សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 16, 2017

ស្ថាន​ទូត​កម្ពុជា​នៅ​ទី​ក្រុង​ហា​ណូយ ​អន្ត​រា​គម​ជួយ​នារី​ខ្មែរ​៣​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ សហការជាមួយនាយកដ្ឋាននគរបានព្រហ្មទណ្ឌនៃក្រសួងនគរបាលវៀតណាម  បានអន្តរាគម ជួយនារីខ្មែររងគ្រោះចំនួន៣នាក់ ដូច​ខាងក្រោម៖

១- កញ្ញា .ស.ណ ​   អាយុ២០ឆ្នាំ    មកពីស្រុកក្រូចឆ្មា   ខេត្តកំពង់ចាម

២- កញ្ញា .ស.ព      អាយុ១៩ឆ្នាំ     មកពីស្រុកក្រូចឆ្មា   ខេត្តកំពង់ចាម

៣ -កញ្ញា .ស.ង     អាយុ១៨ឆ្នាំ     មកពីស្រុកអូរឬស្សី  ខេត្តក្រចេះ ។

នារីខ្មែរទាំង៣នាក់ ត្រូវបានមេខ្យល់នាំឆ្លងចូលប្រទេសវៀតណាម កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧  និងបន្តធ្វើ​ដំណើរតាម​ច្រក​ព្រំដែន​វៀតណាម-ចិន Mong Cai នៃខេត្ត Quang Ninh បម្រុង​នាំ​ទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ជាថ្នូរនឹងប្រាក់ចន្លោះពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារអាមេរិក ។ បច្ចុប្បន្នអ្នកទាំង៣ ​កំពុងត្រូវបានគាំពារដោយ​យក​ចិត្តទុកដាក់ ពីអង្គការ Blue Dragon Children’s Foundation ក្នុងប្រទេសវៀតណាម។

ស្ថានទូត កំពុងសហការជាមួយនាយកដ្ឋាននគរព្រហ្មទ័ណ្ទនៃក្រសួងនគរបាលវៀតណាម និង​អង្គការ Blue Dragon Children’s Foundation ដើម្បីធ្វើបែបបទ​បញ្ជូននារីខ្មែរទាំង៣នាក់ ត្រឡប់មក​ ​កម្ពុជា​វិញ​ក្នុងពេលឆាប់ៗខាងមុខ ​។ ​