សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 23, 2017

អគ្គ​លេ​ខា​ធិ​ការ​អ​.ស​.ប​ សម្តែង​ការ​ចូល​រួម​ម​រ​ណៈ​ទុក្ខ​សព​កម្លាំង​រក្សា​សន្តិ​​ភាព​កម្ពុជា​​០៤រូប ​ដែល​បាន​ពលី​ក្នុង​បេស​ក​កម្ម ​MINUSCA​ នៅ​សា​ធា​រ​ណៈ​រដ្ឋ​អា​ហ្រ្វិក​កណ្តាល​។

ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើលិខិតជូន​ឯកឧត្តម​ឯកអគ្គ​រាជទូត​ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧ ដោយបាន​សម្តែង​ការសោកស្តាយដ៏ជ្រាលជ្រៅ ពេលទទួល​​បានដំណឹងថា អនុសេនីយ៍ត្រី ម៉ៅ អេង អនុសេនីយ៍ត្រី ស៊ាង នរិន្ទ ពលបាលត្រី អ៊ឹម សំ និងពលបាលត្រី មុំ តុលា បម្រើការក្នុងកងវិស្វកម្ម​នៃ​បេសកកម្ម MINUSCA នៅសាធារណៈរដ្ឋ​អាហ្រ្វិក​កណ្តាល បានពលីក្នុងពេលបំពេញការងារ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ កន្លងមក។

ឯកឧត្តមអគ្គលេខាធិការ បានស្នើសុំដល់ឯកឧត្តមឯកអគ្គរាជទូតពាំនាំការចូលរួមរំលែកទុក្ខដល់​រាជរដ្ឋាភិបាលកម្ពុជា ​និងក្រុមគ្រួសារ​សព ចំពោះការបាត់បង់ជីវិតដ៏រន្ធត់នេះ ព្រមទាំងការថ្លែងអំណរគុណ​របស់​ឯកឧត្តមអគ្គលេខាធិការផ្ទាល់​ចំពោះការរួមចំណែករបស់កម្លាំងរក្សាសន្តិភាពកម្ពុជាទាំង៤រូបខាងលើ ដើម្បីសន្តិភាព​នៅសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល។

                                                                       ភ្នំពេញ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧