សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 3, 2017

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី​ អន្ត​រា​គម​ជួយ​ពល​កា​រិ​នី​ខ្មែរ​២​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលការិនីខ្មែរចំនួន២នាក់ ដូចខាងក្រោម៖

() ពលការិនី ស.ឃ  អាយុ៣៣ឆ្នាំ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅ​ម៉ាឡេស៊ី ​ធ្វើការងារ​តាមផ្ទះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ តាមរយៈ​ក្រុមហ៊ុន​មួយនៅកម្ពុជា​។ ដោយធ្វើការលំបាក នៅ​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ នាងបានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និង​ជួយ​​ឲ្យ​បាន​ត្រឡប់មកកម្ពុជាវិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូតនិយោ​ជក​​របស់ពលការិនីបានប្រគល់ប្រាក់ខែ​ដែល​នៅសល់​ជូននាងចំនួន២៣០៨៩​ រីងហ្គីត(ប្រហែល៥២៤៧ដុល្លារអាមេរិក) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ។​

(២) ពលការិនី.ស.ម អាយុ២៥ឆ្នាំ មកពីស្រុកសំបូរ ខេត្តក្រចេះ បានទៅម៉ាឡេស៊ី​ខុសច្បាប់​ដោយខ្លួនឯង និងធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥។ ដោយចង់​ត្រឡប់មកកម្ពុជាវិញ នាងបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៧ ហើយ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ​ដល់​ពលការិនីទាំងពីរនាក់ ហើយពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក ​តាម​ជើងយន្តហោះ AK536

គួរកត់សម្គាល់ថា ក្នុងត្រីមាសទី១ (ពីថ្ងៃទី០១ ខែមករា ដល់៣១ ខែមីនា) ឆ្នាំ២០១៧ ស្ថាន​ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍ជូន ពលរដ្ឋខ្មែរ ចំនួន៦០នាក់ (ស្រី៥១នាក់ និងប្រុស០៩នាក់) ៕

                                                               ភ្នំពេញ, ថ្ងៃទី​០៣ ខែ ឧសភា ឆ្នាំ ២០១៧