សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 18, 2016

មាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរចំនួន៣នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់ ដូចខាងក្រោម អោយបានវិលត្រឡប់ មកកម្ពុជាវិញ៖

១- ពលការិនី មាស ខួច (កើតឆ្នាំ១៩៩១) មកពីខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ចូលប្រទេស ម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការជាអ្នកបោសសំអាត។ ដោយទ្រាំទ្រនឹងការងារលំបាកពុំបាន នាងបានស្នើសុំស្ថានទូតជួយអោយនាងអាចត្រឡប់មក កម្ពុជាវិញ។ ស្ថានទូត បានធ្វើលិខិតបើកផ្លូវ ហើយនាងចេញថ្លៃសំបុត្រយន្តហោះ និងបង់ពិន័យអោយការិយាល័យអន្តោប្រវេសន៍ ម៉ាឡេស៊ីដោយខ្លួនឯង។

២- ពលការិនី ហេង ធារី (កើតនៅឆ្នាំ១៩៩៥) មកពីខេត្តកំពង់ចាម បានចូលប្រទេសម៉ាឡេស៊ី កាល ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយធ្វើការងារនៅផ្ទះរបស់ស្រ្តីខ្មែរឈ្មោះ ចាន់ ស្រីនាង។ ដោយរងការវាយធ្វើបាបពីម្ចាស់ផ្ទះ ពលការិនី ហេង ធារី បានស្វែងរកជំនួយ ពីស្ថានទូត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ស្រ្តីឈ្មោះ ចាន់ ស្រីនាង បានយល់ព្រមផ្តល់ ប្រាក់ខែដែលនៅសល់ បូក រួមនឹងប្រាក់សងជំងឺចិត្តសរុប១០០០ដុល្លារអាមេរិក និងទិញសំបុត្រយន្តហោះសម្រាប់ពលការិនីរងគ្រោះ ព្រមទាំងបង់ថ្លៃពិន័យអោយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីផងដែរ។

៣- ពលការិនី បាវ សុខអេង (កើតឆ្នាំ១៩៨៩) មកពីខេត្តកំពង់ចាម បានធ្វើដំណើរចូលប្រទេស ម៉ាឡេស៊ីដោយខ្លួនឯង កាលពីខែឧសភា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ នាងបានស្នើស្ថានទូត ជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានធ្វើលិខិតបើកផ្លូវ ហើយនាងបានទិញសំបុត្រយន្តហោះ និងបង់ពិន័យអោយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដោយខ្លួនឯង។

ពលការិនីទាំង៣រូប នឹងមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK542 ។ អំឡុងពេលរង់ចាំការត្រឡប់មកវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារទទួលទាន ដល់ពលការិនីទាំង៣រូប ផងដែរ។

        ថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៦