សេចក្តីប្រកាសព័ត៌មាន

  • ឧសភា ២៥, ២០១៧

ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រ​ចាំ​ខេត្ត​សា​កែវ​ សម្រប​សម្រួល​ជួយ​ពល​រដ្ឋ​ខ្មែរ​១៦​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ពីការសម្របសម្រួលបញ្ហាពាក់ព័ន្ធនឹងករណីពលរដ្ឋខ្មែរ១៦នាក់ ដែលត្រូវបាន​អាជ្ញាធរថៃ​ចាប់ខ្លួនពីបទឆ្លងដែនចូល​កាប់​ឈើ​​​គ្រញូង​ដោយ​ខុសច្បាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៧  ថា បន្ទាប់ពីទទួលបានព័ត៌មានពីការចាប់ខ្លួននេះ ស្ថានអគ្គកុងស៊ុល បានចាត់​មន្រ្តី​កុងស៊ុល​ជួប​ទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ​និងពលរដ្ឋខ្មែរទាំង១៦នៅ​ប៉ុស្តិ៍​នគរបាលប៉ាងស៊ីដា ហើយ​ទទួល​​បាន​ព័ត៌មាន​​​ដូច​តទៅ៖

នៅថ្ងៃទី​​២២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ០៨:៣០នាទី កងកម្លាំង​អភិរក្ស​ព្រៃឈើ​សហការជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះល្បាតនៅតំបន់ឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងភូមិបាក់ខាមីន ឃុំខូកពីខង ស្រុកមឿងសាកែវ ខេត្តសាកែវ  ប្រទះឃើញមនុស្សមួយក្រុមមានគ្នាប្រមាណ២១នាក់ កំពុង​ដើររក​កាប់ឈើ ហើយក៏បានឡោមព័ទ្ធឃាត់ខ្លួនពលរដ្ឋខ្មែរសរុបចំនួន១៦នាក់ ដែលមានឈ្មោះដូចខាង​ក្រោម ដោយរឹបអូសបានវត្ថុ​តាង​​មួយចំនួន ដូចជា រណាយន្ត១គ្រឿង កាំភ្លើង១ដើម ទូរស័ព្ទដៃ៩គ្រឿង និង​កាបូប២១៖

        ១. លោក ភិន ភឿង              អាយុ ៥៥ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ២. លោក កង ឧត្តម             អាយុ ២៥ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ៣. លោក ហីម ប៊ុនធឿន       អាយុ ២៥ ឆ្នាំ              មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ៤. លោក ចាន់ ភាព              អាយុ ២៥ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ៥. លោក រ៉ម រស្មី                  អាយុ ២៤ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ៦. លោក ស្តើង សេន           អាយុ ២២ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ៧. លោក យី ចន្រ្ទា               អាយុ ២២ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ៨. លោក បៀវ ធឿន             អាយុ ២៨ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ៩. លោក ញ៉ៅ សាន             អាយុ ២៦ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ១០. លោក វើយ វឿន            អាយុ ២១ ឆ្នាំ              មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ១១. លោក អឿន រ៉ើន           អាយុ ២៧ ឆ្នាំ               មកពីស្រុកសំឡូត ខេត្តបាត់ដំបង

        ១២. លោក ជក់ ជន             អាយុ ៤០ ឆ្នាំ               មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង

        ១៣. លោក ថាន ភារ:           អាយុ ២៧ ឆ្នាំ               មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង

        ១៤. លោក ជ្រៃ បូរ៉ាន           អាយុ ១៦ ឆ្នាំ               មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង

        ១៥. លោក សឺន រដ្ឋា            អាយុ ៣១ ឆ្នាំ               មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង

        ១៦. លោក សឿន សារី         អាយុ ៣១ ឆ្នាំ               មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង

ពលរដ្ឋខ្មែរ​ទាំង​១៦នាក់ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលប៉ាងស៊ីដានៃខេត្តសាកែវ ដើម្បី​សាក​សួរ​​និងកសាងសំណុំរឿង រួចបញ្ជូន​បន្តឲ្យទាហានឈុតខ្មៅថៃសាកសួរបន្ថែមទៀតពាក់ព័ន្ធ​នឹងការ​ប្រើប្រាស់​ ​អាវុធ មុននឹង​បញ្ជូន​ទៅ​តុលាការ​តាមនីតិវិធី។

នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរ​ខាងលើទៅឃុំខ្លួន​បណ្តោះអាសន្ននៅពន្ធនាគារខេត្តសាកែវ។ តាមការជូនព័ត៌មានក្រៅផ្លូវការពីអាជ្ញាធរថៃ សំណុំរឿងនេះ អាច​មានស្ថានទម្ងន់ទោស ដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់។

ស្ថានអគ្គកុងស៊ុល កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ​ ព្រមទាំងរកមេធាវីថៃ​ស្ម័គ្រចិត្ត​​ឲ្យជួយ​ការពារ​ក្តី ពេលឡើងតុលាការនាពេលខាងមុខ។

                                                           ភ្នំពេញ, ថ្ងៃទី ​២៤ ខែ ឧសភា ឆ្នាំ ២០១៧