News

  • ខែ​មេសា 12, 2016

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតអោយលោកជំទាវ ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង

នៅព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតអោយលោកជំទាវ ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះលោកជំទាវឯកអគ្គរដ្ឋទូត បានពាំនាំនូវការអបអរសាទររបស់ឯកឧត្តម Wang Yi រដ្ឋមន្រ្តីការបរទេសចិនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងក្នុងមុខតំណែងថ្មីជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយនិងបញ្ហាតំបន់និងបញ្ហាអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការតៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជា-ណាចក្រកម្ពុជា ក្នុងពេលអនាគតខាងមុខនេះ។

លោកជំទាវឯកអគ្គរដ្ឋទូតចិន បានជំរាបឯកឧត្តមទេសរដ្ឋមន្រ្តីអំពីការសំរេច នាពេលថ្មីៗនេះរបស់រដ្ឋាភិបាលចិន បន្តបើកបង្ហូរទឹកពីទនប់វារីអគ្កសនីជីនហុង ខេត្តយូណាន ចូលមកទន្លេមេគង្គ ក្រោម ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៦ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់សម្ដេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដោះស្រាយដល់ភាពរាំងស្ងួត ដែលកើតមាននាពេលបច្ចុប្បន្ននៅកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសមេគង្គក្រោមផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញ ពីការវាយតម្លៃខ្ពស់របស់កម្ពុជា ក៏ដូចជារបស់បណ្ដាប្រទេសមេគង្គ ចំពោះការសំរេចរបស់រដ្ឋាភិបាលចិនកន្លងមក ដែលបានបញ្ចេញទឹកបញ្ចូលក្នុងទន្លេមេគង្គចំនួនពីរលើករួចមកហើយ ដើម្បីជួយដល់ភាពរាំងស្ងួតដែលកើតមានៅតាមបណ្ដាប្រទេសទន្លេមេគង្គក្រោម ដោយការបញ្ចេញលើកទី១ នៅខែ មករា-កុម្ភៈ លើកទី២ នៅថ្ងៃទី១៥ ខែមីនា-១០ ខែ មេសា ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការអញ្ជើញរបស់រដ្ឋាភិបាលចិន ចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អោយអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរបស់សន្និសីទស្ដីពី «អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី» ដែលគ្រោងនឹងប្រារព្ធធ្វើ នៅទីក្រុងប៉េកាំងប្រទេសចិន នាចុងខែមេសា ឆ្នាំ ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានឆ្លើយតបទទួលយកការអញ្ជើញរបស់ភាគីចិន ហើយបានបញ្ជាក់ថា ឯកឧត្តមនឹងដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាផងដែរ អំពីការត្រៀមរៀបចំទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងនោះគឺមានគម្រោងការយាងទៅបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងគម្រោងទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសចិននៅក្នុងឆ្នាំ ២០១៦នេះ។

ក្នុងទំនាក់ទំនងទ្វេភាគីនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ ចំពោះការជួយឧបត្ថម្ភ របស់ភាគីចិនចំពោះកម្ពុជានៅលើគ្រប់វិស័យ ជាពិសេស អំពីការជួយឧបត្ថម្ភដ៏សំខាន់របស់ចិន ក្នុងសកម្មភាពមីននៅកម្ពុជា និងការជួយគាំទ្រដល់មជ្ឈមណ្ដលសកម្មភាពមីនតំបន់អាស៊ាន ដែលមានទីស្នាក់ការនៅកម្ពុជា។

នៅក្នុងក្របខណ្ឌ័នៃទំនាក់ទំនងរវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសចិន ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្ដល់អាហារូបករណ៍ដល់មន្រ្តីក្រសួងការបរទេសរយៈពេលខ្លី ដោយឯកឧត្តមចាត់ទុកថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺមានសារៈសំខាន់ណាស់ចំពោះក្រសួងការបរទេស ក្នុងការបំពេញភារកិច្ចបច្ចុប្បន្ននេះ។2

3

1