ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិថុនា ៣០, ២០១៧

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅស.ប.បឡាវ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅស.ប.បឡាវចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែមិថុនា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់លោកជំទាវ ប៉ានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ។ សម្តេចប្រធានរដ្ឋសភា ត្រូវបានអមដំណើរដោយសមាជិកសមាជិកាដ៏ឧត្តុង្គឧត្តមរបស់រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់ពីលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ។

សម្តេចអគ្គមហាពញាចក្រី ត្រូវបានទទួលការស្វាគមន៏ពីឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត ឯកសាវ៉ាង វង្សវិជិត ប្រធានគណកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាឡាវ លោកជំទាវ សួនសាវ៉ាន់ វិងកាខេត អគ្គលេខាធិការនៃរដ្ឋសភាឡាវ និងឯកឧត្តម ខេនថុង  ណនថាសីង អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាឡាវ នៅពេលដែលសម្តេចបានអញ្ជើញមកដល់អាកាសយានដ្ឋាន Wattay នៅទីក្រុងវៀងច័ន្ទ នាថ្ងៃទី ២១ មិថុនា ២០១៧។

នៅទីក្រុងវៀងច័ន្ទ សម្តេច ពញាចក្រី ហេង សំរិន ត្រូវបានទទួលស្វគមន៍ជាផ្លូវការនៅមជ្ឈមណ្ឌល     សន្និបាតជាតិឡាវ ដោយលោកជំទាវ ប៉ានី យ៉ាថទូ ប្រធារដ្ឋសភាឡាវ និងកងកិត្តិយស សមាជិក សមាជិកាសភាឡាវ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឡាវផ្សេងទៀតបានឈរទទួលស្វគមន៍សម្តេចផងដែរ។

បន្ទាប់មកនៅរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការគួរសមជាមួយឯកឧត្តម ប៊ុន ញ៉ាំងវ៉រ៉ាចីត ប្រធានរដ្ឋឡាវ និង ឯកឧត្តម ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ។

ឯកឧត្តមនាយករដ្ឋមន្ត្រីទ្បាវ បានមានប្រសាសន៏ថា សម្តេចជាមិត្តចាស់របស់ប្រជាជនទ្បាវ ហើយប្រជាជនទ្បាវស្ទើរតែ ៩៩ ភាគរយ បានស្គាល់ពីប្រវត្តិ និងគុណសម្បត្តិដ៏ធំធេងរបស់សម្តេចចំពោះប្រជាជនកម្ពុជា។ វត្តមានរបស់សម្តេចប្រធាននៅទ្បាវម្តងៗ ពិតជាបានរួមចំណែកពូនជ្រំទំនាក់ទំនង និងកសាងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ អោយកាន់តែមានភាពប្រសើរខ្លាំងក្លាថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានអបអរសាទរលទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ថាបានប្រព្រឹត្តទៅយ៉ាងរលូន ហើយលទ្ធផលពិតជាធ្វើអោយកម្ពុជា កាន់តែមានការអភិវឌ្ឍ។

នៅពេលល្ងាចថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីជប់លៀងរៀបចំដោយលោកជំទាវប៉ានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ ដើម្បីជូនជាកិត្តិយសសម្តេច អគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។

នៅរសៀលថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតិអោយនិស្សិតកម្ពុជាចំនួន ៦១ ដែលកំពុងសិក្សារៀនសូត្រនៅមហាវិទ្យា  ល័យនានានៃប្រទេសឡាវចូលសម្តែងការគួរសម។ ក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានរំលឹកក្មួយៗនិស្សិត អំពីប្រវត្តិតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសជាតិពីអាណានិគណានិគម ពីរបបប្រលៃពូជសាសន៍ខ្មែរក្រហម ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ សម្តេច ជាស៊ីម និង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​ ការកសាងប្រទេសកម្ពុជាឡើងវិញពីបាតដៃទទេ និងការលំបាកវេទនាសព្វបែបយ៉ាងពីឆ្នាំ ១៩៧៩ ម​ក រហូតដល់កម្ពុជាមានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨​ តាមរយៈនយោបាយឈ្នះ​ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានសន្តិភាព និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនយើងកាន់តែល្អប្រសើឡើង និងបង្កលក្ខណៈងាយស្រួលអោយក្មួយៗនិស្សិតរៀនសូត្របានល្អប្រសើរ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាយុទ្ធសាស្រ្តសំខាន់បំផុតក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្មួយៗនិស្សិតត្រូវខិតខំរៀនសូត្រដើម្បីយកចំណេះវិជ្ជាជួយអភិវឌ្ឍន៍ប្រទេសជាតិយើង និងក្រុមគ្រួសាររបស់ខ្លួន។ ក្នុងពេលបោះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ ក្មួយៗត្រូវពិចារណាអោយបានដិតដល់ និងកុំអោយជឿលើការឃោសនារបស់គណបក្សមួយចំនួនដែលប្រើនយោបាយប្រជាភិថុតនិងសន្យាខ្យល់អោយសោះ ព្រោះអាចនាំអោយកម្ពុជាមានការបែកបាក់ និងសង្គ្រាមបាន។