សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 10, 2016

ការធ្វើមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ ៣រូប ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើរបស់សាម៉ីខ្លួន។

ពលការិនីទាំង៣រូប មានឈ្មោះ៖

១- ពោន ស្រី កើតឆ្នាំ១៩៧៥ រស់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានទៅធ្វើជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន នៅកម្ពុជា។

ដោយមានការអន្តរាគមន៍ពីស្ថានទូត ក្រុមហ៊ុននៅម៉ាឡេស៊ី បានយល់ព្រមបើកប្រាក់ខែនៅសល់ជូននាង ហើយបានទិញសំបុត្រយន្តហោះ និងបង់ប្រាក់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

ពលការិនី ពោន ស្រី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១៥:៥៥នាទី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះ AK534

២- ឈឿន ថាន កើតឆ្នាំ១៩៩២ រស់នៅស្រុកកំពង់បាយ ខេត្តកំពត បានទៅធ្វើជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន STST តាំងពីឆ្នាំ២០១៤។ ដោយការងារមានការលំបាកពេក បានមកសុំឲ្យស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ដោយមានការអន្តរាគមន៍ពីស្ថានទូតប្តឹងទៅតុលាកាម៉ាឡេស៊ី តុលាកាបានសម្រេចឲ្យថៅកែសងសំណងប្រាក់ខែដែលនៅសល់ ថ្លៃបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី និងថ្លៃសំបុត្រយន្តហោះជូនពលការិនី។

៣- ខ្លុយ មុនី កើតឆ្នាំ១៩៩៩ រស់នៅស្រុកស្អាង ខេត្តកណ្តាល បានចាញ់បោកមេខ្យល់ទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១៥។

ស្ថានទូត បានបង់ពិន័យទៅការិយាល័យអន្តោប្រវេសន៍ និងចេញលិខិតបើកផ្លូវ និងទិញសំបុត្រយន្តហោះជូននាង។

ពលការិនី ឈឿន ថាន និង ខ្លុយ មុនី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១៧:១០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះ MH762

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦