សេចក្តីប្រកាសព័ត៌មាន

  • ឧសភា ៣០, ២០១៧

ស្ថាន​ទូត​កម្ពុ​ជា​នៅ​ម៉ា​ឡេ​ស៊ី​ អ​ន្ត​រា​គម​ជួយ​ពលកា​រិ​នី​ខ្មែរ​៣​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលការិនីខ្មែរចំនួន៣នាក់ ដូចខាងក្រោម៖

(១) ពលការិនី ដ.គ  អាយុ៤៣ឆ្នាំ មកពីស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ​ធ្វើការ​តាមផ្ទះ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយ​សារការងារលំបាកពេក និង​និយោជក​មិនបើក​ប្រាក់​ខែ​ឲ្យ ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ដើម្បីស្នើ​ស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក​ និង​ជួយនាងឲ្យបានវិលត្រឡប់មក​កម្ពុជា​វិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែ​ដែល​​នៅសល់ ជូននាងវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

(២) ពលការិនី ព.ទ អាយុ ៣៧ឆ្នាំ មកពីស្រុកបាធាយ ខេត្តកំពង់ចាម បានធ្វើដំណើរតាម​រថយន្ត​ឆ្លងកាត់ប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ និង​ធ្វើការ​តាមផ្ទះ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយពុំចង់ធ្វើការបន្តទៀត នាងបានទៅស្ថានទូត នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧​ ស្នើជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនី​ទាំងពីរ​បាន​​​មក​​​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧វេលា​ម៉ោង​១៧:៣៥នាទី តាមជើងយន្តហោះ MH762

(៣) ពលការិនី ឈ.ចដ អាយុ២០ឆ្នាំ មកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានធ្វើ​ដំណើរ​តាម​រថយន្តឆ្លងកាត់ប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការតាមផ្ទះ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៣ តាមរយៈ​ក្រុមហ៊ុនមួយ (មិនចាំ​ឈ្មោះ) នៅកម្ពុជា។ ដោយការងារលំបាកពេក ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី ០៨​ ខែឧសភា​ ឆ្នាំ២០១៧ ដើម្បីស្នើសុំជួយទាមទារប្រាក់ខែ​ដែល​នៅ​សល់​ពី​និយោជក និង​ជួយនាងឲ្យបានវិលត្រឡប់មក​កម្ពុជា​​វិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត  និយោជករបស់ពលការិនី បានទៅស្ថានទូតនៅថ្ងៃទី ១៩ ខែ​ឧសភា  ឆ្នាំ ​២០១៧  ហើយបានប្រគល់ប្រាក់ខែដែលនៅសល់ និងទិញសំបុត្រយន្តហោះជូននាង។ ពល- ​កា​រិនី​​ខាងលើ នឹង​មក​​​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៧វេលា​ម៉ោង​១៥:៥៥នាទី តាមជើងយន្តហោះ AK534

ភ្នំពេញ, ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ ២០១៧