សុន្ទរកថា

  • កញ្ញា ២៤, ២០១៦

សម័យប្រជុំលើកទី ៧១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦

មហាសន្និបាតនៃអង្គការសហប្រជាជាតិ

សម័យប្រជុំលើកទី៧១

*******

សុន្ទរកថារបស់ ឯកឧត្តម ប្រាក់ សុខុន

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ

ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦

***

  • សូមគោរពឯកឧត្តម ប្រធាន
  • ឯកឧត្តមអគ្គលេខាធិការ
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន

១. ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Peter Thomsom នៃសាធារណរដ្ឋ Fiji ដែលត្រូវបានជ្រើសតាំងជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧១ នេះ។ ក្រោមការដឹកនាំរបស់តំណាងនៃប្រទេសមួយដែលល្បីល្បាញខាងកីឡា Rugby (បាល់ឱប) ខ្ញុំជឿជាក់ថា យើងនឹងមានអាជ្ញាកណ្តាលដ៏ប៉ិនប្រសព្វដើម្បីដឹកនាំដំណើការរបស់មហាសន្និបាតនេះដោយជោគជ័យ។ ខ្ញុំសូមចូលរួមជាមួយឯកឧត្តម លោកជំទាវទាំងអស់ ដែលបានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម Ban Ki-moon ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងនាមជាអគ្គលេខាធិការ ដើម្បីថែរក្សាការពារសន្តិភាពនៅទីណាដែលសន្តិភាពនោះត្រូវបានគម្រាមកំហែង និងខិតខំប្រឹងប្រែងស្វែងរកសន្តិភាព នៅទីណាដែលកើតមានអំពើហិង្សា។ បញ្ហាប្រឈមដែលគាត់ជួបប្រទះមិនមែនជាបញ្ហារបស់គាត់នោះទេ តែជាបញ្ហារបស់អង្គការសហប្រជាជាតិទាំងមូលដែលចាំបាច់ត្រូវតែធ្វើកំណែទម្រង់ ។

២. អង្គមហាសន្និបាតរបស់យើងនេះ ផ្តល់ឱកាសឲ្យយើងអាចវាយតម្លៃស្ថានភាពរបស់មនុស្សជាតិ និងភពផែនដីរបស់យើង និងបង្ហាញពីការព្រួយបារម្ភ ក៏ដូចជាសេចក្តីរំពឹងរបស់ប្រជាជនយើង ។ សម្លេងរបស់ពួកយើង គឺជាសម្លេងរបស់ផែនដីទាំងមូល ។

៣. ក៏ប៉ុន្តែយើងនឹងមិនទទួលបានការទុកចិត្តនោះទេ ប្រសិនបើយើងនិយាយថាពិភពលោកយើងនេះមានភាពល្អប្រសើរហើយនោះ ។ យើងក៏ត្រូវទទួលស្គាល់ដែរថា ភាពរីកចម្រើនដ៏អស្ចារ្យនៃវិទ្យាសាស្ត្រ និង   បច្ចេកវិទ្យា មិនត្រូវបានយកទៅប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ដើម្បីបម្រើឱ្យសន្តិភាព និង សុខុមាលភាពរបស់មនុស្សជាតិនោះទេ។ ពាក្យមួយម៉ាត់ ដែលសង្ខេបពីសោកនាដកម្មនៃពិភពលោករបស់យើងគឺ “អំពើហឹង្សា” ។ អំពើហឹង្សានៃសង្គ្រាម អំពើហឹង្សាភេរវកម្ម អំពើហឹង្សាប្រព្រឹត្តលើជនស៊ីវិល និងកុមារយ៉ាងខ្លោចផ្សារ ក៏ដូចជាអំពើហឹង្សាប្រព្រឹត្តលើសារធាតុមានជីវិតផ្សេងៗទៀត ដែលកំពុងតែទទួលរងការបាត់បង់ដ៏ធ្ងន់ធ្ងរ និងអំពើហឹង្សាលើផែនដី ដែលបង្កគ្រោះថ្នាក់ដល់ការរស់រានមានជីវិតរបស់មនុស្សជាតិយើងនាពេលបច្ចុប្បន្ននេះ ។

៤. តើហេតុដូចម្តេចបានជាមកដល់សតវត្សរ៍ទី២១នេះទៅហើយ យើងនៅតែស្ថិតក្នុងស្ថានភាពយ៉ាងដូច្នេះ ? ការលើកឡើងតែពីបញ្ហាដែលនរណាក៏អាចមើលឃើញដែរនោះ គឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវស្វែងយល់ និងបញ្ចេញប្រតិកម្ម។ ជំនាន់របស់យើង ជាពិសេសជំនាន់ក្រោយៗទៀត សាកសមនឹងទទួលបាននូវស្ថានភាពពិភពលោកមួយ ដែលប្រសើរជាងពិភពលោកនាបច្ចុប្បន្ននេះ ។

៥. រយៈពេលដែលខ្ញុំមានសម្រាប់ថ្លែងសុន្ទរកថានេះ តម្រូវឱ្យខ្ញុំផ្តោតសារៈសំខាន់លើប្រធានបទមួយចំនួនដូចតទៅនេះ ។ ជាបឋម ខ្ញុំចង់លើកឡើងពីប្រធានបទ “សន្តិសុខសមូហភាព” ។ ពិភពលោករន្ធត់ក្រៃលែងកាលបើឃើញនូវការរីករាលដាលនៃជម្លោះដែលបំផ្លិចបំផ្លាញតំបន់ដើមបូព៌ា និងមជ្ឈិមបូព៌ា ក៏ដូចជាតំបន់ផ្សេងទៀតនៅក្នុងពិភពលោក។ ជាមួយនេះ យើងក៏មានការព្រួយបារម្ភផងដែរចំពោះមុខភាពតានតឹងថ្មីៗដែលកើតមានកាន់តែខ្លាំងក្លាឡើង នៅក្នុងតំបន់យុទ្ធសាស្ត្រផ្សេងៗទៀតនៅក្នុងពិភពលោក។

៦. គេអាចវាស់ស្ទង់បាននូវផលវិបាកប្រកបដោយមហន្តរាយនៃការប្រើប្រាស់សិទ្ធិជ្រៀតជ្រែកដោយបំពាន ដែលនាំឲ្យឈានដល់ការបំផ្លាញស្ថិរភាពរបស់រដ្ឋ និងតំបន់មួយចំនួននៅក្នុងពិភពលោក ។ គេអាចកត់សម្គាល់ឃើញមានការបង្កើតឲ្យមានការបែងចែកពិភពលោកសាជាថ្មី ដោយគោលនយោបាយហ៊ុំព័ទ្ធដែលប្រើប្រាស់មធ្យោបាយយោធា  និងជំរុញឲ្យមានការបង្កើតសម្ព័ន្ធភាពថ្មីៗ ដែលក្នុងនោះ រដ្ឋមួយចំនួនត្រូវបានទាត់ចោល ។

៧. ការប្រែប្រួលពីពិភពលោកដែលមានប៉ូលមួយនៅក្រោយឆ្នាំ១៩៩១ ទៅជាពិភពលោកដែលមានពហុប៉ូល បានបង្កើតឱ្យមានការតស៊ូទប់ទល់យ៉ាងខ្លាំង និងអាកប្បកិរិយាគួរឱ្យព្រួយបារម្ភ ។ តើវាជារឿងធម្មតាដែរឬទេ នៅពេលដែលប្រទេសសំខាន់មួយចំនួន យោងតាមទំហំផ្ទៃដី ចំនួនប្រជាជន និងទម្ងន់សេដ្ឋកិច្ច បែរជាគ្មានវត្តមាននៅក្នុងក្រុមប្រឹក្សាសន្តិសុខ? ជាក់ស្តែង “ប្រព័ន្ធសន្តិសុខសមូហភាព” ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៤៥ ហើយដែលស្របទៅតាមពិភពលោកដែលមានប៉ូលពីរក្នុងសម័យសង្គ្រាមត្រជាក់ បានចាប់ផ្តើមរង្គោះរង្គើយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ។

៨. ប្រទេសតូចដូចជាប្រទេសរបស់ខ្ញុំ ជាញឹកញាប់ត្រូវទទួលរងសម្ពាធឱ្យជ្រើសរើសយកភាគីម្ខាង ។ជាមួយនឹងប្រទេសតូចផ្សេងៗទៀត យើងខំបញ្ចេញសម្លេង តែគ្មាននរណាយកចិត្តទុកដាក់ស្តាប់ ផ្ទុយទៅវិញ ជានិច្ចកាលយើងគឺជាប្រទេសមុនគេបង្អស់ដែលរងគ្រោះពីជម្រើសភូមិសាស្ត្រនយោបាយ ។ យើងដឹងពីរឿងនេះច្បាស់ ដោយយើងធ្លាប់រងគ្រោះដោយសារ “សង្គ្រាមតាមរយៈតួអង្គតំណាង” ។ ហេតុដូចនេះ យើងមិនអាចគ្រាន់តែសម្តែងចេញនូវភាពភ័យរន្ធត់ ចំពោះការកើនឡើងនៃគ្រោះមហន្តរាយថ្មីៗនោះទេ ។ យើងចង់ធ្វើសកម្មភាពជាមួយនឹងប្រទេសទាំងឡាយណាដែលមានសុច្ឆន្ទៈក្នុងការកសាងនូវតុល្យភាពពិភពលោកថ្មីមួយ ដែលស្របតាមតថភាពក្នុងសតវត្សទី ២១ ។ ហើយនៅពេលដែលភាពតានតឹងលេចឡើង យើងគិតថា តួនាទីរបស់យើងមិនមែនប្រកាន់ភាគីណាមួយទេ ក៏ប៉ុន្តែ យើងត្រូវចូលរួមចំណែកក្នុងកិច្ចសន្ទនានិងការស្វែងរកនូវអ្វីៗទាំងឡាយដែលអាចឈានដល់ការដោះស្រាយភាពមិនចុះសម្រុងគ្នាដោយសន្តិវិធី។

៩. បច្ចុប្បន្នភាពតំរូវឱ្យខ្ញុំលើកឡើងពីបញ្ហាភេរវកម្ម។ សំណួរដែលត្រូវចោទសួរគឺឬសគល់នៃបញ្ហា។ តើភាពជ្រុលនិយមនេះ មិនមែនជាការសំដែងកំហឹងតាមអំពើហឹង្សាទេឬ ? គេត្រូវយកការខឹងសម្បារនោះមកវិភាគ។ នៅក្នុងពិភពលោកយើងនេះ មានអំពើអយុត្តិធម៌ និងអសមធម៌ដ៏ច្រើន ហើយជាពិសេសការអនុវត្ត “ស្តង់ដារពីរ” ជាលក្ខណៈប្រព័ន្ធដ៏ច្រើន នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត ។ ច្បាប់អន្តរជាតិត្រូវបានដាក់បង្ខំកំណត់លើតែម្ខាង តែមិនអនុវត្តលើម្ខាងតិ ត្រូវអនុវត្ត ចំពោះម្ខាងហលះត ។ ច្បាប់អន្តរជាតិ ត្រូវអនុវត្ត ចំពោះអ្នកខ្លះ តែមិនអនុិសេស ការអនុវត្តន៍ច្រើនជ្រុល និង ្សណាមួយហួទៀត។ ពាក់ព័ន្ធនឹងសាសនា រដ្ឋាភិបាលនីមួយៗត្រូវធ្វើយ៉ាងណាឱ្យមានការរួមរស់ជាមួយគ្នាប្រកបដោយភាពអនុគ្រោះ ការគោរពគ្នា និងសន្តិភាពរវាងសាសនិកនៃគ្រប់សាសនាទាំងអស់ ដូចដែលប្រទេសកម្ពុជាកំពុងតែអនុវត្តប្រកបដោយជោគជ័យ ។

១០. តើហេតុអ្វីបានជាមើលមិនឃើញសោកនាដកម្មរបស់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេបំបិទសិទ្ធិទាំងស្រុងចាប់តាំងពីជាង៧០ឆ្នាំមក ដែលបានបង្កឲ្យមានការបះបោរក្នុងពិភពអារ៉ាប់ និងការស្អប់ខ្ពើមពីប្រជាជនដែលទទួលរងការឈឺចាប់ជាងគេ? នៅចំពោះមុខការបំបិទសិទ្ធិគ្រប់បែបយ៉ាងចំពោះប្រជាជនមួយអស់ជាច្រើនទសវត្សរ៍ តើយើងអាចទទួលបាននូវទំនុកចិត្តដែរឬទេ នៅពេលដែលមានការថ្លែង សុន្ទរកថានិយាយពីតម្លៃសកល និងច្បាប់អន្តរជាតិនោះ ? យើងមិនត្រូវវង្វេងតាមភាពស្រមើស្រមៃនោះទេ៖   ភេរវកម្មនឹងត្រូវលុបបំបាត់នៅថ្ងៃណាមួយបាន លុះត្រាណាតែមូលហេតុសំខាន់ៗនៃការក្លាយជាភេរវករ ត្រូវរលាយបាត់ ។

១១. ខ្ញុំសូមលើកជាសង្ខេបអំពីបញ្ហាសេដ្ឋកិច្ច ។ ពេលបច្ចុប្បន្ននេះ យើងមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីវាយតម្លៃសកលភាវូបនីយកមុ្ម ដែលកកើតឡើងពីកិច្ចព្រមព្រៀងនៃអង្គការពាណិជ្ជកម្មពិភពលោក និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ បទពិសោធន៍នេះបាននាំឲ្យយើងទទួលនូវវឌ្ឍនភាពជាច្រើន ដោយសារការបើកចំហរទីផ្សារ ប៉ុន្តែ បទពិសោធន៍នេះក៏ជំរុញឲ្យយើងធ្វើការកត់សម្គាល់ពីគ្រោះថ្នាក់ជាក់ ស្តែងដែលបង្កឡើងដោយការផ្តល់សិទ្ធិឲ្យសហគ្រាស ក្នុងការប្តូរទីតាំងរបស់ខ្លួនដោយសេរី។ ការគម្រាមជាអចិន្ត្រៃយ៍ពីការផ្លាស់ប្តូរទីតាំង គឺជាឧបសគ្គដ៏ធំនៅក្នុងប្រទេសមួយដូចជាប្រទេសខ្ញុំ នៅពេលដែលយើងកំពុងកែលម្អឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ និងលើកស្ទួយកម្រិតជីវភាពដែលនៅទាប ។

១២. ខ្ញុំសូមចូលរួមសម្តែងការពេញចិត្តជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ បន្ទាប់ពីការសម្រេចនូវកិច្ចព្រមព្រៀងមួយ កាលពីខែ ធ្នូ កន្លងទៅ នៅក្នុងឱកាសនៃសន្និសីទ COP 21 ។ យើងពេញចិត្តផងដែរ ដែលប្រទេសធំពីរដែលទទួលខុសត្រូវជាចម្បងលើការឡើងកម្តៅផែនដី បានបញ្ជាក់ពីកិច្ចសន្យា និងការប្តេជ្ញាចិត្តរបស់ពួកគេ ។

១៣. ជួនកាល គេអាចបន្លំការសន្យារបស់គេជាមួយនឹងសន្ធិសញ្ញា។ ក៏ប៉ុន្តែ តថភាពដែលមិនអាចប្រកែកបានគឺគេមិនអាចបន្លំជាមួយនឹងភពផែនដីបានទេ។ ប្រសិនបើ COP 21 មិនឈានដល់សកម្មភាពជាក់   ស្តែងដែលអនុវត្តដោយយើងទាំងអស់គ្នានោះទេ ការដាក់ទណ្ឌកម្មរបស់ភពផែនដីនឹងកើតមានឡើង ជៀសមិនផុតនិងធ្ងន់ធ្ងរ ជាមួយនឹងបាតុភូតបំផ្លិចបំផ្លាញ និងបង្កការឈឺចាប់ថ្មីៗជាបន្តបន្ទាប់។

១៤. ខ្ញុំសូមលើកពី “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។ ការអនុម័ត “របៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” បញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆតាខ្ពស់។  ក៏ប៉ុន្តែ មហិច្ឆតានេះ ត្រូវតែអមដោយឆន្ទៈនយោបាយដ៏ពិតប្រាកដ ។ ខ្ញុំចង់គូសបញ្ជាក់នៅទីនេះពីការទទួលខុសត្រូវរបស់ប្រទេសអ្នកមាន ដែលមានមធ្យោយសម្រេចគោលដៅទាំងនេះ ឱ្យទៅជាការពិត ។ ពិតហើយ ចាប់តាំងពីឆ្នាំ ១៩៩០ មក ពិភពលោកសម្រេចបាននូវការរីកចម្រើនយ៉ាងធំធេងខាងការអភិវឌ្ឍមនុស្ស ក៏ប៉ុន្តែយើងត្រូវចាប់អារម្មណ៍ចំពោះតួលេខពីររបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ។ ទី ១ នៅក្នុងពិភពលោកមានអ្នកក្រីក្រចំនួន ២ ពាន់លាននាក់ និងទី ២ មានប្រជាជន ១,២ ពាន់លាននាក់រស់នៅជាមួយនឹងតិចជាង ១,២៥ ដុល្លារ ក្នុងមួយថ្ងៃ។ គ្រាន់តែមើលលើតួលេខទាំងពីរនេះ ក៏យើងយល់បានថាគោលដៅទាំង១៧នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាកិច្ចការដ៏ប្រញាប់ដែលត្រូវសម្រេចឱ្យបាន។

១៥. ខ្ញុំចង់បញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយលើកឡើងពីប្រទេសរបស់ខ្ញុំគឺប្រទេសកម្ពុជា ។ ប្រទេសកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិ សមាជិកសភានៃប្រទេសលោកខាងលិច ព្រមទាំង អង្គការក្រៅរដ្ឋាភិបាលលោកខាងលិចមួយចំនួនចោទប្រកាន់។ ប៉ុន្តែ ខ្ញុំមិនមែនបង្ហាញខ្លួននៅទីនេះក្នុងឋានៈជាជនជាប់ចោទនោះទេ។ ខ្ញុំនិយាយទៅកាន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាមប្រទេសរបស់ខ្ញុំ ដែលជាញឹកញយត្រូវគេវិនិច្ឆ័យមិនត្រឹមត្រូវ និងគេស្គាល់មិនច្បាស់ និងយល់ខុស ជាពិសេស ពីសំណាក់ប្រទេសលោកខាងលិចមួយចំនួន។ ខ្ញុំនិយាយនេះ គឺនិយាយដោយទំនុកចិត្ត។ នៅទីនេះ អ្នកចូលរួមជាច្រើនបដិសេធមិនចង់ឃើញការយកសហគមន៍អន្តរជាតិ ទៅឡូកឡំជាមួយនឹងសហគមន៍លោកខាងលិច និងការវាយតម្លៃរបស់ពួកគេនោះទេ។

១៦. អ្នកដែលកំពុងនិយាយជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺ ជាអ្នកនៅរស់រានមានជីវិតពីវាលស្រែរបស់ ប៉ុល ពត  អ្នករួចផុតពីការស្លាប់នៅក្នុងប្រទេសមួយដែលត្រូវបានប្រែក្លាយជាជំរំពលកម្មដោយបង្ខំដ៏ធំល្វឹងល្វើយ ។ ក្រោយពីត្រូវបានបំផ្លាញខ្ទេចខ្ទាំដោយការទម្លាក់គ្រាប់បែកនៃកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ប្រទេសយើងខ្ញុំបានទទួលរងនូវសោកនាដកម្មនៃរបបដ៏ឃោរឃៅជាងគេមួយនៅក្នុងសតវត្សទី២០ ។ ដូច្នេះ ខ្ញុំត្រូវរំលឹកពីស្ថានភាពដ៏ដុនដាបនៃប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសតែមួយគត់ ក្នុងចំណោមប្រទេសទាំងអស់នៃសហគមន៍អន្តរជាតិគឺ វៀតណាម បានឆ្លើយតបនឹងការអំពាវនាវពីអ្នកដែលរត់គេចចេញពីរបបប្រល័យពូជសាសន៍ ។

១៧. ប្រជាជនកម្ពុជាមានចំនួន ៨ លាននាក់ នៅឆ្នាំ ១៩៧០ ត្រូវបានកាត់បន្ថយមកប្រមាណ ៤.៥ លាននាក់ នៅឆ្នាំ ១៩៧៩ ។ ពេលនោះ គ្មានទេរដ្ឋ រដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន មន្ទីរពេទ្យ សាលារៀន រូបិយវត្ថុ សាសនា ។ រាល់បណ្តាញផ្លូវថ្នល់ទាំងអស់ត្រូវបានបំផ្លាញ ឯហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាស្ថាប័ន ត្រូវបានបាត់បង់ ។ នៅឆ្នាំ ១៩៧៩ នៅប្រទេសកម្ពុជាមានសល់តែអ្នកច្បាប់ ៨នាក់ ដែលរស់រានមានជីវិតក្នុងចំណោមអ្នកច្បាប់ ៧៥០នាក់  គ្រូពេទ្យ ៤៥នាក់ ក្នុងចំណោមគ្រូពេទ្យចំនួន ៤៥០នាក់ គ្រូបង្រៀន ៧០០០នាក់ ក្នុងចំណោម គ្រូ ២២ ០០០នាក់ ។ ៥៤% នៃបុគ្គលិកសុខាភិបាល បានបាត់បង់ជីវិត ។ ក្នុងចំណោមអ្នកបច្ចេកទេសកសិកម្ម ១៦០០នាក់ មានប្រមាណតែ ២០០នាក់ ប៉ុណ្ណោះដែលរួចផុតពីការស្លាប់ ។

១៨. នៅឆ្នាំ១៩៧៩ អ្នកនៅសល់ពីការស្លាប់ ស្ថិតនៅក្នុងសភាពដុនដាបក្រៃលែងទំាងផ្លូវកាយនិងស្មារតី ។ ក៏ប៉ុន្តែ ពួកគេត្រូវទទួលរងទណ្ឌកម្ម ដោយសារពួកគេត្រូវបានរំដោះដោយប្រទេសមួយ ដែលសម្ព័ន្ធភាព មួយក្រុមមិនពេញចិត្ត។ ក្នុងរយៈពេល១១ឆ្នាំ សម្ព័ន្ធភាពនេះបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អាក្រក់ជាទីបំផុតទៅលើប្រទេសមួយដែលត្រូវបានបំផ្លាញទាំងស្រុង លើប្រជាជនមួយដែលរួចផុតពីការស្លាប់ និង ពោរពេញដោយភាពបាក់ស្បាត ជាទណ្ឌកម្មសេដ្ឋកិច្ចដែលបានហាមឃាត់រាល់ជំនួយអភិវឌ្ឍន៍ទាំងអស់ ។ ពេលនោះយើងខ្វះខាតគ្រប់បែបយ៉ាង ហើយយើងត្រូវគេបង្អត់គ្រប់បែបយ៉ាង ។

១៩. ឯកឧត្តម លោកជំទាវ លោក លោកស្រី អាចសួរមកខ្ញុំថា ហេតុអ្វីបានជារំលឹករឿងទាំងអស់នេះ ដែលជារឿងអតីតកាល ? នេះក៏ព្រោះថា វាជាអតីតកាលមួយដែលមិនទាន់បានកន្លងផុត ។ ពីព្រោះអតីតកាលនេះនៅតែជះឥទ្ធិពលយ៉ាងជ្រៅជាទីបំផុតដល់បច្ចុប្បន្នរបស់យើង។ ពីព្រោះអតីតកាលនៅតែជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់បញ្ហាធនធានមនុស្ស។

២០. នៅលោកខាងលិច អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាលមួយចំនួនបានបំប៉ោង ភាពទន់ខ្សោយដ៏តិចតួចបំផុតរបស់យើងឱ្យទៅជា “ឧក្រិដ្ឋកម្មរដ្ឋ” ។ តាមរយៈកិច្ចព្រមព្រៀងក្រុងប៉ារីស គេបានដាក់បង្ខំឲ្យយើងទទួលយកនូវគំរូលទ្ធិប្រជាធិបតេយ្យដ៏ល្អឥតខ្ចោះមួយ ដោយមិនទាំងដឹងថាគំរូនោះនឹងយកទៅឲ្យប្រទេសបែបណាប្រើ ជាមួយធនធានមនុស្សណាដែលត្រូវយកទៅអនុវត្ត។ សព្វថ្ងៃនេះ គេបន្ទោសយើងថា មិនផ្តល់សិទ្ធិដល់គណបក្សប្រឆាំង។ ប៉ុន្តែព្រមជាមួយគ្នានោះ ពួក NGO ខាងលិច និងរដ្ឋាភិបាលនានាដែលគាំទ្រគណបក្សប្រឆាំង ទាមទារឲ្យយើងអនុវត្តផ្ទុយនឹងច្បាប់ទៅវិញ ហើយមិនឲ្យយើងផ្តន្ទាទោសលើការបរិហារកេរ្តិ៍ ការមួលបង្កាច់ ការញុះញុងឲ្យរើសអើងជាតិសាសន៍ ការក្លែងបន្លំសន្ធិសញ្ញា និងការផលិតផែនទីក្លែងក្លាយ ដែលគំរាមកំហែងដល់សន្តិសុខជាតិ ព្រោះតែឧក្រិដ្ឋកម្មទាំងនោះប្រព្រឹត្តដោយគណបក្សប្រឆាំង។

២១. គេនិយាយតិចបំផុតពីសមិទ្ធិផលរបស់យើង។ យើងសម្រេចបានវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ។ យើងប្រយុទ្ធប្រឆាំងដោយជោគជ័យការរីករាលដាលជំងឺអេដស៍ និងគ្រុនចាញ់។ យើងបានអនុវត្តការប្រយុទ្ធយ៉ាងយូរ និងដ៏ពិបាក ប្រឆាំងនឹងអំពើពុករលួយ ។ ក្រសួងបរិស្ថាន និងកសិកម្មកម្ពុជាបានប្រឹងប្រែងកែកំហុសដែលបានធ្វើនៅក្នុងវិស័យសម្បទានព្រៃឈើ ។ អត្រាភាពក្រីក្របានធ្លាក់ចុះក្នុងកម្រិត ១% ក្នុងមួយឆ្នាំ ហើយចាប់តាំងពីឆ្នាំ ១៩៩៤ មក យើងសម្រេចបានកំណើនជាមធ្យមជាង ៧% ។

២២. យើងខ្ញុំកំពុងប្រយុទ្ធនឹងឧបសគ្គដ៏ធំមួយ ដែលកំពុងជះឥទ្ធិពលលើការអភិវឌ្ឍប្រកបដោយចីរភាព នោះគឺគ្រាប់មីន និងកាកសំណល់សង្គ្រាម។ យើងបានកំណត់យកការលុបបំបាត់ឧបករណ៍ពេជឃាដទាំងនេះ ជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី ១៨ នៃប្រទេសកម្ពុជា ដូចដែលយើងបានកំណត់នៅក្នុងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។

២៣. ក្នុងស្ថានភាពដ៏ឈឺចាប់ ប្រទេសយើងខ្ញុំទទួលបាននូវបទពិសោធន៍គួរឲ្យកត់សម្គាល់នៅក្នុងវិស័យបោសសំអាតមីន ហើយចាប់តាំងពីឆ្នាំ ២០០៦ មក យើងខ្ញុំបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយបញ្ជូនកងដោះមីនជាច្រើន។ យើងមានកំលាំងទ័ពជិត ៩០០នាក់ ទាំងបុរស និងស្រ្តីដែលក្នុងនោះរួមមានកងដោះមីន កងវិស្វកម្ម គ្រូពេទ្យ និងអាវុធហត្ថ កំពុងធ្វើប្រតិបត្តិការនៅប្រទេសលីបង់ ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ និងស៊ូដង់ខាងត្បូង ។

២៤. ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា រដ្ឋាភិបាលរបស់ខ្ញុំ បានបញ្ចប់រួចហើយនូវនីតិវិធីក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាម្សិលម៉ិញនេះ ។

២៥. យើងបានស្គាល់រសជាតិនៃភាពភ័យខ្លាចតក់ស្លុតកម្រិតខ្ពស់បំផុតដែលបង្កឡើងដោយសង្គ្រាម ។ យើងស្គាល់ច្បាស់ជាងនរណាទាំងអស់ពីតម្លៃសន្តិភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ យើងផ្តល់អាទិភាពខ្ពស់ដល់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះទាំងអស់ ទោះបីជាពេលខ្លះ យើងត្រូវប្រឈមមុខនឹងការយល់ច្រឡំយ៉ាងណាក៏ដោយ។

២៦. នៅទីបញ្ចប់ អតីតកាលរបស់យើងដែលពោរពេញដោយទុក្ខវេទនា បានជម្រុញឱ្យយើងចូលរួមជាមួយបណ្តារដ្ឋផ្សេងទៀត ដែលមានឆន្ទៈក្នុងការបង្ការមិនឲ្យមានឧក្រិដ្ឋកម្មប្រល័យលោក។ ក្នុងទិសដៅនេះ យើងបានចាត់តាំងមន្ត្រីបង្គោល ដែលជាអ្នកសម្របសម្រួលថ្នាក់ជាតិនៃបណ្តាញ “R2P” ដែលស្នើឡើងដោយអង្គការសហប្រជាជាតិ ។

២៧. យោងតាមតុល្យការនេះ តើប្រទេសយើងខ្ញុំ សាកសមជាប្រទេសដែលលោកខាងលិចចោទប្រកាន់ ដែរឬទេ ? ខ្ញុំសូមទុកជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី វិនិច្ឆ័យចុះ ។

សូមអរគុណ !