សេចក្តីប្រកាសព័ត៌មាន

  • ខែ​មេសា 26, 2016

កិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចំរុះកម្ពុជា – សហភាពអឺរ៉ុប ពីថ្ងៃទី ០២ ដល់ទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ផ្អែកលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុបឆ្នាំ១៩៩៩ ក្នុងការជម្រុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងសកម្មភាពកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អ៊ុយហ្គោ អាស្ទូតូ (Ugo ASTUTO) អនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចំរុះកម្ពុជា – សហភាពអឺរ៉ុប (The 9th Meeting of the Cambodia – EU Joint Committee) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០២ ដល់ទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

កិច្ចប្រជុំនេះ នឹងពិភាក្សាលើបញ្ហាមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាការធ្វើប្រតិបត្តិការដោយរលូន និងការអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងការផ្តោតលើវិស័យសំខាន់ៗ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍន៍នយោបាយនៅកម្ពុជា និងនៅសហភាពអឺរ៉ុប ។ល។

នៅទីបញ្ចប់នៃកិច្ចប្រជុំនេះ នឹងមានការអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចំរុះកម្ពុជា – សហភាពអឺរ៉ុប និងសេចក្តីប្រកាសព័ត៌មានរួម ។

ភ្នំពេញ, ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦