ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មករា ២៦, ២០១៨

លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ជូនសារតាំងដល់ឯកឧត្តម Andrej KISKA ប្រធានាធិបតី នៃសាធារណៈរដ្ឋស្លូវ៉ាគី

នៅថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០១៨ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា បានជូនសារតាំងដល់ឯកឧត្តម Andrej KISKA ប្រធានាធិបតី នៃសាធារណរដ្ឋស្លូវ៉ាគី នៅវិមានប្រធានាធិបតី នារដ្ឋធានី Bratislava ។​

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋស្លូវ៉ាគី បានកោតសរសើរអំពីមិត្តភាពដ៏ល្អប្រសើរ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រពៃរវាងស្លូវ៉ាគី និងកម្ពុជា។

ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមប្រធានាធិបតីអំពីស្ថានភាពនយោបាយ និងសន្តិសុខនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន​៧%។​ លោកជំទាវឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលស្លូវ៉ាគីផងដែរ ដែលបានគាំទ្រកម្ពុជាលើវេទិកាអន្តរជាតិ ជាពិសេសគឺការគាំទ្របេក្ខភាពកម្ពុជាក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ច​ និងសង្គមនៃអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០១៩ ដែលការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៨។

លោកជំទាវឯកអគ្គរាជទូត បានបញ្ជាក់ជូន ឯកឧត្តមប្រធានាធិបតីថា លោកជំទាវ នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស្លូវ៉ាគី ជាពិសេសជម្រុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។