សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 9, 2016

សេចក្តីបំភ្លឺ ចំពោះការយល់ច្រឡំថា ឈ្មោះ ស៊ិន សុផារិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ

ថ្មីៗនេះ មានការយល់ច្រឡំថា ឈ្មោះ ស៊ិន សុផារិទ្ធ និស្សិតឆ្នាំទិ៤ ផ្នែកទំនាក់ទំនងអន្តរជាតិ (ការអះអាងរបស់សាម៉ីខ្លួន) ដែលជាអ្នក សរសេរលិខិតចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ ច្បាប់ចេញផ្សាយ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ក្រោមចំណងជើងថា “ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក” គឺជាមន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ដើម្បីជាការបំភ្លឺចំពោះការយល់ច្រឡំនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបញ្ជាក់ជូនដូចខាង ក្រោមនេះ ៖

១. ឈ្មោះ ស៊ិន សុផារិទ្ធ ដែលមានអាស័យដ្ឋានអ៊ីមែលៈ sopharithmfaic@gmail.com កន្លងមក ពុំដែលជា និងក្នុងពេលបច្ចុប្បន្នពុំ មែនជាមន្ត្រី/បុគ្គលិក របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើយ។

២. ការប្រើអាស័យដ្ឋានអ៊ីមែល sopharithmfaic@gmail.com នេះ ដែលមាន domain name “gmail.com” ពុំពាក់ព័ន្ធនឹង domain name របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើយ ថ្វីត្បិតតែមានពាក្យ mfaic (ដែលជាពាក្យកាត់ត្រូវបាន ក្រសួងប្រើសំរាប់ តំណាងឲ្យពាក្យពេញ “Ministry of Foreign Affairs and International Cooperation”) នៅជាប់ពីក្រោយពាក្យ sopharith នេះ។

៣. អាស្រ័យហេតុនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើសាធារណៈជនមេត្តាកុំឲ្យមានការយល់ច្រឡំថា ឈ្មោះ ស៊ិន សុផារិទ្ធ ជាមន្ត្រី/បុគ្គលិក របស់ក្រសួងការបរទេស និងសហ- ប្រតិបត្តិការអន្តរជាតិ ហើយក្រសួងមិនជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួន នេះទេ។

     ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៦