ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 13, 2017

ឯកអគ្គរាជទូតកម្ពុជាបានប្រគល់សារតាំងជូនឯកឧត្ដមប្រធានាធិបតី នៃសាធារណរដ្ឋក្រិក

នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានប្រគល់សារតាំងជូនឯកឧត្ដម Prokopis Pavlopoulos ប្រធានាធិបតី នៃសាធារណរដ្ឋក្រិក។

នៅថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្ដមឯកអគ្គរាជទូត បានប្រគល់សារតាំងចម្លងជូនលោកស្រី Aglaïa Balta ប្រធាននាយកដ្ឋានពិធីការ និងបានចូលជួបសម្ដែងការគួរសមជាមួយលោក Dimosthenis Stoïdis ប្រធាននាយកដ្ឋានអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ ជប៉ុន និងអូសេអានី នៃក្រសួងការបរទេសក្រិក។ នៅថ្ងៃដដែល ឯកឧត្ដមឯកអគ្គរាជទូត ក៏បានចូលជួបសម្ដែងការគួរសមផងដែរជាមួយឯកឧត្ដម Lucian Fâtu ឯកអគ្គរដ្ឋ​ទូត​រ៉ូម៉ានី ប្រចាំប្រទេសក្រិក និងជាព្រឹទ្ធបុរសការទូត។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ នៅទីក្រុងអាទែន ឯកឧត្ដម Chailert Limsomboon ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសក្រិក ជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងអាទែន (ASEAN Committee in Athens : ACAT) បានជប់លៀងអាហារពេលល្ងាចជាកិត្តិយសជូនឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា និងលោកជំទាវ នៅល្ងាចថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី វៀតណាម និងភារធារីស្ដីទីហ្វីលីពីន។