ដំណឹង

  • ខែ​ឧសភា 11, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបឯកឧត្តម Hernani Coelho

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧​  ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបឯកឧត្តម Hernani​ Coelho​ រដ្ឋមន្ត្រីការបរទេស នៃទីម័រឡេស្តេ នៅសណ្ឋាគារសុខាភ្នំពេញ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៦:១៥នាទី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតអោយឯកឧត្តម Akitaka Saiki ដែលជាអតីតអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ហើយបច្ចុប្បន្នជាទីប្រឹក្សារបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួម “វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន» នៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ ចំពោះឯកឧត្តម Akitaka Saiki ដែលបាន អញ្ជើញមកចូលរួមក្នុងវេទិកា “សេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន» ដែលគោលដៅសំខាន់នៃវេទិកានេះគឺការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិ​បត្តិការលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីការជួបពិភាក្សាកន្លងមកថ្មីៗនេះ រវាងឯកឧត្តមផ្ទាល់ ជាមួយនឹងឯកឧត្តម Nobuo Kishi អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ហើយដែលក្នុងឱកាសនោះ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នានៅលើបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយក៏បានថ្លែងអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ចំពោះការចូលរួមចំណែកដ៏សកម្មរបស់ជប៉ុន ក្នុងដំណើរការសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់នូវជំនួយលើ​គ្រប់វិស័យ ក្នុងដំណើរការស្តារនិងអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តមទីប្រឹក្សារដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងពីការវាយតម្លៃខ្ពស់របស់ឯកឧត្តមចំពោះ​​ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុង “វេទិកាសេដ្ឋកិច្ចពិភពលោក   ស្តីពីអាស៊ាន» នេះ។ ឯកឧត្តមទីប្រឹក្សា ក៏បានសម្តែងក្នុងនាមរដ្ឋាភិបាលជប៉ុន នូវមរណទុក្ខចំពោះរាជរដ្ឋា-ភិបាលនិងប្រជាជនកម្ពុជា សម្រាប់ការបាត់បង់ជីវិតរបស់កងកម្លាំងមួកខៀវរបស់កម្ពុជាចំនួន៤នាក់ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលកន្លងមកថ្មីៗនេះ ហើយឯកឧត្តមក៏បានលើកឡើងអំពីការវាយតម្លៃខ្ពស់របស់​ជប៉ុន ក៏ដូចជារបស់សហគមន៍អន្តរជាតិ ចំពោះការរួមវិភាគទានរបស់កងកម្លាំងមួកខៀវកម្ពុជា នៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមទីប្រឹក្សារបស់រដ្ឋមន្រ្តីការបរទេសជប៉ុន បានអះអាងជាថ្មីជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា ហើយនិងការបន្តផ្តល់ជំនួយរបស់ជប៉ុនដល់ព្រះរាជាណាចក្រកម្ពុជាបន្តទៅទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងបើកក្នុងពេលអនាគតខាងមុខនេះ នូវការិយាល័យកុងស៊ុលរបស់ជប៉ុនប្រចាំនៅខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងការកើនឡើងនៃចំនួនអ្នកទេសចរណ៍ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមទីប្រឹក្សារដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បានពិភាក្សាផ្លាស់ប្តូរ
យោ​បល់គ្នា នៅលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលភាគីទាំងពីរមានការចាប់អារម្មណ៍។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាលក្រៃលែង។

ភ្នំពេញ,, ថ្ងៃទី​ ១២ ​ខែ ឧសភា ឆ្នាំ​២០១៧