សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 1, 2016

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ ពីថ្ងៃទី ០៦ ដល់ទី ០៧ ខែ សីហា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ (The 13th ASEAN Leadership Forum) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ទី ០៧ ខែ សីហា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម តាន់ស្រ៊ី ម៉ៃឃិល យ៉ូស (Tan Sri Michael Yeoh) ប្រធានវេទិកាភាពជាអ្នក ដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី ។

គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត ។

ក្នុងឱកាសចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយសដោយការផ្តល់ពានរង្វាន់សមិទ្ធិផលអាស៊ានមួយជីវិត ដែលនឹងប្រគល់ជូនដោយ ឯកឧត្តម តាន់ស្រ៊ី ម៉ៃឃិល យ៉ូស ហើយបន្ទាប់មក សម្តេចតេជោ នឹងថ្លែងសុន្ទរកថាពិសេសមួយ ។

សូមបញ្ជាក់ថា ពានរង្វាន់ពិសេស និងមានសារៈសំខាន់បំផុតនេះ ត្រូវបានផ្តល់ជូនប្រមុខរដ្ឋាភិបាលដែលបានបំរើការងារយូរជាងគេក្នុងអាស៊ាន ។ គិតមកដល់ពេលនេះ មានឥស្សរជនកិត្តិយសតែ៣រូបប៉ុណ្ណោះដែលបានទទួលពានរង្វាន់នេះ រួមមាន ឯកឧត្តម លី ក្វាន់យូ (Lee Kuan Yew) អតីតនាយករដ្ឋមន្រ្តីសឹង្ហបូរី ឯកឧត្តមបណ្ឌិត មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) អតីត
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងព្រះអង្គម្ចាស់ ស៊ុលតង់ ណាសរីន សាហ៍ (Sultan Nazrin Shah) នៃរដ្ឋ ប៉េរ៉ាករបស់ប្រទេសម៉ាឡេស៊ី ។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត (Thongloun SISOULITH) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសំដែងការគួរសមជាមួយឯកឧត្តម ប៊ុនញ៉ាង វរៈជីត (Bounnhang VORACHIT) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា-ធិបតេយ្យប្រជាមានិតឡាវ ។

ភ្នំពេញ, ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៦