ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • តុលា ២៦, ២០១៨

ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្របែលហ្សីក ថ្វាយសារតាំងជូន ព្រះមហាក្សត្របែល ហ្សីក Philippe Léopold Louis Marie

នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៨ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក បានចូលក្រាបបង្គំគាល់ថ្វាយសារតាំងព្រះអង្គ Philippe Léopold Louis Marie ព្រះមហាក្សត្រនៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក នៅក្នុងព្រះបរមរាជវាំង នាទីក្រុងប្រ៊ុចសែល។

នៅក្នុងឱកាសនៃពិធីថ្វាយសារតាំងនោះ ឯកឧត្តម ណុំ ពិសិដ្ឋ បានថ្លែងនូវអំណរព្រះគុណចំពោះព្រះមហាក្សត្រ Philippe ដែលព្រះអង្គបានទទួលឯកឧត្តម ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងអំឡុងអណត្តិ៣ឆ្នាំនេះ ឯកឧត្តមនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងជាប្រពៃណីដ៏យូរលង់រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រប៊ែលហ្ស៊ិក ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ។

ជាការឆ្លើយតប ព្រះមហាក្សត្រ Philippe បានមានព្រះរាជបន្ទូល អបអរសាទរដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក និងជូនពរអោយឯកឧត្តមឯកអគ្គរាជទូតទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូត នៅទីក្រុងប្រ៊ុចសែល។ ព្រះអង្គមានព្រះរាជបន្ទូលបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនរបស់ប៊ែលហ្ស៊ិកតិចតួចដែលកំពុងធ្វើជំនួញនៅប្រទេសកម្ពុជា។ ដូចនេះវាមានសារៈសំខាន់ណាស់ប្រសិនបើឯកឧត្តមអាចធ្វើការបង្ហាញពីសក្តានុពលវិនិយោគ ឬចែករំលែកព័ត៌មានពីកាលានុវត្តភាពផ្នែកធុរកិច្ចនៅកម្ពុជាដល់សហគមន៍ធុរកិច្ចរបស់ប៊ែលហ្ស៊ិកបាន។ ព្រះអង្គក៏បានលើកឡើងផងដែរពីការរួមចំណែករបស់ប្រទេសប៊ែលហ្ស៊ិក ដល់សកម្មភាពមនុស្សធម៌នៅកម្ពុជា ដែល ក្នុងនោះរួមមានគំរោងបោសសំអាតមីន ជាដើម។

ជាកិច្ចឆ្លើយតប ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឯកអគ្គរាជទូត បានសំដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលប៊ែលហ្ស៊ិកដែលបានផ្តល់ជំនួយដ៏មានតំលៃដល់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ជំនួយផ្នែកបោសសំអាតមីន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

នាពេលបច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ដែលមានអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់ ៧% សម្រាប់ រយះពេល២ទស្សវត្សចុងក្រោយនេះ។ កំណើននេះ ត្រូវបានគាំទ្រដោយវិស័យសំខាន់ៗ៤គឺ៖ ឧស្សាហកម្មវាយនភ័ណ្ឌ សំណង់ កសិកម្ម និងសេវាកម្ម។ ជាមួយអត្រាកំណើននេះ ធ្វើអោយកម្ពុជាអាចឆ្លងផុតពីឋាន:ប្រទេសដែលមានចំណូលទាប នឹងឈានទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប ដែលមានផលិតផលសរុបសម្រាប់មនុស្សម្នាក់ប្រហែល ១៥០០ដុល្លារ និងអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅក្រោម ១០% កាលពីឆ្នាំកន្លងទៅ។ កម្ពុជាមានបំណងសម្រេចឲ្យបាននូវឋានៈប្រទេសចំណូលខ្ពស់កំរិតមធ្យមនៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមឯកអគ្គរាជទូតបានបន្តទៀតថា ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ គឺជាអទិភាពរបស់ឯកឧត្តម ក្នុងអំឡុងពេលបេសកកម្មការទូតនៅទីក្រុងប្រ៊ុចសែល។ ឯកឧត្តមនឹងបំពេញការងារឲ្យបានជិតស្និទ្ធជាមួយនឹងក្រសួងការបរទេស និងអជ្ញាធរពាក់ព័ន្ធនានារបស់ប៊ែលហ្ស៊ិក ដើម្បីសម្រេចឲ្យបាននូវក្របខណ្ឌការងារផ្លូវច្បាប់ ដើម្បីជំរុញវិស័យទាំងពីរនេះអោយដំណើរការទៅមុខ។