សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 23, 2017

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី​ អ​ន្ត​រា​គម​ជួយ​ពល​កា​រិ​នី​ខ្មែរ​៨​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលការិនីខ្មែរចំនួន៨នាក់ ដូចខាងក្រោម៖

            ១. គ.ស.ល    អាយុ២៥ឆ្នាំ       មកពីខេត្តកំពង់ចាម

          ២. ណ.ច.រ     អាយុ២៦ឆ្នាំ       មកពីខេត្តកំពង់ចាម

          ៣. ព.ស.គ     អាយុ៣៨ឆ្នាំ       មកពីខេត្តកំពង់ចាម

          ៤. ស.ថ.រ       អាយុ២៨ឆ្នាំ       មកពីខេត្តក្រចេះ

          ៥. ច.ស.វ      អាយុ៣០ឆ្នាំ       មកពីខេត្តក្រចេះ

          ៦. អ.ស.ម     អាយុ២៣ឆ្នាំ       មកពីខេត្តកំពត

          ៧. ស.ច.ន    អាយុ៣១ឆ្នាំ       មកពីខេត្តកណ្តាល

          ៨. អ.ខ.ប      អាយុ២៨ឆ្នាំ       មកពីខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ពលការិនីនាក់ខាងលើ បានទៅប្រទេសម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត កាលពីឆ្នាំ២០១៦ តាមរយៈ​ក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក និងនិយោជក​ពុំ​បើកប្រាក់ខែឲ្យ ទើបពលការិនី​២នាក់ក្នុងចំណោម៨នាក់នោះ បានប្តឹងនគរបាលម៉ាឡេស៊ី ហើយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាល​​ម៉ាឡេស៊ី​ បានចាប់ខ្លួន​និយោជករបស់ពលការិនីទៅឃុំបណ្តោះអាសន្ន បន្ទាប់មក​ក៏បាន​ដោះលែង​វិញ​។ នគរបាល​ម៉ាឡេស៊ី​ បាននាំ​ពលការិនី​ទាំង៨នាក់ ​ ទៅស្នាក់នៅបណ្តោះអាសន្ន​នៅជំរំ​ការពារ​ស្ត្រីនៅរដ្ឋJohor។​

តុលាការធ្លាប់បានកោះហៅនិយោជកនិងពលការិនីទាំង៨នាក់ ផ្តល់​ចម្លើយ​ជាច្រើនលើក ហើយ​មានគម្រោងកាត់ក្តីសារជាថ្មី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧​ (ប៉ុន្តែកន្លង​មក​​ តែងតែមាន​ការ​លើក​​ពេល​ជាច្រើនដង)​។ ដោយពុំអាចរង់ចាំបាន ពលការិនីទាំង៨នាក់ បានស្នើយ៉ាងទទូចសុំត្រឡប់​មក កម្ពុជាវិញឲ្យបានឆាប់ ហើយទន្ទឹមនឹងនេះ បានស្នើសុំស្ថានទូតសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយ​ទាមទារ​​ប្រាក់​ខែជូនពួកគេផងដែរ។

ស្ថានទូតបានចរចាជាមួយនិយោជក ហើយនិយោជកបានសន្យាថា នឹងផ្តល់ប្រាក់ខែគ្រប់ចំនួន ជូនពលការិនីទាំង៨នាក់។ ស្ថានទូត​កំពុងបន្តសហការ​ជាមួយ​អាជ្ញាធរម៉ាឡេស៊ី តាមដានលើករណីនេះ  ហើយ​នឹង​​ចាត់​មន្ត្រីចូលរួមក្នុ្ងងសវនាការតុលាការ។

ពលការិនីទាំងនាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះAK536 ដោយមន្ត្រីស្ថានទូតនឹងជូនដំណើរ​ពួកគេ នៅព្រលានយន្តហោះនៃទីក្រុងគួឡាឡាំពួរ៕

                                                               ភ្នំពេញ, ថ្ងៃទី​២៣ ខែ ឧសភា ឆ្នាំ ២០១៧