សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 22, 2017

ស្ថាន​ទូត​ក​ម្ពុ​ជា​នៅ​ម៉ា​ឡេ​ស៊ី​ អ​ន្ត​រា​គម​ជួយ​ពល​កា​រិ​នី​ខ្មែរ​៤​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលការិនីខ្មែរចំនួន៤នាក់ ដូចខាងក្រោម៖

(១) ពលការិនី ន.ស.ខ  អាយុ៣៣ឆ្នាំ មកពីស្រុកមេមត់ ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ​ធ្វើការ​ជាអ្នកបោសសំអាត កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយ​សារ​និយោជក​មិនបើកប្រាក់ខែឲ្យ ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីស្នើ​ស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក​ និង​ជួយនាងឲ្យបានវិលត្រឡប់មក​កម្ពុជា​វិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត  និយោជករបស់ពលការិនី បានទៅស្ថានទូតនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ហើយបានប្រគល់ប្រាក់ខែដែលនៅសល់ និង​លិខិត​ឆ្លងដែន ជូននាងវិញ។

(២) ពលការិនី អ.ម.ឌ     អាយុ១៨ឆ្នាំ   មកពីខេត្តព្រៃវែង

(៣) ពលការិនី ម.ស.ជ ​   អាយុ២១ឆ្នាំ   មកពីស្រុកតំបែរ ខេត្តកំពង់ចាម

ពលការិនីទាំង២នាក់ បានទៅម៉ាឡេស៊ីដោយខុសច្បាប់​ ធ្វើការជាអ្នកបោសសំអាត កាលពី​ខែ​កក្កដា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ អ្នកទាំងពីរបាន​ស្នើ​សុំកិច្ចសម្របសម្រួលពី​ស្ថានទូត ​នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។

(៤) ពលការិនី ឃ.ខ  អាយុ៣១ឆ្នាំ មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី​ដោយ​ខុស​ច្បាប់ ​ធ្វើការជាអ្នកបោសសំអាត កាលពីខែកុម្ភៈ ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយ​ចង់ត្រឡប់ទៅកម្ពុជាវិញ ពលការិនីបានទៅ​ស្ថានទូត​ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីទាំងនាក់​ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧     វេលា​ម៉ោង១០:០០នាទីព្រឹក តាមជើងយន្តហោះ MH754

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ​ជូនពលការិនីទាំងនាក់ផងដែរ៕

                                                               ភ្នំពេញ, ថ្ងៃទី​១៩ ខែ ឧសភា ឆ្នាំ ២០១៧