សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 9, 2016

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “សន្និសីទអន្តរជាតិស្តីពីយុទ្ធសាស្រ្តមហាសមុទ្រខៀវៈ ការប្រែក្លាយប្រជាជាតិតាមរយៈការច្នៃប្រឌិត និងនវានុវត្តន៍” ​ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៦ ​នាទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “សន្និសីទអន្តរជាតិស្តីពីយុទ្ធសាស្រ្តមហាសមុទ្រខៀវៈ ការប្រែក្លាយប្រជាជាតិតាមរយៈការច្នៃប្រឌិត និងនវានុវត្តន៍” (International Conference on Blue Ocean Strategy: Transforming Nations Through Creativity and Innovation) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិពូត្រាចាយ៉ា នាទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស្រ៊ី ម៉ូដ ណាជីប ទុន អាប់ឌុល រ៉ាហ្សាក់ (Dato’ Sri Mohd Najib Tun Abdul Razak) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីបើកផ្លូវការ និងអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃសន្និសីទនេះ ក្រោមប្រធានបទ “ការប្រែក្លាយប្រជាជាតិតាមរយៈការច្នៃប្រឌិត និងនវានុវត្តន៍។

សន្និសីទនេះ ដែលនឹងលើកឡើងនូវសុន្ទរកថាសំខាន់ៗ និងកិច្ចពិភាក្សាជាក្រុម ដោយថ្នាក់ដឹកនាំជាតិ វាគ្មិនជាន់ខ្ពស់ និងអ្នកជំនាញសកលនានាមកពីជុំវិញពិភពលោក នឹងផ្តោតលើការរិះរកគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ក្នុងការបង្កើត និងអនុវត្តគោលនយោបាយថ្នាក់ជាតិ និងគំនិតផ្តួចផ្តើមនានា ដែលអាចជាការជម្រុញកំណើនសេដ្ឋកិច្ចឆ្ពោះទៅមុខ និងការលើកកំពស់សេវាសាធារណៈអោយកាន់តែប្រសើរឡើង។

ភ្នំពេញ, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៦