សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 12, 2016

មាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ ចំនួន ០៦ នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្រ្គោះ និងធ្វើមាតុភូមិ- និវត្តន៍ ពលករ-ពលការិនីចំនួន០៦នាក់ ដូចខាងក្រោម៖

– ពលការិនី រស់ មិថុនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោក មេខ្យល់ ធ្វើការងារជាអ្នកបោសសំអាត ក្រោយទៅដល់ម៉ាឡេស៊ីកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ ២០១៥។ ដោយធ្វើការងារលំបាកពេក នាងបានស្នើសុំអោយស្ថានទូតជួយអោយបានត្រឡប់មកកម្ពុជាវិញ។

– ពលការិនី ឯម ស៊ុន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី០៣ ឧសភា ឆ្នាំ ២០១៥ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក      នាងបានស្នើសុំអោយស្ថានទូតជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។

ពលការិនី រស់ មិថុនា និងពលការិនី ឯម ស៊ុន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះAK536

– ពលការិនី ឃឹម ស្រឿន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោកមេ ខ្យល់ទៅដល់ម៉ាឡេស៊ី កាលពីខែ កញ្ញា ឆ្នាំ ២០១៥ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំអោយស្ថានទូតជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។

– ពលការិនី ឃាម សំ អាយុ៤១ឆ្នាំ មានស្រុកកំនើតនៅខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក គាត់បានស្នើសុំអោយស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ និងជួយអោយបានវិលត្រឡប់ មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែបានយល់ព្រមប្រគល់ប្រាក់ចំនួន៩៩៩០ រីងហ្គីត (ប្រាក់ខែ + ថ្លៃសំបុត្រយន្តហោះ) អោយពលការិនី តាមសំណូមពររបស់ស្ថានទូត។

ពលការិនី គឹម ស្រឿន និងពលការិនី ឃាម សំ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះAK536

– ពលការិនី សុខ ខា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានជាប់ឃុំនៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦ ដោយសារពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន នាងបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះដល់នាងក្នុងការត្រឡប់មកកម្ពុជាវិញ។

ពលការិនី សុខ ខា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះAK534

– ពលករ ហឿន សុខឡា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានជាប់ឃុំនៅពន្ធនាគារ Lenggeng ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលត្រូវបានប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន ដោយសារលិខិតឆ្លងដែនផុតសុពលភាព។ បច្ចុប្បន្ន ពលកររូបនេះបានរួចទោស ហើយស្ថានទូតបាន ឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ។

ពលករ ហឿន សុខឡា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះAK534

              ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៦