សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 15, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណប្រតិភូអញ្ជើញទៅចូលរួម “សម័យប្រជុំលើកទី៧១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ” ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញីវយ៉ក ។

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណប្រតិភូអញ្ជើញទៅចូលរួម “សម័យប្រជុំលើកទី៧១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ” ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញីវយ៉ក ។

ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួម ក្នុងកិច្ចប្រជុំមួយចំនួន ដូចខាងក្រោម៖

– កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧១ និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ
–    កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហរដ្ឋអាមេរិក
–    កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន
–    សម័យប្រជុំពេញអង្គពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ានផ្តោតទៅលើការអភិវឌ្ឍន៍ប្រកប ទៅដោយចីរភាព
–    កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន – សម្ព័ន្ធភាពប៉ាស៊ីហ្វិកលើកទី៣។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងឡើងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧១ ក្រោមប្រធានបទ “គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ការជំរុញជាសកលក្នុងការផ្លាស់ប្តូរពិភពលោក“ ដែលពិភពលោក បានព្យាយាមប្រែក្លាយទៅជាការពិត ដើម្បី សម្រេចឲ្យបាននូវកំរិតជីវភាពប្រសើរជាងមុន សំរាប់ប្រជាជនលើសកលលោក។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីមួយចំនួនផងដែរ ជាមួយរដ្ឋមន្រ្តីការបរទេស និងប្រមុខ គណៈប្រតិភូនៃប្រទេសមួយចំនួន។

ភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា  ឆ្នាំ ២០១៦