News

  • ខែ​មេសា 29, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសិទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី

តាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម “កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅ អាស៊ី (CICA)” ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ទី២៨ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ1ចិន។

កិច្ចប្រជុំ បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីសភាពការណ៍សន្តិសុខដែលប្រែ ប្រួលយ៉ាងស្មុគ្រស្មាញ និងគួរព្រួយបារម្ភនៅតំបន់អាសុីទាំងមូល បណ្តាលមកពីជំលោះ អធិបតេយ្យភាព អំពើភេរវកម្ម ជ្រុលនិយមប្រកបដោយហឹង្សា ការជួញដូរគ្រឿងញៀន ខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត។ អង្គប្រជុំបានសំដែងនូវការឯកភាពខាងទស្សនៈ ស្តីពីភាពចាំបាច់ក្នុងការកសាងនូវបរិដ្ឋានជាប់លាប់មួយ សំរាប់សន្តិភាព និងសន្តិសុខរួម គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ តាមរយៈការពិគ្រោះយោបល់ កិច្ចពិភាក្សា ការចរចា កិច្ចសហប្រតិបត្តិការ និងការអនុវត្តន៍វិធានការកសាងទំនុកចិត្តក្នុងក្របខ័ណ្ឌនានា នៃសន្និសីទ អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

ក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជាអាទិ៍ថា ស៊ីកា (CICA) គឺជាវេទិកាពិភាក្សានយោបាយមួយដ៏ល្អរវាងបណ្តាសមាជិកដោយផ្អែក លើការពិគ្រោះយោបល់ កិច្ចសន្្ទនា កិច្ចសហប្រតិបត្តិការ និងមិនប្រឈមមុខដាក់គ្នា។ យើងគួរតែបន្តអភិវឌ្ឍផ្អែកលើអាណត្តិរបស់ស៊ីកា ដើម្បីដាក់ចេញ និងអនុវត្ត វិធានការ កសាងទំនុកចិត្តច្បាស់លាស់ថែមទៀត ដែលអាចរួមចំណែកដល់ការរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថេរភាព និងសំខាន់បំផុតគឺការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តីបានបន្តទៀតថា ៖ “សន្តិសុខ និង ការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព គឺជាធាតុពីរដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន។ សន្តិភាព និងសន្តិសុខ នឹងជួប ហានិភ័យ ប្រសិនបើគ្មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឹជាការពិតដោយផ្អែក លើបទពិសោធន៍ដែលប្រទេសខ្ញុំបានឆ្លងកាត់បន្ទាប់ពីកិច្ជព្រមព្រៀងសន្តិភាពទីក្រុងបា៉រីស ឆ្នាំ ១៩៩១។ មានសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ កម្ពុជាសំរេចបានកំណើន សេដ្ឌកិច្ចលើសពី៧%ក្នុងរយៈពេលជាងពីរទស្សវត្សកន្លងមកនេះ។ ដូចនេះ យើងគួរសហការ គ្នាបង្កើតការប្រឹងប្រែងរួម និងមានប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈម និងភាពខុសគ្នាដ៏ច្រើន ហើយឆ្លៀតប្រើប្រាស់នូវកលានុវត្តភាពទំាងឡាយដើម្បីកសាងសន្តិភាព”។

ឯកឧត្តមបន្តទៀតថា ៖ “កម្ពុជាសូមស្វាគមន៍ការបង្កើតទំនាក់ទំនងរវាង លេខាធិការ ដ្ឋាន CICA និងអាស៊ាន និងស្វាគមន៍សំណើរបស់ចិនក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ សំរាប់កិច្ចប្រជុំ កំពូលស៊ីកាលើកទី៥ ឆ្នាំ២០១៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស៊ីកាលើកទី៦ ឆ្នាំ ២០២០”។
កិច្ចប្រជុំ បានអនុម័តលើ “សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី” ដែលរួមមានខ្លឹមសារ សំខាន់ៗ គឹ៖
• កិច្ចប្រជុំអះអាងថា ពុំមានប្រទេស រឹក្រុមប្រទេសណាមូយ មានសិទ្ធិអន្តរាគមន៍ ដោយ ផ្ទាល់ រឹដោយប្រយោល ទោះជាក្នុងហេតុផលអ្វីក៏ដោយ ចូលកិច្ចការផ្ទៃក្នុង រឹផ្ទៃក្រៅ របស់ប្រទេសមួយផ្សេងទៀតឡើយ។
• កិច្ចប្រជុំបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមផ្នែកសន្តិសុខនៅអាសីុ និងនៅទីកន្លែងផ្សេងទៀត ដែលបង្ករឡើងដោយការកើនឡើងនូវការគំរាមកំហែង និងអំពើភេរវកម្ម។
• កិច្ចប្រជុំអះអាងជាថ្មី នូវការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការ ប្រឈមឆ្លងដែន ដូចជាឧក្រិដ្ធកម្មមានការចាត់តាំង ការរត់ពន្ធគ្រឿងញៀន ការជួញដូរ មនុស្ស និងឧក្រិដ្ធកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។
• កិច្ចប្រជុំស្វាគមន៍ការបង្កើតសហគមន៍អាស៊ាន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ និង ការខិតខំរបស់អាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីលើកស្ទួយ សន្តិភាព និងសន្តិសុខតំបន់។
• កិច្ចប្រជុំជំរុញការបង្កើតឡើងនូវទំនាក់ទំនងរវាងលេខាធិការដ្ធានរបស់ CICA និង របស់អាស៊ាន។
សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី គឺជាវេទិកាអន្តររដ្ឋាភិ-បាលសំរាប់បង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការជំរុញសន្តិភាព សន្តិសុខ និងស្ថេរភាពនៅអាស៊ី។ សន្និសីទនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និងមានរដ្ឋសមាជិកចំនួន២៦ រដ្ឋសង្កេតការចំនួន៦ និងអង្គការសង្កេតការចំនួន៤។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ធមន្រ្តីក៏បានជួបទ្វេភាគីមួយចំនួន។

នៅក្នុងជំនួបការងារជាមួយលោក វ៉ាង យ៉ានហ្សី (WANG Yanzhi) ប្រធាន និងជា នាយកប្រតិបត្តិ «មូលនិធិវិថីសូត្រ» របស់ចិន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានគូស បញ្ជាក់ពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងក្រប ខ័ណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ វិថីមួយ» របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីតម្រូវការរបស់កម្ពុជាលើផ្នែកគម្រោងហេដ្ឋារចនា សម្ព័ន្ធ ដើម្បីគាំទ្រដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ហើយឯកឧត្តមបានស្នើឲ្យមូល និធិវិថីសូត្រ ជួយជម្រុញវិនិយោគចិនលើគម្រោងទាំងនោះ ។

លោក វ៉ាង យ៉ានហ្សី បានជម្រាបឯកឧត្តមទេសរដ្ឋមន្រ្តីថា អាទិភាពសំខាន់របស់ «មូល និធិវិថីសូត្រ» គឺតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានកម្ពុជាផងដែរ ។ ដូចនេះ មូលនិធិនឹង គាំទ្រដល់គម្រោងនានាក្នុងការតភ្ជាប់នៅកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកប្រធានមូលនិធិ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើ គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេសគឺការកសាងអាកាសយានដ្ឋានថ្មីនៅខេត្ត សៀមរាប ការពង្រីកអាកាសយានដ្ឋាន និងកំពង់ផែនៅខេត្តព្រះសីហនុ ហើយនិងវិនិយោគ របស់ក្រុមហ៊ុនចិនក្នុងផ្នែកផលិតកម្មកសិកម្ម នៅកម្ពុជា ។

ឯកឧត្តមបានជួបជាមួយរដ្ឋមន្រ្តីការបរទេសថៃ ឯកឧត្តម Don Pramudwinai ហើយបានពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និង តំបន់។ ឯកឧត្តមទេសរដ្ឋមន្រ្តីបាន ថ្លែងអំណរគុណ និងទទួលដោយរីករាយចំពោះសេចក្តីអញ្ជើញរបស់ ឯកឧត្តម Don Pramudwinai បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ។

ឯកឧត្តមក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេស ទួរគី ឯកឧត្តម Mevlut Cavusoglu ហើយបានពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងបេក្្ខភាពរបស់ទួរគី ជាដៃគូសន្ទនា តាមផ្នែករបស់អាស៊ាន។ រដ្ធមន្រ្តីការបរទេសទួរគី បានអញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តី បំពេញ ទស្សនកិច្ចផ្លូវការនៅទួរគី ក្នុងពេលវេលាសមស្របរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី។