ដំណឹង

  • វិច្ឆិកា ៩, ២០១៨

មតិរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើសារលិខិតអបអរសាទររបស់ រដ្ឋមន្រ្តីការបរទេសអាមេរិក ចំពោះទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា

ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយចំពោះសារលិខិតដ៏កក់ក្តៅជាមិត្តភាពរបស់ ឯកឧត្តម ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសនៃការប្រារព្ធខួប
អនុស្សាវរីយ៍ទី៦៥ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាល ដែលខ្ញុំបានបម្រើប្រកបដោយមោទនភាពនោះ ខ្ញុំសូមសំដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម ដែលបានផ្ញើសារជូនពរសព្វសាធុការនេះ។

ដូចក្នុងប្រទេសជាច្រើនក្នុងពិភពលោកដែរ ការប្រារព្ធទិវាឯករាជ្យជាតិប្រចាំឆ្នាំ គឺជាការសំដែងនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដរបស់ប្រជាជន ចំពោះសេរីភាព និងអធិបតេយ្យភាពរបស់ពួកគេ។ ទន្ទឹមនេះ ដូចប្រជាជាតិអាមេរិកដ៏មហិមា ប្រជាជាតិកម្ពុជា ក៏មានមោទនភាពនឹងជ្រោងទង់ឯករាជ្យរបស់ខ្លួនផងដែរ។

ក្នុងពេលជាច្រើនឆ្នាំទៀតតទៅអនាគត ប្រជាជនកម្ពុជា មានបំណងប្រាថ្នានឹងផ្តល់នូវអាទិភាពខ្ពស់បំផុត ក្នុងការពង្រឹងបន្តិចម្តងៗនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន សំដៅធានាឲ្យបាននូវសង្គមមួយដែលមានសន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និងយុត្តិធម៌។

សារលិខិតរបស់ ឯកឧត្តម ប៉ុមភីអូ ផ្តល់ឲ្យយើងទាំងអស់គ្នានូវក្តីសង្ឃឹមសាជាថ្មីថា
សហរដ្ឋអាមេរិក នឹងជួយប្រជាជនកម្ពុជាក្នុងការបោះជំហានទៅមុខទៀត ដោយគិតគូរទៅដល់ និងគោរពចំពោះស្មារតីនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។