សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 10, 2016

សេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងករណីលោក ហុង លីម

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការរំជួលចិត្តជាខ្លាំងដោយការប្រមាថ យ៉ាងធ្ងន់ធ្ងរចំពោះប្រជាជាតិកម្ពុជា របស់លោក ហុង លីម សមាជិកសភានៃរដ្ឋវីចតូរីយ៉ា ប្រទេសអូស្រ្តាលី ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦ ដែលក្នុងពេលនោះ បុគ្គលរូបនេះ បានចាត់ទុកកម្ពុជាដូច“តិរច្ឆាន”។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការ បុគ្គលឈ្មោះ ហុង លីម នេះ ចំពោះការនិយាយបង្ខូច កិត្តិយស ដែលផ្ទុយទាំងស្រុងពីការពិតជាក់ស្តែងនៅកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្រ្តាលី បាននិងកំពុងមានទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រើន។ យើងសង្ឃឹមថាការលើកឡើងរបស់បុគ្គល ហុង លីម នេះមិនបានឆ្លុះបញ្ចាំងពីការយល់ឃើញរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ឡើយ។

យើងមានការចាប់អារម្មណ៍ចំពោះប្រតិកម្ម និងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ជនអូស្រ្តាលី ជាច្រើន ក្នុងនោះមានសមាជិកសភា និងឥស្សរជនជាន់ខ្ពស់នៃរដ្ឋវីចតូរីយ៉ា ព្រមទាំងសហគមន៍ខ្មែរ ចំពោះការលើកឡើងដែលគ្មានទំនួលខុសត្រូវ និងមិនផ្អែកលើការ ពិតនេះ។

ការប្រមាថរបស់បុគ្គល ហុង លីម ចំពោះប្រជាជាតិកម្ពុជា បានជំរុញឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំរេចចាត់ទុក បុគ្គលនេះជា “ជនមិនត្រូវបានស្វាគមន៍” (persona non grata) សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

       ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦