សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 12, 2016

​ការធ្វើប្រជាមតិលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅប្រទេសថៃ

រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់នូវការធ្វើប្រជាមតិ ស្តីពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញ នៅប្រទេសថៃថ្មីៗនេះ ដោយកត់សំគាល់ឃើញនូវដំណើរការដែលប្រកបដោយសន្តិភាព។

កម្ពុជាសូមគោរពចំពោះការសំរេចរបស់ប្រជាជនថៃភាគច្រើន ដែលបានបោះឆ្នោតផ្តល់ការគាំទ្រដល់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលនឹងបើកផ្លូវសំរាប់ការបោះឆ្នោតជាសកល ក៏ដូចជាអនុញ្ញាតឲ្យសមាជិកនៃព្រឹទ្ធសភា ចូលរួមជាមួយសមាជិកសភាតំណាងរាស្ត្រ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។

ក្នុងឋានៈជាអ្នកជិតខាងនិងជាមិត្ត កម្ពុជាកត់សំគាល់ និងគោរពនូវបំណងរបស់ប្រជាជនថៃ ហើយវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសថៃក្នុងការរួមចំណែកដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។ កម្ពុជាផ្តល់សារៈសំខាន់ខ្លាំងដល់ការបន្តពង្រឹង ពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនយើងទាំងពីរ។

 ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៦