ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 7, 2018

ពិធីបើកពិព័រណ៌កម្ពុជាឆ្នាំ ២០១៨

នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៨ ស្ថាន​ឯកអគ្គរាជទូតនៃ​ព្រះរាជាណាចក្រ​កម្ពុជាប្រចាំ​ប្រទេស​ជប៉ុន​ រួមសហការ​ជាមួយ​គណៈកម្មាធិការរៀបចំពិព័រណ៌​កម្ពុជា ​សមាគម​និស្សិត​ខ្មែរ និង​មិត្តភក្ដិ​ជប៉ុន​ដែល​ស្រលាញ់​កម្ពុជា បានរៀបចំ​ពិធី​បើក​ពិព័រណ៌​កម្ពុជា​ឆ្នាំ​ ២០១៨ នៅ​សួន​ Yoyogi នៅទីក្រុង​តូក្យូ​ ប្រទេសជប៉ុន ដោយ​មាន​ការ​ចូលរួម​ពីឯកឧត្តម Manabu Horii អនុរដ្ឋមន្រ្តី​​ទំនាក់ទំនង​សភានៃ​ក្រសួង​ការបរទេស​ជប៉ុន ឯកឧត្តម Yukio Imagawa អតីត​ឯកអគ្គរាជទូត​​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​ លោកជំទាវ​​​ឯកអគ្គរាជ/រដ្ឋទូត​​នៃ​បណ្តា​ប្រទេស​​​សមាជិក​អាស៊ាន​ បងប្អូន​ប្រជាពលរដ្ឋ​ សិស្ស និស្សិត​ខ្មែរ និង​ភ្ញៀវ​ជប៉ុន​។

ពិព័រណ៌​កម្ពុជា​ឆ្នាំ ២០១៨ នេះ ត្រូវ​បាន​រៀប​​ចំ​ឡើង​​នៅថ្ងៃទី០៣-០៤ ខែ​ឧសភា​ ឆ្នាំ២០១៨ នៅ​សួន​ Yoyogi នៅទីក្រុង​តូក្យូ​ ប្រទេសជប៉ុន ដោយ​មាន​​​ការ​បង្ហាញ​របាំ​បុរាណ​ខ្មែរ សម្តែង​ដោយ​សិល្បការនីនៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា​ និង​ក្បាច់​គុន​ល្បុក​តោ​របស់​ខ្មែរ ហើយ​ក៏​មាន​​​រៀបចំ​ស្តង់​បង្ហាញ​​​ពី​ម្ហូប វប្បធម៌ ទេសចរណ៍ ក្នុង​គោលបំណង​ផ្សព្វផ្សាយនិង​លើក​កម្ពស់​​​សិល្បៈ វប្បធម៌ វិស័យ​ទេសចរណ៍ និង​មុខ​មាត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅ​ប្រទេស​ជប៉ុន។ ចំនួនអ្នកចូលរួមក្នុងឱកាសពិព័រណ៌កម្ពុជារយៈពេលពីរថ្ងៃនេះមានចំនួនប្រមាណ ១០ ម៉ឺននាក់។

នៅ​ក្នុងសុន្ទរកថាស្វាគមន៍​នៃ​កម្មវិធី​បើក​ពិព័រណ៌​កម្ពុជា​នេះ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹង ប្រែង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរក្នុងការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ទៀត​សម្រាប់​ផល​​​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ ដោយ​លោកជំទាវ​បាន​សង្កត់​ធ្ងន់​ពី​​សារៈសំខាន់​នៃ​​ការ​រៀបចំ​កម្មវិធី​ពិព័រណ៌​​នេះថាជា​សកម្មភាព​​​ស្ថិត​ក្នុង​ចំណោម​សកម្មភាព​ផ្សេង​ទៀត ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ជាប្រពៃណី​ដ៏យូរ​អង្វែង​​នៃ​​កិច្ចសហ ប្រតិបត្តិការដ៏រឹងមាំនិង​ប្រកប​ដោយ​មិត្តភាព​​រវាង​ប្រទេស​ទាំងពីរ ស្រប​ពេល​​ដែល​​កម្ពុជា​និង​ជប៉ុន​កំពុង​តែ​ប្រារព្ធ​ខួប​​លើក​​ទី ៦៥ ​​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ខួប​លើកទី ៥ នៃ​ទំនាក់​ទំនង​​យុទ្ធសាស្រ្ត​រវាង​កម្ពុជា​និង​ជប៉ុន នៅ​ក្នុង​ឆ្នាំ ២០១៨​ នេះ។

លោកជំទាវឯកអគ្គរាជទូត​​ ក៏​បានឆ្លៀត​ឱកាសតាង​នាមឲ្យ​រាជរដ្ឋាភិបាលនិង​ប្រជាជន​កម្ពុជា​ ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ ដែល​បាន​រួម​ចំណែក​ដល់​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​នៅ​​ប្រទេស​កម្ពុជា​ ​​ជួយ​គាំទ្រមិន​ឈប់ឈរ​ដល់​ដំណើរ​ការ​កសាង​និង​អភិវឌ្ឍ​ប្រទេសឡើង​វិញ និង​​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ទទួល​បាន​ផ្លែផ្កា​និង​មាន​ការ​រីក​ចម្រើន​ដូច​សព្វថ្ងៃ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ ខ្ពស់ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម Manabu Horii អនុរដ្ឋមន្រ្តី​​ទំនាក់ទំនង​សភានៃ​ក្រសួង​ការបរទេស​ជប៉ុន បាន​ធ្វើ​ការ​កត់​សម្គាល់​​​ក្នុង​សុន្ទរកថា​របស់​ឯកឧត្តមថា ​​ពិព័រណ៌​កម្ពុជា​ ដែល​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​​ចាប់ពី​ឆ្នាំ២០១៥​មក មាន​អ្នក​ចូលរួម​កាន់​តែ​ច្រើនឡើងៗជា​លំដាប់​ពីមួយ​ឆ្នាំ​ទៅ​មួ​យឆ្នាំ ហើយ​ការណ៍​នេះ​គឺ​បណ្តាល​មក​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ប្រជាជន​កម្ពុជា​រស់​នៅ​ប្រទេស​ជប៉ុន ក៏​ដូចជា​​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​កើន​ឡើង​នូវ​ចំណាប់អារម្មណ៍​របស់​ប្រជាជន​ជប៉ុន​ចំពោះកម្ពុជា។ ឯកឧត្តម បាន​បន្ថែម​ថា បើ​ទោះ​​បី​ជា​ឆ្នាំ ២០១៨ ​នេះជា​ឆ្នាំ​រំព្ញក​ខួប​លើក​ទី ៦៥ ​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​នៃ​ប្រទេស​​ទាំង​ពីរ​ ប្រជាជន​កម្ពុជា​និង​ប្រជាជន​ជប៉ុន​មាន​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​ជាង ​៤០០ ឆ្នាំ​មក​ហើយ ហើយ​ ឯកឧត្តម ជឿជាក់​ថា​ ការយល់​ពី​គ្នា​យ៉ាង​ស៊ីជម្រៅរវាង​ប្រជាជននិងប្រជាជន​នេះ​ បាន​នឹង​កំពុង​ក្លាយ​ជាមូលដ្ឋាន​នៃ​​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។