ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 13, 2017

លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ជូនសារតាំងដល់ឯកឧត្តម Janos ANDER ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី

នៅថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០១៧ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា បានជូនសារតាំងដល់ឯកឧត្តម Janos ANDER ប្រធានាធិបតី នៃសាធារណរដ្ឋ ហុងគ្រី នៅវិមានប្រធានាធិបតី នាទីក្រុង Budapest ប្រទេសហុងគ្រី។​

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី បានកោតសរសើរអំពីមិត្តភាព ដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងហុងគ្រី និងកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរនាឆ្នាំថ្មីៗកន្លងមកនេះ។

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូតបានជម្រាបជូនឯកឧត្តមប្រធានាធិបតីអំពីស្ថានភាពនយោបាយ និងសន្តិសុខនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន​៧%។​ លោកជំទាវឯកអគ្គរាជទូតបានថ្លែងអំណរគុណរដ្ឋាភិបាលហុងគ្រី ចំពោះការគាំទ្របេក្ខភាពកម្ពុជាក្នុងប្រឹក្សាសេដ្ឋកិច្ច​ និងសង្គម នៃអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០១៩ ដែលការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៨។

លោកជំទាវឯកអគ្គរាជទូតបានបញ្ជាក់ជូន ឯកឧត្តមប្រធានាធិបតីថា លោកជំទាវ នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី ក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហុងគ្រី ជាពិសេសជម្រុញវិស័យអប់រំ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។