សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 22, 2017

ស្ថាន​​អគ្គកុង​ស៊ុល​​កម្ពុជា​ប្រ​ចាំ​​ខេត្ត​សា​​កែវ​ ជួយ​សម្រប​សម្រួល​ក​រ​ណី​ពល​រដ្ឋ​ខ្មែរ​ត្រូវ​ឃាត់​ខ្លួន​ ០៩​​ នាក់ ​

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីការសម្របសម្រួលបញ្ហាពាក់ព័ន្ធនឹងករណីពលរដ្ឋខ្មែរ០៩នាក់ ដែលត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន នៅស្រុកឃុនហាន ខេត្តស៊ីសាកេត នៅថ្ងៃទី ១៣​ ឧសភា ២០១៧ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងដោយខុសច្បាប់ ថា បន្ទាប់ពីបានឃើញព័ត៌មានក្នុងគេហទំព័រ Thai News ថ្ងៃទី ១៤ ខែឧសភា ស្តីពីការឃាត់ខ្លួនពលរដ្ឋខ្មែរ ០៩​នាក់នេះ ស្ថានអគ្គកុងស៊ុលបានទំនាក់ទំនង ហើយទទួល​បានការផ្តល់ព័ត៌មានពីអាជ្ញាធរស្រុកឃុនហាន ដូចតទៅ៖

នៅថ្ងៃទី១៣ ឧសភា ២០១៧ ម៉ោងប្រមាណ ២០:០០នាទី អាជ្ញាធរស្រុកឃុនហាន បានចុះល្បាត​ក្នុងតំបន់អភិរក្សព្រៃឈើនៅចំណុច WA២៦២៩៣០ ស្ថិតក្នុងឃុំកាន់ត្រំ ស្រុកឃុនហាន ខេត្តស៊ីសាកេត បានប្រទះឃើញពលរដ្ឋខ្មែរមួយក្រុមប្រមាណជាង១០នាក់ កំពុងកាប់ និងអូសឈើ ហើយឃាត់ខ្លួនបានចំនួន ៣​នាក់ មានឈ្មោះដូចខាងក្រោម រួមទាំងវត្ថុតាងមាន ឈើគ្រញូងចំនួន ៩ដុំ និងថ្នាំញៀន​ ៖

១. ខន តយ ភេទប្រុស    អាយុ ៣៧ឆ្នាំ    នៅភូមិរំចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​

២. តង សឿ   ភេទប្រុស    អាយុ ៤២ឆ្នាំ      នៅភូមិអូរស្វាយ ស្រុកអូរស្វាយ ខេត្តឧត្តរមានជ័យ

៣. ថា ទុយ   ភេទប្រុស    អាយុ ៤០ឆ្នាំ     នៅភូមិទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

នៅម៉ោងប្រមាណ ២១:០០នាទី ថ្ងៃដដែល​ នៅចំណុច WA២៧៤៩៤០ ស្ថិតក្នុងឃុំកាន់ត្រំ ដដែល​នេះ អាជ្ញាធរស្រុកឃុនហាន ឃាត់ខ្លួនបានចំនួន៦នាក់ផ្សេងទៀត (ស្រី៣នាក់) មានឈ្មោះដូចខាងក្រោម ព្រមទាំងវត្ថុតាង ឈើគ្រញូងចំនួន ១៤ ដុំ និងសម្ភារ:មួយចំនួន ៖

៤.  វី ព្រីង       ភេទប្រុស   អាយុ ៤១ឆ្នាំ    នៅភូមិព្រៃស្វាយ ស្រុកព្រៃស្វាយ ខេត្តកំពង់ធំ

៥. បុក ម៉ម     ភេទស្រី     អាយុ ៣៥ឆ្នាំ   នៅភូមិអូរស្វាយ ស្រុកអូរស្វាយ ខេត្តឧត្តរមានជ័យ

៦. ប្រាត ព្រីង ភេទស្រី     អាយុ ២៥ឆ្នាំ    នៅភូមិអូរស្វាយ ស្រុកអូរស្វាយ ខេត្តឧត្តរមានជ័យ

៧. ខៀវ ម៉ម    ភេទស្រី     អាយុ ៥៣ឆ្នាំ   នៅភូមិអូរស្វាយ ស្រុកអូរស្វាយ ខេត្តឧត្តរមានជ័យ

៨. ដូន សារ៉េត ភេទប្រុស   អាយុ ៥២ឆ្នាំ    នៅភូមិអូរស្វាយ ស្រុកអូរស្វាយ ខេត្តឧត្តរមានជ័យ

៩. ចេ ហម     ភេទប្រុស   អាយុ ៣៨ឆ្នាំ   នៅភូមិតាខ្យា ស្រុកភ្នំស្វាយ ខេត្តកំពង់ស្ពឺ

បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង ០៩ នាក់ ខាងលើ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស៊ីសាកេត រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ស្ថានអគ្គកុងស៊ុល កំពុងបញ្ជូនមន្ត្រីកុងស៊ុលទៅជួបសាកសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ០៩នាក់នេះ ហើយនិងកំពុងសម្របសម្រួលជួយជំរុញដំណើរការកាត់ក្តីឲ្យបានឆាប់ និងត្រៀមផ្តល់មេធាវីជួយការពារក្តីជូនពួកគាត់។

                             ភ្នំពេញ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧