News

  • ខែ​កញ្ញា 13, 2016

ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឱ្យ លោកបណ្ឌិត Liu Yunguo ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យតំណាងថ្មី របស់អង្គការសុខភាពពិភពលោក World Health Organization (WHO) លោកបណ្ឌិត Liu Yunguo  ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ចំពោះ ការតែងតាំងរូបលោក Liu Yunguo ជាតំណាងថ្មីរបស់អង្គការសុខភាពពិភពលោក ប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា ហើយឯកឧត្តម បានសម្ដែងនូវក្តីសង្ឃឹមថា លោក Liu Yunguo នឹងរួម ចំណែកក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និង អង្គការសុខភាពពិភពលោក ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញពីសកម្មភាពរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជានៅក្នុងឆ្នាំ១៩៩០ តាមរយៈអង្គការយូនីសេហ្វ(UNICEF) និងកាកបាទក្រហមអន្តរជាតិ ហើយបន្ទាប់មក បានបើកនូវការិយាល័យអង្គការសុខភាពពិភព-លោកនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩១  ដើម្បីសំរួលដល់កិច្ចសហប្រតិបត្តិការ រវាងអង្គការ សុខភាពពិភពលោក និង ព្រះរាជាណាចក្រកកម្ពុជា ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ ចំពោះបទពិសោធន៍ផ្ទាល់របស់លោកបណ្ឌិត Liu Yunguo  នៅក្នុងវិស័យសុខាភិបាល ក៏ដូចជា បទពិសោធន៍ការងារ បន្ទាប់ពីបានបំពេញការងារនៅក្នុងបណ្ដាប្រទេសអាស៊ីមួយចំនួន ដូចជា៖ នៅ ហ្វីលីពីន ឡាវ និងហ្វីជី ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្ដែងនូវក្ដីសង្ឃឹមថាបទពិសោធន៍ដ៏មានតំលៃទាំងនេះនឹងជួយដល់ការងាររបស់លោកផ្ទាល់

នៅកម្ពុជា ។

 ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្ដែងអំណរគុណ ចំពោះអង្គការសុខភាពពិភពលោក ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសក្នុងកម្មវិធីដ៏សំខាន់ចំនួន៤ ដែលស្របទៅនឹង ផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាលកម្ពុជា គឺ៖ ទី១ – កិច្ចអភិវឌ្ឍប្រព័ន្ធសុខាភិបាល ទី២- សុខភាពមាតា និងទារក ទី៣- បរិស្ថានប្រកបដោយសុខភាព និងជំងឺដែលមិនឆ្លង និង ទី៤- ជំងឺឆ្លង ។

លោកបណ្ឌិត Liu Yunguo  បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីសេចក្តីសោមនស្ស រីករាយ ដែលរូបលោកត្រូវបានតែងតាំង មកបំរើការងារនៅព្រះរាជាណចក្រកម្ពុជា ហើយលោក ក៏បាន សម្ដែងនូវការចាប់អារម្មណ៍ និងវាយតំលៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍ជាច្រើន ដែលសម្រេចបានដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ។

លោកបណ្ឌិត Liu Yunguo  ក៏បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ថា

លោកនឹងខិតខំ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីពង្រឹងនូវទំនាក់ទំនង ការងារលើផ្នែកសុខាភិបាល។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត Liu Yunguo  ក៏បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីផែនការសហប្រតិបត្តិការជាយុទ្ធសាស្រ្តរបស់អង្គការសុខភាពពិភពលោក ជាមួយនឹង ព្រះរាជា- ណាចក្រកម្ពុជាសំរាប់ឆ្នាំ២០១៦ – ២០២០  ដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក  នាពេលថ្មីៗនេះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត រវាងអង្គការសុខភាព ពិភពលោក ជាមួយកម្ពុជា សំរាប់ឆ្នាំ២០១៦ – ២០២០ ។ ឯកឧត្តម បានគូសបញ្ជាក់ថា សុខាភិបាល ជាវិស័យអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានសំដែងនូវក្ដីសង្ឃឹមថា លោក បណ្ឌិត Liu Yunguo  នឹងបន្តកិច្ចសហប្រតិបត្តិការបានល្អប្រសើរ ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសំរេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) របស់រាជរដ្ឋាភិបាល និងបាន ជូនពរឲ្យលោកបណ្ឌិត  សម្រេចបានជោគជ័យក្នុងការងារ។

នៅទីបញ្ចប់ លោកបណ្ឌិត Liu Yunguo  បានប្រគល់ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី នូវ សារតាំងរបស់រូបលោក ជាតំណាងថ្មីរបស់អង្គការសុខភាពពិភពលោក ប្រចាំនៅព្រះរាជាណាចក្រ- កម្ពុជា។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៦