​​រដ្ឋ​មន្រ្តីការបរទេសរជប៉ុន ក៏បានពិភាក្សាផ្លាស់ប្តូយោបល់​គ្នា​ផងដែរ អំពី​កិច្ច​​​សហ​ប្រតិ​​បត្តិការរវាងអាស៊ាននិងជប៉ុន ហើយនិងបញ្ហាតំបន់ និងបញ្ហាអន្តរជាតិមួយចំនួន​ដែល​ភាគីទាំងពីរមានការចាប់អារម្មណ៌។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាលក្រៃលែង។

 ភ្នំពេញ ថ្ងៃទី ០៣ ​ ខែឧសភា ឆ្នាំ​២០១៧