សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 22, 2017

ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជាប្រ​ចាំ​ខេ​ត្តសា​កែវ​ ជួយ​សម្រ​ប​ស​ម្រួល​ក​រ​ណី​ពល​រដ្ឋ​ខ្មែរ​ត្រូវ​ឃាត់​ខ្លួន​ ១០​នាក់​

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីការសម្របសម្រួលបញ្ហាពាក់ព័ន្ធនឹងករណីពលករខ្មែរ១០នាក់ ដែលត្រូវឃាត់ខ្លួននៅ ស្រុកមឿងសាកែវ ខេត្តសាកែវ កាលពីថ្ងៃទី ១៤ ឧសភា ២០១៧ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងដោយខុសច្បាប់ ថា បន្ទាប់ពីបានទទួលបានព័ត៌មាន ថ្ងៃទី ១៤ ខែឧសភា ស្តីពីការឃាត់ខ្លួនពលរដ្ឋខ្មែរ ១០នាក់នេះ ស្ថានអគ្គកុងស៊ុលបានទំនាក់ទំនង ហើយទទួលបានការផ្តល់ព័ត៌មានពីអាជ្ញាធរស្រុកមឿងសាកែវ ដូចតទៅ៖

នៅថ្ងៃទី១៤ ឧសភា ២០១៧ ម៉ោងប្រមាណ ១២:០០ នាទី អាជ្ញាធរមូលដ្ឋានថៃសហការជាមួយកងកម្លាំងអភិរក្សព្រៃឈើនៃឧទ្យានជាតិប៉ាងស៊ីដា បានចុះល្បាតក្នុងតំបន់ឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងភូមិណយ ឃុំថាយែក ស្រុកមឿងសាកែវ ខេត្តសាកែវ បានប្រទះឃើញពលរដ្ឋខ្មែរប្រមាណ ១៥នាក់ កំពុងដើររកកាប់ឈើគ្រញូងនៅក្នុងតំបន់ឧទ្យានជាតិប៉ាងស៊ីដា ហើយឃាត់ខ្លួនបានចំនួន ១០នាក់ មានឈ្មោះ​ដូចខាងក្រោម ព្រមទាំងវត្ថុតាងជាប់ខ្លួនមាន រណាយន្ត ស្បៀងអាហារ សម្ភារ: និងសំលៀកបំពាក់មួយចំនួន ៖

        ១.    ពេជ្រ ម៉ី               ភេទប្រុស     អាយុ ២៦ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ២.   សល់ ភា              ភេទប្រុស     អាយុ ៣៦ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ៣.   ឈាវ ធី               ភេទប្រុស     អាយុ ២៣ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ៤.    ទី អៀប               ភេទប្រុស     អាយុ ២៣ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ៥.    ថន ធឿន            ភេទប្រុស     អាយុ ៣០ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ៦.    វីន សល់              ភេទប្រុស     អាយុ ២៧ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ៧.   នេត្រ ផល្លា          ភេទប្រុស     អាយុ ៣០ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ៨.    គឹម មឿន            ភេទប្រុស     អាយុ ២៥ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ៩.    ថុល ជាតិ            ភេទប្រុស     អាយុ ២៥ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

        ១០. វ៉េត អ៊ុន               ភេទប្រុស     អាយុ ៣០ ឆ្នាំ     ខេត្តបន្ទាយមានជ័យ

បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង ១០ នាក់ ខាងលើ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តសាកែវ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ស្ថានអគ្គកុងស៊ុល កំពុងបញ្ជូនមន្ត្រីកុងស៊ុលទៅជួបសាកសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ១០នាក់នេះ ហើយនិងកំពុងសម្របសម្រួលជួយជំរុញដំណើរការកាត់​ក្តីឲ្យបានឆាប់ និងត្រៀមផ្តល់មេធាវីជួយការពារក្តីជូនពួកគាត់។

       ភ្នំពេញ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧