សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 5, 2016

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ ចូលរួមការតាំងពិពរណ៍អាស៊ាន-ចិនលើកទី១៣ ពីថ្ងៃទី ១០-១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាននីញ ខេត្រក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ ចូលរួមការតាំងពិពណ៌អាស៊ាន-ចិនលើកទី១៣ ដែលមានប្រធានបទ “ការកសាងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១” និង ”វេទិកាវិនិយោគ និង ពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាននីញ ខេត្រក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។

គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកការតាំងពិពណ៌អាស៊ាន-ចិនលើកទី១៣ ហើយបន្ទាប់មកនឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធពន្លាជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថាផងដែរនៅក្នុងវេទិកាវិនិយោគ និងពាណិជ្ជកម្មលើកទី១ ស្តីពី “ទស្សនៈវិស័យនៃការធ្វើធុរកិច្ច  និងវិនិយោគនៅកម្ពុជា” ដែលមានគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្មថែមទៀតរវាងកម្ពុជា និងចិន ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរចិនមកកម្ពុជា។

បន្ថែមពីនេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទេ្វភាគីផងដែរជាមួយប្រធានគណៈប្រតិភូនៃប្រទេសមួយចំនួន ។

ក្នុងពេលដែលឆ្នាំ ២០១៦ ជាឆ្នាំនៃខួបអនុស្សាវរីយ៌លើកទី២៥ នៃទំនាក់ទំនងដៃគូចរចាអាស៊ាន-ចិន ការតាំងពិពណ៌អាស៊ាន-ចិនលើកទី១៣ នឹងពង្រឹងថែមទៀតដល់កិច្ចសហប្រតិបតិ្តការអាស៊ាន-ចិន ដែលបានទទួលឋានៈជាដៃគូពេញសិទ្ធនៅឆ្នាំ១៩៩៦ និងត្រូវបានតម្លើងទៅជាភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០០៣ ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជធំបំផុតរបស់អាស៊ាន ដែលនៅក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចិន មានតំលៃដល់ទៅ ៤៧២,១៦ពាន់លានដុល្លារអាមេរិក។

ភ្នំពេញ  ថ្ងៃទី  ០៥   ខែ កញ្ញា  ឆ្នាំ ២០១៦