ព័ត៌មាន

  • វិច្ឆិកា ១៤, ២០១៨

ស្ថានទូតកម្ពុជាប្រចាំស.ប.បឡាវ បានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥ នៃព្រះរាជាណាចក្រកម្ពុជា

ស្ថានទូតកម្ពុជាប្រចាំស.ប.បឡាវ បានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥ នៃព្រះរាជាណាចក្រកម្ពុជា និងខួបលើកទី ៦២ នៃទំនាក់ទំនងការទូត រវាងព្រះរាជា-ណាចក្រកម្ពុជានិងឡាវ នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។

ឯកឧត្តម Saleumxay KOMMASITH រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាភ្ញៀវកិត្តិយសនៅក្នុងពិធីជប់លៀងនេះ។

មានភ្ញៀវជាង ២០០នាក់ ចូលរួម ក្នុងនោះក៏មានវត្តមាន ឯកឧត្តម Sengnounane Sayalath អនុប្រធានរដ្ឋសភាជាតិឡាវ រដ្ឋមន្ត្រីក្នុងរដ្ឋាភិបាល​ឡាវ ឯកអគ្គរដ្ឋ/រាជទូត មន្រ្តីជាន់ខ្ពស់ និងប្រជាជនកម្ពុជាដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសឡាវ បានចូលរួមពិធីបុណ្យឯករាជ្យជាតិនេះ នៅ Don Chan Palace Hotel នៅទីក្រុងវៀងច័ន្ទ។

នៅក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសឡាវ ឯកឧត្តម ចេង ម៉ានិត បានគូសបញ្ជាក់អំពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបានចាប់តាំងពី ឯករាជ្យភាព ត្រូវបានប្រកាសនៅឆ្នាំ១៩៥៣ ហើយ​ជាពិសេសចាប់តាំងពីការអនុវត្តកំណែទម្រង់ដែលហៅថាយុទ្ធសាស្ត្រត្រីកោណពីឆ្នាំ ១៩៩៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​។ ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីព្រះរាជាណាចក្រដែលហែកហួរដោយសង្រ្គាមទៅព្រះរាជាណាចក្រដែលសុខសន្តិភាពបរិបូរណ៍។ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ ក្នុង  រយៈពេល ២ ទសវត្សរ៍ កន្លងមកនេះ។ ប្រទេសកម្ពុជាបានចាត់ជាចំណាត់ថ្នាក់ប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបដោយក្រុមធនាគារពិភពលោក នៅឆ្នាំ២០១៦។ ប្រទេសកម្ពុជាបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០% នៅឆ្នាំ ២០១៧ ធៀបនឹង ៥០% ក្នុងឆ្នាំ ១៩៩២ និងភាពក្រីក្របំផុតនៅឆ្នាំ ១៩៧៩ ។ សេដ្ឋកិច្ចកម្ពុជាបានរក្សានូវកំណើតខ្លាំង និងព្យាករណ៍ថានឹងទទួលបានប្រហែល ៧% នៅឆ្នាំនេះ និងក្នុងរយៈពេលមធ្យមក្នុងពេលអនាគត។ ប្រទេស      កម្ពុជាមានចក្ខុវិស័យជាប្រទេសដែលមានប្រាក់ចំណូលមធ្យមខ្ពស់នៅត្រឹមឆ្នាំ ២០៣០ ។

នៅក្នុងទំនាក់ទំនងទ្វេភាគី កម្ពុជានិងឡាវ មានទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អនិងសាមគ្គីភាពជាបងប្អូនជាមួយប្រជាជននៃប្រទេសទាំងពីរបានចូលរួមក្នុងការប្រយុទ្ធ ដើម្បីឯករាជ្យជាតិប្រឆាំងនឹងពួកឈ្លានពានបរទេសដូចគ្នា។ ទំនាក់ទំនងដ៏ល្អបែបនេះត្រូវបានបង្កើននិងរីកចំរើនជានិច្ចចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥៦ ។ ទំនាក់​ទំនងទ្វេភាគីត្រូវបានលើកកម្ពស់តាមរយៈការផ្លាស់ប្តូរជាទៀងទាត់នៃដំណើរទស្សនកិច្ចនៅគ្រប់    កម្រិត។ ការផ្លាស់ប្តូរទស្សនកិច្ចនេះបានលើកកម្ពស់និងពង្រឹងការយល់ដឹង ទៅវិញទៅមក ការជឿទុកចិត្ត  កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងពហុ  ភាគីរវាងប្រទេសទាំងពីរ។