សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 22, 2017

ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រ​ចាំ​ខេត្ត​សា​កែវ ​​អន្តរា​គម​ឲ្យ​ដោះ​លែង​​ពល​រដ្ឋ​ខ្មែរ​២​​នាក់​

 ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងអន្តរាគមតាមមធ្យោបាយផ្លូវច្បាប់ ដើម្បីជួយឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន២នាក់ (ជាបងប្អូនបង្កើតនឹងគ្នា) ដែលត្រូវបានអាជ្ញាធរថៃ​ចាប់ឃុំខ្លួន​​នៅពន្ធនាគារ​ខេត្តសាកែវ ពីបទប្រើប្រាស់ឯកសារក្លែងបន្លំចូលទឹកដីថៃដោយខុសច្បាប់។ កិច្ច​អន្តរាគមន៍នេះធ្វើឡើង ឆ្លើយតបតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ​ពលរដ្ឋ​ទាំង​ពីរនាក់ កាលពីថ្ងៃទី១៧ ខែ​ ឧសភា ឆ្នាំ២០១៧។

នៅថ្ងៃទី១៨ ខែឧសភា មន្រ្តីស្ថានអគ្គកុងស៊ុលបានទៅជួបផ្ទាល់ជាមួយបុរសរងគ្រោះ ដែលមាន​ឈ្មោះ យ៉ិន ម៉ាន់  អាយុ២២ឆ្នាំ និងឈ្មោះ យ៉ិន អេន អាយុ១៨ឆ្នាំ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង។ អ្នកទាំងពីរ បានចូលទឹកដីថៃតាមរយៈមេខ្យល់ម្នាក់ជាជនជាតិខ្មែរ ដោយប្រើប្រាស់ប័ណ្ណចេញ-ចូល អន្តោប្រវេសន៍​ថៃ ( ចូលព្រឹក ចេញលា្ងច សម្រាប់ពលរដ្ឋខ្មែរចូលផ្សាររោងក្លឿ) ដែលជាឈ្មោះអ្នកដទៃ ហើយត្រូវបានប៉ូលីសអន្តោប្រវេសន៍ថៃឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងបញ្ជូនបន្តទៅ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសាកែវ នៅថ្ងៃទី២៧ ខែមេសា។

ស្ថានអគ្គកុងស៊ុល បានពិគ្រោះយោបល់ជាមួយមេធាវីជនជាតិថៃ និងក្រុមគ្រួសារជនរងគ្រោះ ដោយសម្រេចតម្កល់ប្រាក់ធានាខ្លួនអ្នកទាំងពីរឲ្យស្ថិតនៅក្រៅឃុំ រង់ចាំតុលាការកាត់ក្តីនាពេលខាងមុខ។

ស្ថានអគ្គកុងស៊ុល កំពុងបន្តតាមដានលើករណីនេះ ហើយនឹងផ្តល់ព័ត៌មានបន្ថែម នៅពេលក្រោយ។

                                                               ភ្នំពេញ, ថ្ងៃទី​១៩ ខែ ឧសភា ឆ្នាំ ២០១៧