ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 13, 2017

ការប្រារព្ធខួបលើកទី៥០នៃការបង្កើតសមាគមន៍អាស៊ាន

កាលពីថ្ងៃទី ​២១ ខែ វិច្ឆិកា ឆ្នាំ ​២០១៧ ដោយមានកិច្ចសហការជាមួយ ASEAN Japan Center  ស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង​១០ នៅទីក្រុងតូក្យូ ​​ប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រារព្ធខួបលើកទី​៥០នៃការបង្កើតសមាគមន៍​អាស៊ាន​ នៅសណ្ឋាគា​រ​Imperia​l Hotel។ ​ក្នុងឱកាសពិសេសនោះ ឯកឧត្តម តារ៉ូ កូណូ (H.E. Mr. Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន បានផ្តល់កិត្តិយសចូលរួម និងថ្លែងសុន្ទរកថា សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះដែរ ។ លើសពីនេះ ក៏មានឥស្សរជនជប៉ុនសំខាន់ៗជាច្រើនរូបបានផ្តល់កិត្តិយសចូលរួមក្នុងពិធី​បដិសណ្ឋារកិច្ច ​​ផង​ដែរ ដូចជា ឯកឧត្តម ហ៊ីរូហ្វូមី ណាកាសូនេ (Hon. Hirofumi Nakasone) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានក្រុមការផ្លាស់ប្តូរអន្តរសភាជប៉ុន-អាស៊ាន និងឯកឧត្តម ណាសឹអុ យ៉ាម៉ាហ្គូជិ (Hon. Natsuo Yamaguchi) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្សកូមេតូ​។

ដោយឡែក ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានអញ្ជើញបងប្អូននិស្សិតខ្មែរ និងពលរដ្ឋ​ខ្មែរ​មួយ​​ចំនួនដែល​កំពុងសិក្សា និងរស់នៅ នៅប្រទេសជប៉ុនចូលរួមជាភ្ញៀវ​គ្រួសារខ្មែរក្នុង​ពិធី​បដិសណ្ឋារកិច្ចដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៥០នៃការបង្កើតសមាគមន៍អាស៊ានផងដែរ ។