សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 1, 2016

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅចូល​រួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនដូចខាងក្រោម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត (Thongloun SISOULITH) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៖

–  កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨  និងទី ២៩
–  កិច្ចប្រជុំកំពូលអាស៊ាន – ចិនលើកទី ១៩  ដើម្បីរំលឹកខួបលើកទី២៥  នៃទំនាក់ទំនងដៃគូសន្ទនារវាង
អាស៊ាន – ចិន
–  កិច្ចប្រជុំកំពូលអាស៊ាន – ជប៉ុនលើកទី ១៩
–  កិច្ចប្រជុំកំពូលអាស៊ាន – សាធារណរដ្ឋកូរ៉េលើកទី ១៨
–  កិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី ១៩
–  កិច្ចប្រជុំកំពូលអាស៊ាន – អូស្រ្តាលីកទី២ / កិច្ចប្រជុំកំពូលអាស៊ាន – អូស្រ្តាលីពីរឆ្នាំម្តងលើកទី១
–  កិច្ចប្រជុំកំពូលអាស៊ាន – អង្គការសហប្រជាជាតិលើកទី ៨
–  កិច្ចប្រជុំកំពូលអាស៊ាន – ឥណ្ឌាលើកទី ១៤
–  កិច្ចប្រជុំកំពូលអាស៊ាន – សហរដ្ឋអាមេរិកលើកទី ៤
–  កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១១
–  កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន
–  កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន
–  កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន
–  កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន
–  សេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំអាស៊ាន  ស្តីពីដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ

គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលលើកទី២៨ ទី២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន  រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីអាស៊ានមួយ  ការចម្លើយតបមួយ៖ ការឆ្លើយតបរបស់អាស៊ានមួយទៅនឹងគ្រោះមហន្តរាយធម្មជាតិនានា នៅក្នុង និងក្រៅតំបន់។

ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និងទី២៩ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដូចខាងក្រោម៖

–     កិច្ចប្រជុំកំពូលការវិនិយោគ និងធុរៈកិច្ចអាស៊ានឆ្នាំ ២០១៦
–     កិច្ចប្រជុំកំពូលមេគុង្គ – ជប៉ុនលើកទី៨

បន្ថែមពីនេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទេ្វភាគីផងដែរជាមួយ នាយករដ្ឋមន្រ្តី និងប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួន ។

ភ្នំពេញ, ថ្ងៃទី ០១  ខែ  កញ្ញា  ឆ្នាំ ២០១៦