សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 16, 2016

សេចក្តីបំភ្លឺ ចំពោះករណីពលរដ្ឋខ្មែរនៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺចំពោះករណីពលរដ្ឋខ្មែរនៅពន្ធនាគារ Juru ប្រទេស ម៉ាឡេស៊ី ដែលបានលើកឡើងក្នុង Cambodia Daily ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ក្នុងអត្ថបទ “Maids Claim Fatal Abuse at Malaysian Depot” ដូចខាងក្រោមនេះ

     បន្ទាប់ពីមានការលេចចេញនូវព័ត៌មានថា មានពលរដ្ឋខ្មែរ កំពុងជាប់នៅពន្ធនាគារJuru ប្រទេស ម៉ាឡេស៊ី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដោយផ្ទាល់ អោយឯកអគ្គរាជទូតកម្ពុជាធ្វើការ ស្រាវជ្រាវពីករណីនេះ។

     តាមរបាយការណ៍ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អាជ្ញាធរពន្ធនាគារJuru បានផ្តល់ព័ត៌មានជូនស្ថានទូតថា៖

  • ក្នុងឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរចំនួន៣៣នាក់ (បុរស១៤នាក់ នារី១៩នាក់) ជាប់នៅពន្ធនាគារJuru ដែលក្នុងចំណោមនោះ ពលរដ្ឋខ្មែរ៣១នាក់ ត្រូវបានដោះលែង ហើយបាន វិលត្រឡប់មកកម្ពុជាវិញហើយ។
  • ពលរដ្ឋខ្មែរឈ្មោះ សាំង ផ្លាត (នារី) បានស្លាប់កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដោយសារជំងឺនៅមន្ទីរពេទ្យម៉ាឡេស៊ី។ (តាមសំណើរបស់បងស្រីបង្កើតរបស់នារីឈ្មោះ សាំង ផ្លាត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំអោយ ស្ថានទូត ជួយរៀបចំ បូជាសព ហើយប្រគល់ធាតុជូនតំណាងសាច់ញាតរបស់សព ក្នុងដើមខែកក្កដា ឆ្នាំ២០១៦)។
  • ចំណែកឯពលរដ្ឋខ្មែរឈ្មោះ សុខ ខា កើតនៅឆ្នាំ១៩៩៨ មកពីខេត្តកំពង់ចាម កំពុងត្រូវបានអង្គការអន្តរជាតិ ទេសសន្តរ ប្រវេសន៍(IOM) រៀបចំសំបុត្រយន្តហោះអោយ តាមការស្នើសុំរបស់ស្ថានទូត។ នៅពេលពលរដ្ឋឈ្មោះ សុខ ខា ត្រឡប់មកកម្ពុជា វិញ គឺពុំមានពលរដ្ឋខ្មែរជាប់នៅពន្ធនាគារJuru ទៀតទេ។

­ចំពោះករណីនារីខ្មែរចំនួន២នាក់ ដែលបានលើកឡើងក្នុង Cambodia Daily នោះ ស្ថានទូតបានគូសបញ្ជាក់ថា៖

  • នារីទាំង២នាក់ នោះ ត្រូវបានជាប់នៅមន្ទីរឃុំឃាំងJuru រយៈពេល៧ខែ ពីបទធ្វើការងារគ្មានច្បាប់អនុញ្ញាត និងគ្មានលិខិតឆ្លង ដែន។ នារីទាំងពីរ ត្រូវបានដោះលែង និងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ ស្ថានទូតកម្ពុជាប្រចាំប្រទេស ម៉ាឡេស៊ី បានចេញលិខិតបើកផ្លូវជូន ហើយអង្គការ “មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស” នៅកម្ពុជា បានផ្តល់សំបុត្រ យន្តហោះសម្រាប់នារីទាំងពីរ។ នារីទាំងពីរ ពុំបានលើកឡើងជាមួយស្ថានទូត ពីករណីការធ្វើទារុណកម្មណាមួយនៅក្នុងមន្ទីរ ឃុំឃាំងនេះឡើយ ក្រៅតែពីបានស្នើស្ថានទូត ជួយឲ្យបានត្រឡប់មកកម្ពុជាបានឆាប់បំផុត។
  • មន្ទីរឃុំឃាំងJuru បានបដិសេធការចោទប្រកាន់ ដែលថាមានការវាយធ្វើបាបចំពោះអ្នកជាប់ឃុំឃាំងនៅទីនោះ និងថាមាន ពលរដ្ឋខ្មែរមួយចំនួនបានស្លាប់ដោយសារការវាយធ្វើបាបនោះ៕

ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៦