សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 15, 2016

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅ ទស្សនកិច្ចផ្លូវការ និងចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ នៅទីម័រឡេស្តេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅ ទស្សនកិច្ចផ្លូវការ និងចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ “The 41st  anniversary of the founding of the liberation forces, FALINTIL Day” នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ (Rui Maria dé Araújo) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ ។

គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង ជួប ជួបចរចាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ ហើយបន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី រវាង ប្រទេសទាំងពីរដូចខាងក្រោម៖

១- កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច។
២- កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង
លិខិតឆ្លងដែនផ្លូវការ។
៣- អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជានៅទីម័រឡេស្តេផងដែរ។

នៅចុងបញ្ចប់នៃពិធីចុះហត្ថលេខាខាងលើនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នឹងធ្វើសន្និសិទសារព័ត៌មានរួមមួយ។

រាជធានីភ្នំពេញ ថ្ងៃទី ១៥  ខែ សីហា ឆ្នាំ ២០១៦