សេចក្តីប្រកាសព័ត៌មាន

  • សីហា ៣០, ២០១៦

កិច្ចអន្តរាគមន៍ជួយកម្មសិក្សាការីកម្ពុជា៥នាក់នៅប្រទេសជប៉ុន

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំអោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ធ្វើការសំរបសំរួលជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីរៀបចំអោយកម្មសិក្សាការីខ្មែរចំនួន៥នាក់ ដែលពុំអាចទ្រាំទ្រនឹងការងារនៅប្រទេសជប៉ុន បានវិលត្រឡប់មកកម្ពុជាវិញ។

បន្ទាប់ពីមានអន្តរាគមន៍របស់ស្ថានទូត ក្រុមហ៊ុនពាក់ព័ន្ធ (ក្រុមហ៊ុនបញ្ជូន និងក្រុមហ៊ុនទទួល) បានយល់ព្រមទិញសំបុត្រយន្តហោះជូនកម្មសិក្សាការីទាំង៥នាក់ ដូចមានរាយឈ្មោះខាងក្រោម អោយបានវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦ កន្លងមកនេះ ៖

១- លោក ឈន ហាប់

២- លោក សែម សុគុណ

៣- លោក លាស់ ប៊ុនណារ៉ា

៤- លោក ស៊ា វីន

៥- លោក ហេង សុភ័ក្រ

សូមបញ្ជាក់ថា កម្មសិក្សាការីទាំង៥នាក់ខាងលើ បានទៅធ្វើការនៅប្រទេសជប៉ុន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុន KOKE Human Service ផ្នែកសង់ផ្ទះឈើ នៅខេត្តAichi Saitama និង Gunma ប្រទេសជប៉ុន៕

              ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៦